តារា​សម្ដែង​មាន​ដើម​កំណើត​នៅ​ខេត្ត កោះកុង​ លោក​ យក់​ ឆេងហាក់​ បាន​ដាក់​ក្ដី​រំពឹង​ខ្ពស់​ខ្លាំង​លើ​ភាពយន្ត​ភាគ​ «នារី​មុខ​ឈើ» ដែល​នឹង​បញ្ចាំង​នៅ​លើ​ស្ថានីយទូរទស្សន៍​ហង្សមាស​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ ព្រោះ​តួ​អង្គ​ដែល​លោក​សម្ដែង​មាន​លក្ខណៈ​​ខុស​ប្លែក​ ពី​រឿង​មុនៗ​ដែល​លោក​ធ្លាប់​សម្ដែង​ ពិសេស​លោក​មាន​​ជំនឿ​ចិត្ត​ថា​តួអង្គ​រូប​នេះ​នឹង​ធ្វើ​ឱ្យ​ទស្សនិកជន​ផ្លាស់ប្ដូរ​ការ​គិត​ថ្មី​មក​លើ​ថែម​ទៀត​ផង​។

បុរស​ខ្ពស់​សង្ហា​ ពេញ​ដោយ​សមត្ថភាព​ យក់ ឆេងហាក់​ ដែល​បាន​ស្ងប់​ស្ងាត់​មួយ​រយៈ​ធំ​ពី​បណ្ដាញ​សង្គម​ ​ដោយ​សារ​តែ​លោក​​​ចង់​រស់​នៅ​ក្នុង​ជីវភាព​មួយ​ស្ងប់ស្ងាត់​ បាន​ត្រលប់​មក​មាន​សកម្មភាព​នៅ​លើ​បណ្ដាញ​សង្គម​ឡើង​វិញ​ ខណៈ​ដែល​ភាពយន្តភាគ​ដែល​លោក​សម្ដែង​ត្រៀម​នឹង​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ធំល្បី​និង​ឈាន​មុខ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

មាន​ឱកាស​បាន​ជួប​សម្ភាសន៍​ លោក​ យក់ ឆេងហាក់​ តាម​ប្រព័ន្ធ​អនឡាញ​ ពាក់ព័ន្ធ​នឹង​រឿង​ថ្មី​ដែល​លោក​សម្ដែង​ បន្ទាប់​ពី​លោក​ត្រលប់​មក​ Active លើ​ Social Media វិញ​ លោក​បាន​ឆ្លើយ​តប​ថា​៖

«ចំពោះ​រឿង​កញ្ញា​មុខ​ឈើ​នេះ​​ ទស្សនិកជន​​ច្បាស់​ជា​បាន​មើលឃើញអ្វីប្លែកពីខ្ញុំ ​ហើយ​ទស្សនិកជននឹងឈប់ជេរ ​ព្រោះ​តួអង្គ​ថ្មី​នេះ​ខុស​ពី​តួ​អង្គ​ដែល​លោក​ធ្លាប់​សម្ដែង ​កន្លង​មក​​តួ​ដែល​ខ្ញុំ​ធ្លាប់​​សម្ដែង​ច្រើន​តែ​ជា​កូន​អ្នក​មាន ចរិត​ឈ្លើយ​ ជា​ព្រាន​នារី​ មានចិត្ត​សាវ៉ា តួ​អង្គ​កុហក​​ ប៉ុន្តែ​សម្រាប់​រឿង​ថ្មី​នេះ​ខ្ញុំ​ដើរ​តួ​ជា​បង​របស់​គេ​ដែល​មើល​ថែរក្សា​ប្អូន​​ៗ​ ខ្ញុំ​ស្ដី​ថា​ឱ្យ​ប្អូន​ៗ​ ដើម្បី​ចង់​ពួក​គាត់​ល្អ​ ម្យ៉ាង​វិញ​ទៀត​សម្រាប់​រឿង​នេះ​ ការ​ថត​តួ​របស់​ខ្ញុំ​មាន​ការ​លំបាក​ច្រើន​ ព្រោះ​ត្រូវ​ទៅ​ថត​ដល់​ខេត្ត​មណ្ឌលគិរី​ ថត​​ក្នុង​ព្រៃ​ស្រល់​ ថត​ទាំង​កណ្ដាល​អធា្រត្រ អាកាស​ធាត់​ត្រជាក់​ខ្លាំង ថែម​ក្នុង​រឿង​នេះ​ឈុត​គ្រោះ​ថ្ន​ាក់​ដូចជា​ ឈុតវាយតប់​ ឈុត​ធ្លាក់​ពី​លើ​ដើម​ឈើ ឈុត​សត្វ​ដេញ​​ជា​ដើម​»។

​លោក​ យក់ ឆេងហាក់ ក៏​បាន​បង្ហាញ​ទស្សន​ៈ​សុទិដ្ឋិនិយម​ចំពោះ​តួ​អង្គ​ថ្មី​ដែល​លោក​សម្ដែង​ដែរ​ថា ប្រសិន​បើ​រឿង​នេះ​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍លោក​ជឿ​ថា​៖​

«ខ្ញុំ​ជឿ​ថា​តួ​អង្គ​ថ្មី​នឹង​ធ្វើ​ឱ្យ​ទស្សនិកជន​ទាំង​ងស់​ប្ដូរ​ការ​​គិត​មក​លើ​លោក​ ហើយ​នឹង​ឈប់​យល់​ថា​លោក​ជា​មនុស្ស​កុហក​ ​មនុស្ស​បោក​ប្រាស់​ ឬ​អាច​និយាយ​ម្យ៉ាង​ទៀត​បាន​ថា​ គ្រប់​គ្នា​នឹង​លែង​គិត​ថា​លោក​ស័ក្តិសម​នឹង​សម្ដែង​តែ​​តួអង្គ​អាក្រក់​បោកប្រាស់​គេ​​ជាក់ជា​ម​ិន​ខាន​»។

គួរ​ដឹង​ដែរ​ថា​រឿង​ «កញ្ញា​មុខ​ឈើ​» ក្រៅ​ពី​លោក​ យក់​ ឆេងហាក់ ក៏​មាន​តារា​សម្ដែង​ប្រុស​ស្រី​វ័យ​ក្មេង​ពីរ​រូប​ទៀត​ដែរ​ ក្នុង​នោះ​ក៏​មាន​បុរស​សង្ហា លោក ទ្រី ដារ៉ាវុធ និង​ ស្រីស្អាត កញ្ញា​ ស៊ឹម​ ស្រីនិច ​ចូលរួម​សម្ដែង​ជា​តួឯក​ប្រុស​ស្រី​ផង​ដែរ៕​

Telegram-Troryorng
Share.