មន្រ្តីរដ្ឋាភិបាលក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៥នាក់ បានស្លាប់ និង ១៦នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីបានធ្លាក់ចូលក្នុងអណ្ដូងជម្រៅ ១២ម៉ែត្រ នៅភាគកណ្ដាលប្រទេស ឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃ សុក្រ ទី ៣១ ខែ មីនា ឆ្នាំ ២០២៣។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលដែលអ្នកកាន់សាសនានៅប្រទេស ឥណ្ឌា បានប្រមូលផ្ដុំគ្នានៅព្រះវិហារមួយកន្លែងក្នុងទីក្រុង Indore នៃរដ្ឋ Madhya Pradesh ដើម្បីប្រារព្ធពិធីបុណ្យហិណ្ឌូ Ram Navami កាលពីថ្ងៃ ព្រហស្បតិ៍។

មន្រ្តីរដ្ឋាភិបាលកំពូលក្នុងតំបន់មួយរូប បានប្រាប់ទីភ្នាក់ងារ Reuters ថា «យើងបានជួយសង្រ្គោះមនុស្សចំនួន ១៨នាក់ ខណៈមនុស្ស ៣៥នាក់ទៀត ត្រូវបានរកឃើញថា ស្លាប់ និង មនុស្សចំនួន ១៦នាក់ទៀតបានរងរបួស»។

ទាក់ទិននឹងបញ្ហានេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ទាហានយ៉ាងហោចណាស់ ៧៥នាក់ និង ក្រុមជួយសង្រ្គោះបានបើកប្រតិបត្តិការស្វែងរក និង ជួយសង្រ្គោះ រយៈពេលពេញមួយថ្ងៃ ដើម្បីបូមទឹកចេញពីអណ្ដូង និង យកកំទេចកំទីដែលបាក់សង្កត់ ដោយប្រើខ្សែពួរ និង ជណ្ដើរដើម្បីទាញយកមនុស្សដែលធ្លាក់ចូលទៅក្នុងអណ្ដូងនេះ។

ក្រុមជួយសង្រ្គោះបានឲ្យដឹងថា ចំពោះមូលហេតុនៃការធ្លាក់ចូលទៅក្នុងអណ្ដូង គឺមកពីមនុស្សជាច្រើនបានឈរនៅលើផ្ទាំងបេតុងដែលយកទៅគ្របអណ្ដូង ទើបបណ្ដាលឲ្យវាបាក់ស្រុតដោយសារតែផ្ទុកលើសទម្ងន់។

ទន្ទឹមនោះ នាយរដ្ឋមន្រ្តីឥណ្ឌា បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសាររងគ្រោះ ហើយបានប្រកាសផ្ដល់សំណងជាទឹកប្រាក់ចំនួន ២សែនរូពី សម្រាប់ពួកគេផងដេរ។

កាសែត Time Of India បានរាយការណ៍ថា អាជ្ញាធរក្រុងកាលពីខែ មករា បានបញ្ជឲ្យម្ចាស់ព្រះវិហាររុះរើគម្របអណ្ដូងនេះចេញ ព្រោះវាជាសំណង់មិនមានសុវត្ថិភាព និង គ្មានការអនុញ្ញាត ប៉ុន្ដែម្ចាស់ព្រះវិហារមិនអើពើនឹងការព្រមាននេះទេ។

សូមជម្រាបថា ការដួលរលំអគារជារឿងធម្មតានៅក្នុងប្រទេស ឥណ្ឌា ដោយសារតែការសាងសង់មិនត្រឹមត្រូវតាមស្ដង់ដា និង មិនគោរពច្បាប់សំណង់ជាដើម។ កាលពីខែតុលា ស្ពានព្យួរខ្សែកាប ដែលមានអាយុកាល ១សតវត្សរ៍ បានបាក់ចូលទៅក្នុងទន្លេមួយនៅភាគខាងលិចនៃរដ្ឋ Gujarat ដោយបណ្ដាលឲ្យមនុស្សរាប់រយនាក់ធ្លាក់ចូលទៅក្នុងទឹក និង បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣២នាក់ នៅក្នុងឧបទ្ទវហេតុដ៏អាក្រក់បំផុតមួយនៅក្នុងប្រទេសនេះកន្លងមក៕

ប្រភព៖ Aljazeera

Share.