សិល្បៈជាតិ៖ ថ្មីៗនេះគេបានឃើញអ្នកគាំទ្ររបស់តារាសម្ដែង ព្រះកាយច័ន្ទ បានបង្ហោះសារវែកញែកអំពីងារ អ្នកសិល្បៈ ដោយពួកគេសង្កេតឃើញសព្វថ្ងៃនេះ សូម្បីតែអ្នកលក់ឡេ អ្នកមានលុយមានអំណាច និងអ្នកលេងបណ្ដាញសង្គមគេស្គាល់ច្រើន ក៏ត្រូវបានគេហៅឈ្មោះជាអ្នកសិល្បៈយ៉ាងផុយ ដូចគ្នាក្របខណ្ឌច្បាស់លាស់។

ទំព័រហ្វេសប៊ុក PreshKay Chan fans បានបង្ហោះសារនៅថ្ងៃទី ២៥ មេសា នេះថា ៖ «លក់ឡេសុខៗ មានឈ្មោះជាអ្នកសិល្បៈ មានលុយ មានអំណាច ក្លាយជាអ្នកសិល្បៈ ល្បីគេស្គាល់ច្រើន ដោយអាជីពផ្សេង បានក្លាយជាអ្នកសិល្បៈ ខ្ញុំមិនហាមឃាត់ទេ មនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធិប្រកបអាជីពជាអ្នកសិល្បៈ បានមិនថាខ្លួនធ្លាប់ជាអ្វីនោះទេ តែ សូមគិតថាសិល្បៈជាអាជីព ជាមុខរបរ ជាជំនាញ ដូច្នេះ មិនមែនឱ្យតែមានដុង ស្រឡាញ់តែមួយខ្យល់ៗ អាចចូលសិល្បៈបាននោះទេ។ អ្នកសិល្បៈត្រូវការពេលហាត់រៀនមានក្បួនខ្នាត មានវិជ្ជាជីវៈរាប់ឆ្នាំ ទម្រាំគេ មានឈ្មោះជាអ្នកសិល្បៈ។ ចង់យក influencers ល្បីៗ ឬអ្នកផ្សេងមកថត មកសម្តែងក៏យកចុះ តែសូមកុំដាក់ងារគាត់ជាអ្នកសិល្បៈអី អាណិតអ្នកសិល្បៈពិតប្រាកដផង។ សិល្បៈមិនមែនជារបរថោកទាបទេ កុំមកមើលងាយ»។

ប្រភពដដែលនេះបានបន្តថា ៖ «ខ្ញុំលើកឧទាហរណ៌ដូចជានៅប្រទេស កូរ៉េ ដែលមានក្រុមតារាល្បីៗជាច្រើន ល្បីពាសពេញពិភពលោក តែគេខំប៉ុណ្ណា? គេហាត់រៀនប៉ុន្មានឆ្នាំ ? គេមានក្រឹត្យក្រមអ្វីខ្លះ មុនបង្កើតជាក្រុមមួយ? គេយល់ពីវប្បធម៌ប្រទេសគេប៉ុណ្ណា? ដោយឡែកស្រុកខ្ញុំ ឱ្យតែសម្រស់ពេញចិត្តគេ ទោះគ្មានសមត្ថភាពក៏ធ្វើអ្នកសិល្បៈបាន ទាំងល្ងិតល្ងង់ មិនដែលហាត់រៀន គ្មានគ្រូ គ្មាននិស្ស័យ គ្មានការយល់ដឹងពីសិល្បៈ តួសម្តែងខ្លះមិនយល់ផងថា”នាដកម្ម”ជាអ្វី? ទាត់ក្បាលអ្នកមានជំនាញចោល យកតែមនុស្សល្ងង់ បានតែស្អាតសំបកក្រៅមកសម្តែង។ បើនិយាយពីរឿងបុរាណវិញ ចង់តួខុសក្បួនខ្នាតមេចក៏ថាល្អដែរ ហើយតែយកលេសថា គ្នាអ្នកសម័យ គ្នាមេចដឹង គ្នាអ្នកដើរម៉ូត គ្នាជាបវរកញ្ញាគ្នាមេចដឹង? ខ្ញុំសួរវិញ ចុះសិស្សដែលគេរៀនផ្នែកនាដសាស្រ្តមេចមិនយកគេមកសម្តែង? ក្រែងគេចេះសព្វគ្រប់អស់តើ »។

អ្នកគាំទ្ររបស់តារាសម្ដែង ព្រះកាយច័ន្ទ បានបន្តឡើងទៀតថា ៖ «ខ្ញុំសង្វេគអ្នកបុរាណខ្ញុំនិយាយមែន សិល្បៈតំណាងជាតិ សម្តែងចប់បាន អស់ហើយ $20… តែហាត់ចង់ងាប់។ សិល្បករបុរាណនៅប្រទេសជិតខាង សុទ្ធតែមានអង្គរក្សឆ្វេងស្តាំ។ កូរ៉េ គេមាន K-pop ចុះយើង??? ស្នាដៃរបាំតម្លើងថ្មីៗ មានដែលទៅមើលអត់? តិចថាអ្នករបាំបុរាណ អត់គំនិតឆ្នៃប្រឌិតអីចុះ។ បើអ្នកដឹកនាំរឿងខ្លះសម្តីម៉ាបេន អ្នករបាំចេះតែរាំហ្នឹង…នែ ខ្ញុំប្រាប់អ្នកឯងឱ្យដឹង អ្នករបាំ គេចេះទាំងរាំ គេចេះទាំងច្រៀង គេចេះទាំងសម្តែង គេចេះទាំងនិពន្ធ គេចេះទាំងដឹកសម្តែង គេចេះទាំងតម្លើងស្នាដៃ គេចេះទាំងឆ្នៃឈុត គេចេះទាំងរបៀបស្លៀកពាក់ គេចេះពីការផាត់មុខ …. បើអ្នករបាំបុរាណមិនអស្ចារ្យទេ មិនមែនគេចុះក្នុងបញ្ជីបេតិកភណ្ឌទេ កុំភ្លើពេក (អឹស សុំឈ្លើយបន្តិចចុះ)»។

យ៉ាងណាមិញ ហ្វេសប៊ុកផេកដដែលនេះបានលើកឡើងចុងក្រោយថា ៖ «ជាចុងក្រោយ សូមយល់ឱ្យច្បាស់ពីអ្នកសិល្បៈ មិនមែនឱ្យតែអ្នកល្បីសុទ្ធតែជាអ្នកសិល្បៈទេ។ អ! នៅមានទៀត ពេលខ្លះរាងខ្នាញ់ អ្នកដឹកនាំកម្មវិធីធំៗថ្នាក់ជាតិមួយចំនួនដែរ អ្នកលក់អនឡាញ influencers ក៏គាត់ប្រកាស់ថាអ្នកសិល្បៈដែរ បានឈប់និយាយ»។

ទស្សនៈនេះបានធ្វើឱ្យអ្នកលេបណ្ដាញសង្គមពេញចិត្តស្ដូក ដោយគ្រប់គ្នា Comment គាំទ្រ ១០០ ភាគរយ និងស្នើឱ្យស្ថាប័នពាក់ព័ន្ធពិនិត្យលើបញ្ហានេះផង។ ចុះអ្នកវិញយល់យ៉ាងណាដែរ?

Share.