កីឡាករឆ្នើមប្រចាំក្លិបបានទាត់វិសាខា កែវ សុខផេង បាន​សម្រេច​ព្យួរ​ស្បែក​ជើង​ពីអាជីព​លើស​មរភូមិ​វាល​ស្មៅ​ទាំង​បង្ខំ ដោយសារមាន​របួស​រាំរ៉ៃ​មិនអាចបន្ដការប្រកួតប្រជែងទៀតបាន ក៏ដូច​ជា​ការ​ចង់​ផ្ដល់​ឱកាសឲ្យសិស្ស​ប្អូនជំនាន់​ក្រោយ​បានបង្ហាញសមត្ថភាព និងជួយក្លិបផងដែរ។

ក្រោយ​ពេល​ប្រកាស​ពីការ​ចូល​និវត្តន៍​របស់ កែវ សុខផេង រួចមក ​អាវ​លេខ ១០​នៅវិសាខា នៅ​មិន​ទាន់​ច្បាស់​ថា នឹង​ត្រូវ​ឱ្យ​កីឡាករ​រូប​ណា​ពាក់​បន្ត​នោះ​ទេ ខណៈ​ក្រុមគ្រង​តំណែង​ជើង​ឯក​ពាន​រង្វាន់​សម្ដេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ៣សម័យមួយ​​នេះ ​ប្រកាស​ថា​ត្រូវទុក​អាវ​លេខ​១០នេះ ឲ្យទំនេរ ៣រដូវកាល។​​​ នេះ​បើ​យោង​តាម​ថ្នាក់​ដឹក​នាំ​របស់​ក្លិប​បាល់ទាត់​វិសាខា បានបង្ហើមនៅថ្ងៃពិធីជួបជុំក្រុម​មុនចូល​និវត្តន៍ កាល​ពីពេល​ថ្មីៗនេះ។

ការ​ទុក​អាវ​លេខ១០ អោយ​ទំនេរ​នេះ​ត្រូវ​បាន​ក្លិប​ចាត់ទុក​ថា​ជា​ការ​​តបស្នង​សង​​គុណ​ដល់​ការ​ប្រឹងប្រែង​របស់​ កែវ សុខផេង កន្លង​មក​លើ​វិថី​បាល់ទាត់មួយ​ក្លិប​​​បាល់ទាត់​វិសាខា។

កីឡាករ កែវ សុខផេង កើតនៅថ្ងៃទី ៣ ខែមិនា ឆ្នាំ១៩៩២ នៅភូមិរការកណ្ដាល សង្កាត់​រការ​កណ្ដា​ល ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន សុខផេង កំពុងលេងអោយក្លឹប វិសាខា ហើយ​ក៏ជា​កីឡាករ​ជម្រើស​ជាតិផងដែរ។ ជាប្អូនប្រុសបង្កើតរបស់កីឡាករ កែវ សុខង៉ន ដែល​ក៏​ជា​អតីត​កីឡា​ក​រជ​ម្រើស​ជាតិ។

គួរបញ្ជាក់ថា កែវ សុខផេង បានផ្ទេរមកចូលរួមជាមួយក្លិបកីឡាបាល់ទាត់ វិសាខា កាលពីថ្ងៃទី៣០ ខែ​ឧសភា ឆ្នាំ២០១៨ ដែលគិតមកទល់ពេលនេះ គឺមានរយៈពេល ១,៧៧១ថ្ងៃ ដោយ​បាន​រួម​ចំ​ណែក​ជួយ​ក្រុមយ៉ាងច្រើន ទាំងការប្រកួតក្របខណ្ឌថ្នាក់ជាតិ និងអន្ដរជាតិ ជាពិសេស​គឺការ​រួម​ចំ​ណែ​ក​ជួយក្រុមបើកទំព័រប្រវត្តិសាស្ដ្រ គ្រង​តំណែង​ជើង​ឯក​ពាន​រង្វាន់​សម្ដេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ៣សម័យកាលជាប់គ្នានៅឆ្នាំ២០២០, ២០២១ និងចុងក្រោយក្នុងឆ្នាំ២០២២៕

Share.