ជនសង្ស័យ ដែលបានសម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ នៅក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញដែលមហាជនកំពុងតែចង់ដឹងនោះ នៅពេលនេះសមត្ថកិច្ចបានវែកមុខរកឃើញ និងចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះអុន ភាម៉ុន ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ មុនពេលកើតហេតុជនសង្ស័យ និងកុមារារងគ្រោះ (ត្រូវជាបងថ្លៃជីដូនមួយ) ជិះម៉ូតូម៉ាក MSX ពណ៌ស ផ្លាកលេខភ្នំពេញ ១FJ-៨៣៨៤ ឌុបគ្នាចេញពីវត្តជ្រោយអំពិលទៅញាំប្រហិត ពេលជិះតាមផ្លូវកុមារារងគ្រោះយកដៃវាយក្បាលជនសង្ស័យលេង រួចជនសង្ស័យប្រាប់ថាកុំវាយព្រោះត្រណម រួចក៏ជិះទៅមុខទៀត កុមារារងគ្រោះវាយក្បាលជនសង្ស័យលេងម្តងទៀត ធ្វើឲ្យជនសង្ស័យខឹងក៏រៀបគម្រោង យកកុមារារងគ្រោះសម្លាប់ចោល។

គេបានកុហកកុមារារងគ្រោះថា ចុះទៅដកក្រអៅឈូកហូប រួចជិះចូលក្នុងដីឡូត៍ (ចំណុចកើតហេតុ) ជនសង្ស័យយកដៃវាយកុមារារងគ្រោះមួយដៃចំថ្គាមខាងស្តាំ និងវាយចំមុខមួយដៃទៀតដួលផ្កាប់លើដីមានទឹកតិចៗបណ្តាលឲ្យស្លាប់ រួចជនសង្ស័យជិះម៉ូតូគេចខ្លួនត្រលប់ទៅ ផ្ទះវិញ។

រហូតដល់ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២១ ម៉ោង១១ និង៣០នាទី ប្រជាពលរដ្ឋឃើញប្រទះឃើញសាកសពកុមារារងគ្រោះនៅចំណុចកើតហេតុខាងលើ ក៏រាយការណ៍ប្រាប់ សមត្ថកិច្ច បន្ទាប់មកក្រុមសមត្ថកិច្ចជំនាញបានចុះ មកត្រួតពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពឃើញស្នាមរហែកសន្ទះអញ្ចាញ ធ្មេញខាងមុខ និងបាក់ធ្មេញខាងក្រោមទាំងសងខាង (ម្ខាង២)។

លុះដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី សមត្ថកិច្ច ខណ្ឌច្បារអំពៅ សហការណ៍ជាមួយកម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនស្ស័យ រួមនិងម៉ូតូ ០១ គ្រឿងម៉ាកខាងលើ, មួកការពារ ពណ៌ខ្មៅ០១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ប្រភព៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share.