សិល្បៈជាតិ៖ ភាពយន្តខ្នាតធំដែលបានផលិតដោយក្រុមហ៊ុន Paramount ដែលមានចំណងជើងថា « Dungeons & Dragons: Honor Among Thieves » ត្រូវបានចាក់សម្ពោធការចាក់បញ្ចាំងជាផ្លូវការនៅក្នុង Hall IMAX នៃរោងភាពយន្ត Major Cineplex by Smart Aeon Mall Sen Sok កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣នេះ។

ភាពយន្ត Dungeons & Dragons: Honor Among Thieves គឺបានដកស្រង់ចេញពីហ្គេមដ៏ល្បីល្បាញ ជំនាន់ទសវត្សន៍ឆ្នាំ៩០ និងចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត Major Cineplex by Smart ចាប់ពីថ្ងៃទី 30 ខែ មីនា 2023 តទៅ ។

សូមជម្រាបថា D&D ជាភាពយន្តផ្សងព្រេងអភិនិហាបែបស្រមើស្រមៃ លាយឡំដោយឈុតឆាកការប្រយុទ្ធ ដែលសាច់រឿងនេះដកស្រង់ចេញពីហ្គេមដ៏ល្បីល្បាញជំនាន់ឆ្នាំ៩០។ D&D រៀបរាប់ពីចោរដ៏មានមន្តស្នេហ៍ និងគ្នីគ្នារបស់គេដែលគ្មានអ្នកណាដូច បានចាប់ផ្តើមភារកិច្ចធ្វើដំណើរផ្សងព្រេង ដើម្បីស្វែងរកវត្ថុបុរាណដែលបាត់បង់ ប៉ុន្តែរឿងរ៉ាវកាន់តែគ្រោះថ្នាក់ នៅពេលដែលពួកគេបានជួបជាមួយមនុស្សមិនគួរជួប។

ពីមួយឈុតទៅមួយឈុត រឿងនេះកាន់តែប្រទាក់ប្រឡា និងកាន់តែជក់ចិត្តដិតអារម្មណ៍អ្នកទស្សនា ពិសេសសមត្ថភាពសម្តែងរបស់តារាហូលីវូដល្បីៗក្នុងរឿងនេះ រួមមាន Chris Pine, Michelle Rodriguez, Regejean Page, Justice Smith, Sophia Lillis និងតារាល្បីៗជាច្រើនរូបទៀត។ ដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់ ពោរពេញដោយឈុតឆាកប្រយុទ្ធបែបសិល្ប៍សាស្ត្រ និងភាពកំប្លុកកំប្លែង ធ្វើឱ្យអ្នកទស្សនារឹតតែញាប់ញ័រ ជាមួយសាច់រឿងនេះ។

រឹតតែពិសេស រឿងនេះចាក់បញ្ចាំងក្នុងសាល IMAX អេក្រង់យក្សដែលឧបករណ៍បំពងសំឡេងខ្លាំង ធ្វើឲ្យអ្នកទស្សនារឹតជក់ចិត្តខ្លាំងឡើង។ តំណាងរោងភាពយន្ត Major Cineplex by Smart សាខា Aeon 2 រំពឹងថា រឿង «Dungeons & Dragons: Honor Among Thieves» នឹងទទួលបានការគាំទ្រខ្លាំងពីអ្នកទស្សនានៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺយុវវ័យ។

ដើម្បីទទួលយកបទពិសោធន៍សាច់រឿងថ្មីប្លែក ទស្សនិកជនទាំងអស់គ្នាអាចទៅទិញសំបុត្រនៅគ្រប់រោងភាពយន្ត ក៏ដូចជាសាខារោងភាពយន្ត Major ក៏ដូចជាធ្វើការកក់សំបុត្រទស្សនាតាម Mobile App «MajorKh» បានចាប់ពីថ្ងៃនេះតទៅ។

Share.