


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសកាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ថាមិនអនុញ្ញាតឲ្យមានការលក់សំបុត្រចូលទស្សនាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នោះទេ។
សម្តេចតេជោ ហ៊ុន សែន ទទួលព័ត៌មានពី សម្តេចពិជ័យសេនា ទៀ បាញ់ ថាមានការលក់សំបុត្រសម្រាប់ទស្សនាព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម នាពេលខាងមុខ។ សម្តេចតេជោ បានអះអាងថា កម្ពុជាបានចំណាយប្រាក់ រាប់ទាំងមូលដ្ឋានសម្ភារៈបច្ចេកទេស ក៏ដូចជាជំនួយពីមិត្តចិន សម្រាប់ការកសាងនូវមូលដ្ឋាននៃការប្រកួត ព្រមទាំងចំណាយនូវធនធានជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត រាប់រយលានដុល្លារ និងចំណាយជាច្រើនឆ្នាំ ទម្រាំកើតចេញជារូបរាងនៃការប្រកួត។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការផ្សព្វផ្សាយពីការលក់សំបុត្រ និងតម្លៃសំបុត្រ ចូលទស្សនាការប្រកួតកីឡាស៊ីហ្គេម នៅលើវេបសាយផ្នែកកីឡានាពេលថ្មីៗនេះ គឺ «មិនមានការឯកភាពយល់ព្រមពីសម្តេច ទៀ បាញ់» ដែលទទួលបន្ទុករៀបចំការប្រកួតស៊ីហ្គេម ហើយក៏ «មិនមានការឯកភាពយល់ព្រមពីសម្តេច ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជាឡើយ»។
អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៖
ក្នុងសារសម្លេងដដែល សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ៣ចំណុច៖
១.មិនឱ្យមានការលក់សំបុត្រ ទាំងការចូលបើក និងពិធីបិទការប្រកួតស៊ីហ្គេម។
២.បើកឱ្យមហាជន ចូលទស្សនាដោយសេរី ដោយគ្មានការបង់ប្រាក់ និងទី
៣.ចំពោះរាល់ការប្រកួតតាមវិញ្ញាសានានា ក៏មិនត្រូវបង់ថ្លៃនោះឡើយ។«យើងបានធ្វើកិច្ចការងារច្រើនហើយ។ ដូច្នេះសូមអ្នកទាំងអស់គ្នា យកចិត្តទុកដាក់។ «ធ្វើបុណ្យ ១០០សំពៅ ទោស១ ចូលទៅ រលាយបាត់អស់»។ សូមចាំពាក្យនេះ។ យើងចាយលុយរាប់រយលានដុល្លារ សម្រាប់រៀបចំការប្រកួតស៊ីហ្គេមនេះ តើយើងប្រមូលលុយ តាមរយៈការលក់សំបុត្រឱ្យជនជាតិឯង ដែលត្រូវចូលទស្សនានេះ របៀបម៉េចទៅ? ហើយតើបានប៉ុន្មានទៅ? បើអ្នកទាំងអស់គ្នា ចង់បានលុយ សូមមកយកពីខ្ញុំ។ ខ្ញុំទទួលខុសត្រូវ»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានព្រមានថា សម្រាប់ក្រុមណាមួយ ផ្នែកណា ដែលអនុវត្តផ្ទុយនឹងបទបញ្ជារបស់សម្តេច នឹងត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី និងចំពោះមុខច្បាប់ទៀតផង។
ទន្ទឹមនឹងនោះផងដែរ សម្តេចតេជោ ក៏បានសម្តែងការហួសចិត្ត និងមិននឹកស្មានដល់ ថា មន្ត្រីរបស់យើងមួយចំនួន ខ្វះការគិតគូរយកចិត្តទុកដាក់លើបញ្ហានេះ។ នេះជាការស្តីបន្ទោសលើកដំបូងរបស់សម្តេច តាំងពីការរៀបចំស៊ីហ្គេម។
ខណ: សម្តេច ប្រកាសថា សម្តេចនឹងខិតខំរកមុខអ្នកលក់សំបុត្រស៊ីហ្គេមនេះ មិនមែនជាការលេងសើចទេ តែនេះជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ចំពោះមុខប្រជាជន ដែលយើងបានចំណាយពេលរង់ចាំអស់ពេល ៤៤ឆ្នាំ និងរង់ចាំយ៉ាងច្រើន ដើម្បីធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេមដ៏អស្ចារ្យមួយនេះ៕





