ជម្រាបសួរសាព័ត៌មានត្រយង! ខ្ញុំបាទជានិស្សិតផង និងជាអ្នកធ្វើការងារផង សូមឱ្យសារព័ត៌មានត្រយងជួយចុះផ្សាយ និងសម្រួលខ្លឹមសារបន្ថែមបើមានកំហុសឆ្គង។ ខ្ញុំសូមបញ្ចេញយោបល់បន្តិច ពាក់ព័ន្ធនឹងតម្លៃឆ្លងស្រឡាង ទៅមក កោះពេជ្រ-កោះនរា និងរឿងសង់ស្ពានហាក់យឺតចម្លែក។

ខ្ញុំឆ្លងស្រឡាងនេះស្ទើរតែរាប់រយលើកហើយ ទើបតែនៅសប្ដាហ៍នេះទេ ដែលខ្ញុំជិះបណ្ដើរក៏គិតបណ្ដើរ បន្ទាប់ពីខ្ញុំបានឆ្លងស្រឡាងដែរ ពីអរិយក្សត្រមកភ្នំពេញកាលពីសប្ដាហ៍មុន។ ខ្ញុំឆ្ងល់ថាហេតុអ្វីបានតម្លៃឆ្លងទៅមករវាងកោះពេជ្រ-កោះនរា បែរជាដូចគ្នានឹងតម្លៃឆ្លងទៅមករវាងភ្នំពេញ-អរិយក្សត្រ?

ហេតុអ្វីបានជាខ្ញុំឆ្ងល់ដូច្នេះ? ពីព្រោះបើធៀបនឹងរយៈពេលធ្វើដំណើរ និងចំងាយរវាងកំពង់ចម្លងទាំងពីរ គឺខុសគ្នាមិនតិចជាង១០ដងទេ។ ដូច្នេះតម្លៃឆ្លងទៅមករវាងកោះពេជ្រ-កោះនរាដែលឆ្លងម្ដងប្រើពេលប្រហែល៣នាទីនោះ គួរតែបញ្ចុះតម្លៃយ៉ាងហោចក៏ណាស់បានពាក់កណ្ដាលដែរ ធៀបនឹងតម្លៃភ្នំពេញ-អរិយក្សត្រ។

បើខ្ញុំនិយាយខុស សូមបងប្អូនពិចារណាមើលលេងៗទៅ! ថ្នាក់ដឹកនាំសាលារាជធានី និងថ្នាក់ដឹកនាំមន្ទីរសាធារណៈការ និងដឹកជញ្ជូន ដែលបើកប្រាក់ពីរដ្ឋ ក៏គួរតែចេះពិចារណាបញ្ហានេះជំនួសពលរដ្ឋផង។ ពិតហើយក្រុមហ៊ុនស្រឡាងក៏បានជួយសម្រាលបញ្ហាយើង តែវាគួរតែមានសច្ចធម៌ខ្លះផង។

មួយទៀត ខ្ញុំក៏ឆ្ងល់ដែរថាក្រុមហ៊ុន សង់ស្ពានក្បែរកំពង់ចម្លងកោះពេជ្រ-កោះនរានោះ ម៉េចក៏ដូចជាយូរម្លេះ? ខ្ញុំស្រាវជ្រាវទៅ ឃើញថាស្ពាននេះបើកការដ្ឋានសាងសង់នៅខែតុលា ឆ្នាំ២០២០។

ឈប់និយាយរឿងស្ពាន! ចូលរឿងតម្លៃឆ្លងស្រឡាងវិញ! ខ្ញុំស្នើសុំថ្នាក់ដឹកនាំ ពិសេសអភិបាលរាជធានីភ្នំពេញ លោកពូ ឃួង ស្រេង សូមជួយពិភាក្សាជាមួយក្រុមហ៊ុនស្រឡាងឱ្យបញ្ចុះតម្លៃបានទេ? ម្យ៉ាងជិតចូលឆ្នាំ ពលរដ្ឋគាត់ត្រូវឆ្លងទៅមកតាមនេះច្រើនដែរ ម្យ៉ាងក៏ជិតបោះឆ្នោត។

សូមអរគុណសារព័ត៌មានត្រយង!

Share.