នាងខ្ញុំជាអ្នកតាមដានសារព័ត៌មានត្រយងម្នាក់។ នាងខ្ញុំសូមបញ្ចេញមតិបន្តិច និងសូមអរគុណជាមុន ចំពោះសារព័ត៌មានត្រយងដែលនាងខ្ញុំសង្ឃឹមថានឹងជួយចុះផ្សាយអត្ថបទនេះដើម្បីរួមគ្នាកែលម្អរសង្គម។ នាងខ្ញុំបានតាមដានករណីផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញមុខប្រតិកម្មវាយបកទៅនឹងការចុះផ្សាយលើផេកហ្វេសប៊ុកឈ្មោះ ចាងហ្វាង វីអេ ញូស ធីវី ដែលនាងខ្ញុំមិនដែលលឺឈ្មោះសូម្បីម្ដង។

ក្នុងនាមជាពលរដ្ឋម្នាក់ នាងខ្ញុំសូមអរគុណសមត្ថកិច្ចដែលខិតខំធ្វើសកម្មភាពគ្រប់មធ្យោបាយដើម្បីឈានទៅបង្ក្រាបបទល្មើស ឬជម្រះមន្ទិលសង្ស័យផ្សេងៗពាក់ព័ន្ធបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។ ប៉ុន្តែក្នុងនាមជានិស្សិតច្បាប់ម្នាក់ នាងខ្ញុំក៏សូមជូនយោបល់មួយចំនួនដែរ ដែលនាងខ្ញុំគិតថាវាមានចំនុចខ្លះ សមត្ថកិច្ចយើង ឬអង្គភាពរដ្ឋ គួរចេះទទួលស្គាល់កំហុស និងសូមទោសសាធារណជនផង។

នាងខ្ញុំយល់ឃើញថា ក្នុងនាមជាសមត្ថកិច្ច ជាការពិតហើយមន្រ្តីនគរបាលអាចប្រើឯកសណ្ឋានស៊ីវិល ឬមិនពាក់កាតនគរបាលបង្ហាញគេក៏បានដែរក្នុងពេលប្រតិបត្តិការ ប៉ុន្តែករណីនេះ សម្រាប់តែការអនុវត្តដីការ ឬការបង្ក្រាបបទល្មើសជាក់ស្ដែងណាមួយប៉ុណ្ណោះ ហើយទីបំផុតក៏ត្រូវតែបង្ហាញអត្តសញ្ញាណខ្លួនដែរ។ ប្រសិនបើសមត្ថកិច្ចស្ថិតក្នុងស្ថានភាពដូចករណីកើតឡើង ហើយថែមទាំងជិះម៉ូតូមិនពាក់មួក មិនមានកញ្ចក់មើលក្រោយផង តើនរណាគេសុខចិត្តឱ្យឃាត់ខ្លួន បើមើលមួយភ្លែតស្មានតែចោរក៏មិនដឹង។ កុំភ្លេចថានៅភ្នំពេញមានករណីចោរប្លន់ លួច និងឆក់ជាហូរហែរ។

នាងខ្ញុំយល់ថាបើសមត្ថកិច្ចយើង គាត់ចង់ឃាត់ដំណើរគេដើម្បីសួរនាំទោះក្រោមគោលដៅអ្វីក៏ដោយ ក៏គួរតែអាចធ្វើបានដែរ ប៉ុន្តែគួរតែជានគរបាលចរាចរណ៍ ដែលអនុវត្តច្បាប់ចរាចរណ៍ស្រាប់ ហើយដែលជាទូទៅគាត់អាចឃាត់អ្នកល្មើសបានដោយគ្មានដីការ ឧទាហរណ៍ក្នុងករណីមានអ្នកដំណើរណាម្នាក់ជិះម៉ូតគ្មានស្លាកលេខដូចករណីខាងលើ។ និយាយបែនេះ ខ្ញុំក៏មិនគាំទ្រដែរ អ្នកជិះម៉ូតគ្មានស្លាកលេខ ព្រោះអ្នកនេះមិនគោរពច្បាប់ ហើយក៏អាចជាចោរលួចម៉ូតូគេផងមិនដឹង។ យ៉ាងណាក៏ដោយ តាមខ្លឹមសារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ដែរអំពីការ សូមទោស ប៉ុន្តែនាងខ្ញុំយល់ថាមិនដឹងករណីនេះ នគរបាលជាអ្នកសូមទោស ឬក៏ពលរដ្ឋជាអ្នកសូមទោសនោះទេ។ បងប្អូនអាចចូលទៅមើលលើផេកស្នងការបាន។

