នេះ​គឺ​ជា​មោទកភាព​មួយ​ទៀត​ សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​​បច្ចុប្បន្ន​ បទ​ចម្រៀង​ និង​ តារា​ចម្រៀង​កម្ពុជា​ជា​ច្រើន​រូប​ កំពុង​ល្បីល្បាញ​ មាន​ប្រជាជន​ថៃ​ចាប់​អារម្មណ៍​ច្រើន​ យ៉ាង​ណា​មិញ​បុគ្គល​ល្បី​ចុង​ក្រោយ​ដែល​កំពុង​តែ​ឆក់​បាន​បេះដូង​អ្នក​គាំទ្រ​ជនជាតិ​ថៃ​ រហូត​ធ្វើ​ឱ្យ​មាន​សារព័ត៌មាន​ថៃ​ចាប់​អារម្មណ៍​យក​ទៅ​ចុះ​ផ្សាយ​នោះ​ គឺ​​អ្នក​អង្គ​ម្ចាស់​តូច​ នរោត្តម​ ជេនណា តាម​រយៈ​ការ​ច្រៀង​ Cover ​បទ​​ «Koo Gud» របស់​តារា​ចម្រៀង​ល្បី​របស់​ថៃ​ Bird Thongchai

សូម​ចុច​អាន​ ព្រះ​នាង​ម្ចាស់​តូច​ នរោត្តម​ ជេនណា កាត់​សក់​​ម៉ូដ​ខ្លី ​យ៉ាង​ស្អាត​ ព្រោះ​តែ​​ច្រៀង​បទ​​ចម្រៀង​ថៃ​លាយ​ចិន​!

បទ​ចម្រៀង​ Cover ថ្មី​ «Koo Gud» ដែល​ព្រះ​នាង​ម្ចាស់​យក​មក​បកស្រាយ​ថ្មី​នោះ​ បាន​ច្នៃ​ច្រៀង​ជា​ពីរ​ភាសា​បាន​យ៉ាង​ពីរោះ​ គួរ​ជា​ទី​ស្ដាប់ រហូត​ជនជាតិ​ថៃ​ជា​ច្រើន​រូប​បាន​ធ្វើ​ Reaction កោត​សរសើរ​ព្រះនាង​ម្ចាស់​ ដែល​អាច​បកស្រាយ​បទ​ចម្រៀង​ទាំង​ភាសាថៃ​ និង ភាសាចិន​ បាន​យ៉ាង​ល្អ​ ពិសេស​កាយវិការ​ រស់រវើក​ គួរ​ឱ្យ​ស្រលាញ់​ របស់​ទ្រង់​បាន​ឆក់​យក​បេះដូង​ជនជាតិ​ថៃ​យ៉ាង​ច្រើន​ឱ្យ​ក្លាយ​ជា​អ្នក​គាំទ្រ​ព្រះ​នាង​តូច​។

សារព័ត៌មាន​ Sanook បាន​ចុះ​ផ្សាយ​ថា​ ព្រះនាង​ម្ចាស់​តូច​ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ទី​ ១១ ខែ​មីនា​ ឆ្នាំ​ ២០១៣ នៅ​ទីក្រុង​ប៉ារីស​ ​ជា​ព្រះ​បុត្រី​របស់​ ព្រះអង្គម្ចាស់​ បុប្ផារី មាន​ព្រះប​ិតា​ជា​ជនជាតិ​បារាំង​ ព្រះ​អង្គ​ជា​ព្រះនត្តា​ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស និង​ជា​ព្រះ​រាជ​នត្តា​ទួត​ របស់​ព្រះ​បរម​រតនកោដ្ឋ​ នរោត្តម​ សីហនុ​ ទ្រង់​មាន​ឋានៈ​ជា​ «ព្រះអង្គ​ម្ចាស់​» ដោយ​ជនជាតិ​ខ្មែរ​ស្គាល់​និង​ហៅ​ទ្រង់​ «ព្រះនាងម្ចាស់​តូច​»

ព្រះនាង​ម្ចាស់​តូច​ ជេនណា និង​គ្រួសារ​បាន​ត្រលប់​មក​រស់​នៅ​ប្រទេស​កម្ពុជា​ កាល​ពី​ឆ្នាំ​២០១៥ នៅ​ពេល​ទ្រង់​មាន​ព្រះជន្ម​ ៣​ព្រះវស្សា​។ ទ្រង់​ ជេនណា មាន​ព្រះសមត្ថភាព​ត្រាស់​បាន​៥​ ភាសាគឺ ភាសាខ្មែរ (ភាសាកំណើត) ភាសាអង់គ្លេស​ ភាសា​បារាំង​ ភាសាចិន និង​ ភាសាថៃ​។ ទ្រង់​បាន​ចូល​ប្រឡូក​ក្នុង​រង្វង់​សិល្បៈ​កាល​ពី​ឆ្នាំ​២០១៨​ តាម​រយៈ​ការ​សម្ដែង​ មុន​នឹង​បង្ហាញ​ជំនាញ​ផ្នែក​ចម្រៀង​ និង​ ដើរ​ម៉ូដ​។

ថ្មី​ៗ​នេះ​ ព្រះ​នាង​ម្ចាស់​បាន​បញ្ចេញ​បទ​ចម្រៀង​ Cover «Koo Gud» ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ទាំង​​អ្នក​គាំទ្រ​ជនជាតិ​កម្ពុជា និង​អ្នក​គាំទ្រ​ជនជាតិ​ថៃ​។ ពិសេស​នៅ​ក្នុង​ថ្ងៃ​នេះ​ ព្រះ​នាង​បាន​បន្ត​ចេញ​បទ​ចម្រៀង​ថៃ​មួយ​បទ​ទៀត​ដែល​ជា​បទ​ល្បីល្បាញ​របបស់​ថៃ​គឺ​បទ​ «ช้ำคือเรา» របស់​តារា​ចម្រៀង​ជើង​ចាស់​ Nittaya Bunsungnoen

ទស្សនា​បទ​ ««ช้ำคือเรา»» ដោយ​ព្រះ​នាង​ម្ចាស់​តូច​ នរោត្តម​ ជេនណា​ ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.