ព្រះពន្លានៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គលលើទឹកដីខេត្តកំពង់ធំ បានលេចចេញជារូបរាងនៅវាលព្រះស្រែ ក្នុងបរិវេណកីឡដ្ឋាន ភូមិរូង ឃុំកំពង់ឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំហើយ។ នៅឆ្នាំ២០២៣នេះ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នឹងប្រារព្ធឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះពិធីបុណ្យច្រត់ព្រះនង្គ័ល បានខកខានប្រារព្ធរយៈពេល៣ឆ្នាំហើយ គឺនៅឆ្នាំ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លចុងក្រោយ បានប្រារព្ធឡើងនៅឆ្នាំ២០១៩ ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ នៅទឹកដីខេត្តតាកែវ។ ខេត្តកំពង់ធំដែលត្រូវប្រារព្ធព្រះរាជពិធីនេះឡើងវិញ គឺជាខេត្តដែលមានភូមិសាស្រ្តចំចំណុចកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចចៅហ្វាវាំង គង់ សំអុល បានដឹកនាំកិច្ចប្រជុំជាបន្តបន្ទាប់ និងបានផ្តល់នូវអនុសាសន៍ពាក់ព័ន្ធនឹងការរៀបចំផ្លូវចូលទៅកាន់ទីតាំង សម្រាប់​ប្រារព្ធព្រះរាជពិធី ការរៀបចំសាងសង់ព្រះពន្លាជ័យ ការរៀបចំតម្កល់តាំង​នៅស្តង់​ពិព័រណ៍ ផលិតផលកសិកម្មរបស់ក្រសួងពាក់ព័ន្ធ មន្ទីរ ស្រុក ក្រោមឱវាទរបស់ខេត្តកំពង់ធំ  ការកាត់បន្ថយស្តង់ពិព័រណ៍ពី៥១ស្តង់ មកត្រឹម ៣៣ស្តង់, និងការងារសន្តិសុខសណ្តាប់​ធ្នាប់ជាដើម។

ឆ្នាំ២០២៣នេះ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នឹងប្រារព្ធឡើងនៅថ្ងៃទី៨ ខែឧសភា។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លមានតាំងពី​បុរាណនៅក្នុងទំនៀមទម្លាប់ខ្មែរ។ ពិធីនេះតែងប្រារព្ធឡើងនៅថ្ងៃ ៤រោច ខែពិសាខ​ ជារៀងរាល់ឆ្នាំ ចំណែកនៅក្នុងគម្ពីរបាលីហៅថា វប្បមង្គល មានន័យថា មង្គលសាបព្រោះបណ្ដុះដាំ ដែលជាព្រះរាជពិធីសំខាន់មួយក្នុងចំណោមព្រះរាជពិធីសំខាន់ៗប្រចាំឆ្នាំ។

អត្ថន័យនៃព្រះរាជពិធីនេះ ត្រូវបានអ្នកជំនាញវប្បធម៌ខ្មែរលើកឡើងថា ច្រត់ព្រះនង្គ័ល ជាមង្គលចម្រើននៃការសាបព្រោះបណ្ដុះដាំក្នុងរដូវភ្លៀងរបស់ប្រជាជន​ ដែលមានព្រះមហាក្សត្រជានិមិត្តរូបយកព្រះទ័យទុកដាក់ដល់ការបង្កបង្កើនផលដំណាំ។ ទ្រង់តែងបួងសួងសុំទឹកភ្លៀង សុំសេក្តីសុខសន្តិភាព កុំឱ្យមានរោគ និងបង្ហាញពីព្រហ្មវិហារធម៌ និងទសពិធរាជធម៌ទៅដល់ប្រជារាស្រ្តទូទាំងប្រទេស និងការផ្សងគោឧសភរាជ៕

Share.