នាងខ្ញុំក៏ជូនយោបល់ដែរថាលើកក្រោយៗ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឬសមត្ថកិច្ចណាមួយចំណុះស្នងការដ្ឋាន ឬមន្រ្តីក្នុងមុខងារសាធារណៈណាមួយទាំងថ្នាក់ជាតិ និងក្រោមជាតិ គួរតែចេះប្រើពាក្យពេចន៍សូមទោស និងទទួលស្គាល់កំហុសខ្លួន ឬអង្គភាពខ្លះផង ក្នុងករណីដែលមន្រ្តីក្រោមឱវាទ ឬខ្លួន ឬអង្គភាពអនុវត្តការងារមានកំហុសឆ្គង។ តួយ៉ាង ក្នុងខ្លឹមសារបង្ហោះប្រតិកម្មនោះ ស្នងការដ្ឋាននគរបាលរាជធានី ហាក់មិនបាននិយាយពាក្យអ្វីមួយឃ្លាសោះ ចំពោះមន្រ្តីខ្លួនដែលប្រើប្រាស់ម៉ូតូគ្មានមួកសុវត្ថិភាព គ្មានកញ្ចក់ដាក់មើលក្រោយ។

សម្រាប់នាងខ្ញុំ នាងខ្ញុំយល់ថាពាក្យសូមទោសមួយម៉ាត់ហាក់ដូចមិនលំបាកសោះ ព្រោះយើងធ្វើការបម្រើពលរដ្ឋទេតើ! បើបម្រើអ្នកឯងហើយ ធ្វើខុសតិចតួចខ្ញុំសូមទោសអ្នកឯងទៀត តើរកឯណាបាន។ ចំណុចនេះ គេនឹងមិនបង្អាប់យើងទេ ប៉ុន្តែគេមានតែកោតសរសើរការទទួលខុសត្រូវរបស់យើងទៅវិញទេ។ ប៉ុន្តែបើយើងនៅតែបណ្ដោយៗ ឃើញខុសមិនថា មានបញ្ហារឹងមាត់ រឹងដៃ មិនចេះសរសេរ មិនចេះនិយាយសូមទោស នាងខ្ញុំគិតថាវប្បធម៌នេះនឹងធ្វើឱ្យមន្រ្តីខ្លួនឯងទំលាប់ថា«អញមិនចេះខុស ហើយខុសអញមិនសូមទោស ធ្វើអីអញកើត»ជាក់ជាពុំខាន។

នាងខ្ញុំសូមបញ្ជាក់ថា នាងខ្ញុំមិនកាន់ជើងក្រុមអ្នកកាសែតខូចទេ នាងខ្ញុំក៏ស្អប់ណាស់អ្នកកាសែតដែលរំខានពលរដ្ឋ និងរំខានមន្រ្តីធ្វើការបម្រើពលរដ្ឋ។ ប៉ុន្តែ ទន្ទឹមនឹងសរសេររិះគន់គេជាអ្នកកាសែតគ្មានវិជ្ជាជីវៈឬនរណាមួយ ស្នងការដ្ឋាន ឧទាហរណ៍ដែលបានប្រើពាក្យចុងក្រោយថា«កុំអាងខ្លួនជាអ្នកសារព័ត៌មាន បែរជាមកបើកបរល្មើសច្បាប់ ឬបើកបរម៉ូតូគ្មានស្លាកលេខនៅតាមដងផ្លូវ»នោះ នាងខ្ញុំយល់ថាខ្លឹមសារនេះក៏មានន័យស្ដីបន្ទោសឱ្យខ្លួនឯងជាសមត្ថកិច្ចដែរ ពោលគឺកុំអាងខ្លួនជានគរបាល ចង់ចុះធ្វើការជិះម៉ូតូគ្មានពាក់មួកសុវត្ថិភាពក៏បាន គ្មានកញ្ចក់មលលក្រោយក៏បាន។

សរុបមក ចុះបើខ្លួនឯងលេងតែរបៀបៗនេះ តើទៅអប់រំនរណាកើត ទៅធ្វើជាគម្រូពលរដ្ឋឯណាកើត? ចុះបើភ្ជាប់នឹងការរិះគន់គេជាអ្នកសែតនោះ ស្នងការដ្ឋានយើង ឆ្លៀតប្រើពាក្យទទួលស្គាល់កំហុសចំពោះមន្រ្តីខ្លួនមួយឃ្ លាឬពីរឃ្លារទៅវាមានការលំបាកណាស់ ឬយ៉ាងណា? នាងខ្ញុំសង្ឃឹមថាខ្លឹមសារអត្ថបទនេះ នឹងបានកែលម្អរបញ្ហាទាំងឡាយដូចបានលើកឡើង និងសូមអភ័យទោសបើមានការខុសឆ្គង។

បញ្ជាក់ នាងខ្ញុំមិនហ៊ានខំមេនចូលផេកស្នងការទេ ព្រោះខ្លាចខ្លឹមសារដែលនាងខ្ញុំបញ្ចេញមតិជួយសង្គមនេះ បែរជាត្រូវបានជនអានាមិកណាមួយក៏មិនដឹងចូលលុប ឬប្លុកនាងខ្ញុំ ធ្វើឱ្យខានតាមដានព័ត៌មានល្អៗផ្សេងទៀតដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសម្រេចបាន ក្នុងការងារបម្រើប្រទេសជាតិ និងប្រជាជន។

ពីនាងខ្ញុំ និស្សិតឆ្នាំទី៤ សាលាRULE។

Share.