សហព័ន្ធ​កីឡា​បាល់ទាត់​វៀតណាម ​បាន​ត្រៀម​ខ្លួន​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការណ៍​​ជាមួយ​សហព័ន្ធ​កីឡា​បាល់ទាត់​អាហ្សង់ទីន ដើម្បី​ផ្ដោត​លើ​ការ​ហ្វឹកហាត់​របស់​កីឡាករ,អាជ្ញាកណ្ដាល និង​កម្មវិធី​ផ្តល់​កីឡាករ​អាហ្សង់ទីន​ មក​ប្រកប​អាជីព​នៅ​ប្រទេស​វៀតណាម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Claudio Tapia ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាហ្សង់ទីន។

ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​ខាង​លើ​បាន​បញ្ជាក់​ជា​មួយ​លោក Duong Quoc Thanh ស្ថានទូត​វៀតណាម ក្នុង​ប្រទេស​អាហ្សង់ទីន កាល​ពី​ថ្ងៃ​ទី១៥ ខែ​ មីនា ឆ្នាំ​២០២១ ក្នុង​ពិធី​សម្ពោធ​វិទ្យាស្ថាន​បាល់ទាត់ AFA’s Football Technology Institute (FTI)។ លោក​​Claudio Tapia បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​​អញ្ជើញ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​បាល់ទាត់​វៀតណាម​ទៅ​កាន់​ប្រទេស​អាហ្សង់ទីន ដើម្បី​​ចុះ​កិច្ចព្រមព្រៀង​​សហប្រតិបត្តិការ​ជាមួយ​គ្នា ខណៈ​លោក​ក៏​មាន​បំណង​ចង់​ធ្វើដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សារព័ត៌មាន​ក្នុង​ស្រុក​របស់​វៀតណាម។

ចំណែក FTI នឹង​អភិវឌ្ឍន៍​​គុណភាព​របស់​ការ​​​បង្រៀន​និង​បង្ហាត់​បាល់ទាត់​​នៅ​ក្នុង​សាលា​ ក៏​ដូចជា​ក្លិប​អាជីព​តាម​អនឡាញ​និង​ក្នុង​វគ្គ​បណ្តុះបណ្តាល​​ដោយ​គ្រូ​បង្វឹក ឬ​អ្នក​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាហ្សង់ទីន។ យ៉ាងណាក្តី​លោក Claudio Tapia មាន​បំណង​ចង់​យក​គំរូ​នេះ​ទៅ​កាន់​​សាលា​រៀន​​ក្នុង​ប្រទេស​វៀតណាម ផង​ដែរ៕

Share.