ខេត្តកណ្តាល៖ ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ឆ្នាំ២០២៣ ពេលនេះបានរកឃើញក្រុមជើងខ្លាំងទាំងពីរ ក្រុមហើយ ដែលនឹងត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

ឆ្លងកាត់ការប្រកួតវគ្គ៤ក្រុម ចុងក្រោយយ៉ាងស្វឹតស្វាញ ក្រុមបាល់ទាត់តំណាងស្រុក និងក្រុងទាំង៤ របស់ខេត្តកណ្តាល បានប្រជែងគ្នានៅលីទីលានវាលស្មៅ នៅកីឡដ្ឋានខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះបានរកឃើញក្រុមចំនួន២ គឺស្រុកពញាឮ និងរដ្ឋបាលខេត្តកណ្តាល នឹងកាន់ដៃគ្នាឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់អភិបាលខេត្តកណ្ដាល ឆ្នាំ២០២៣។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ៖
ស្រុកពញាឮ ១-០ ស្រុកល្វាឯម នៅកីឡដ្ឋានខេត្តកណ្តាល
រដ្ឋបាលខេត្ត ១-០ ស្រុកមុខកំពូល នៅកីឡដ្ឋានខេត្តកណ្តាល

សូមបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នៅកីឡដ្ឋានខេត្តកណ្តាល ចាប់ពីម៉ោង ១៣.៤៥ នាទីរសៀលតទៅ។

គួរឲ្យដឹងថា ពានរង្វាន់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បង្តើតឡើងដំបូងនៅឆ្នាំ២០២២ ហើយក្រុមបាល់ទាត់ TN Kandal គឺជាក្រុមដែលបានគ្រងជើងឯកឆ្នាំដំបូង ក្រោយពីបានយកឈ្នះលើក្រុមបាល់ទាត់យុវជនស្រុកមុខកំពូល ដោយលទ្ធផល ៣-១ ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ៕

Share.