


យ៉ាងហោចណាស់មានគម្រោងផលិតថាមពលអគ្គិសនីចំនួន៦កន្លែងទៀតកំពុងត្រៀមលេចវត្តមាននៅកម្ពុជា។ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ ឯកសារស្ដីពីគម្រោងទាំង៦ ត្រូវបានដាក់ជារបៀបវារៈឆ្លងការសម្រេចក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
បើតាមរបៀបវារៈនៃកិច្ចប្រជុំ គម្រោងផលិតថាមពលអគ្គិសនីនោះ មានពីរគម្រោង ជាគម្រោងវារីអគ្គិសនី គឺ គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងឫស្សីជុំកណ្តាលអានុភាព៧០មេហ្គាវ៉ាត់ ស្ថិតនៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង។



ចំណែកគម្រោង៤ទៀត គឺគម្រោងផលិតថាមពលពីព្រះអាទិត្យ គឺគម្រោងវិនិយោគស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព១៥០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់, អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង, អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តស្វាយរៀង និងអានុភាព ៨០មេហ្គាវ៉ាត់ ខេត្តព្រៃវែង។
សូមបញ្ជាក់ថាការផ្គត់ផ្គង់អគ្គិសនីរបស់បណ្ដាញជាតិបានកើនឡើងពី ៨៦,៨៥% នៃចំនួនភូមិទូទាំងប្រទេសនៅឆ្នាំ ២០១៨ ដល់ ៩៨,២៧% នៃចំនួនភូមិទូទាំងប្រទេសនៅឆ្នាំ ២០២២។ នេះបើតាមក្រសួងរ៉ែ និងថាមពល។ រាជរដ្ឋាភិបាលបានដាក់គោលដៅ៤ជាទិភាព ក្នុងនោះក៏មានអគ្គិសនីដែរ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក៕





