ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីតាលី បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ UEFA EURO ជា​លើក​ទី៤​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ខ្លួន ក្រោយ​បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​រំលង​អាធ្រាត្រ​ថ្ងៃ​ពុធ នេះ​លើ​ទីលាន​កីឡដ្ឋាន Wembley Stadium ក្នុង​ប្រទេស​អង់គ្លេស ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ជាង​៥ម៉ឺន​នាក់។

ក្រុម​អ៊ីតាលី បាន​​យក​ឈ្នះ​លើ​ក្រុម​អេស្ប៉ាញ ដោយ​បាល់​ប៉េណាំងទី​កាត់​សេចក្តី ៤ទល់២ ក្រោយ​ប្រកួត​គ្នា​ពេញ​ម៉ោង​បញ្ចប់​ទៅ​ដោយ​លទ្ធផល ១ទល់១។ ប្រកួត​នេះ​កាត់​សេចក្តី​ដោយ​លោក​អាជ្ញាកណ្ដាល​ Felix Brych ជនជាតិ​អាល្លឺម៉ង់។

កន្លង​មក​អ៊ីតាល ធ្លាប់​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ចំនួន​៣លើក​មក​ហើយ តែ​ឈ្នះ​ជើង​ឯក​បាន​១លើក គឺ​នៅ​ឆ្នាំ​១៩៦៨ បន្ទាប់​ពី​ឈ្នះ​ក្រុម​យូហ្គោស្លាវី។ ចំណែក​២លើក​ទៀត​បាន​បរាជ័យ ពោល​គឺ​ចាញ់​បារាំង វគ្គ​ផ្ដាច់ព្រ័ត្រ ២ទល់១ នៅ​ឆ្នាំ​២០០០ និង​ចាញ់​អេស្ប៉ាញ ៤ទល់០ នៅ​ឆ្នាំ​២០១២។

សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​នេះ​វិញ នៅ​រង់ចាំ​លទ្ធផល​អ្នក​ឈ្នះ​រវាង​ជម្រើស​ជាតិ​អង់គ្លេស ជាមួយ​ដាណឺម៉ាក នៅ​វេលា​ម៉ោង​២រំលងអាធ្រាត្រ​ចូល​ថ្ងៃ​ព្រហស្បតិ៍ លើ​ទីលាន​កីឡដ្ឋាន Wembley Stadium ដូចគ្នា។

គិត​ត្រឹម​ពេល​នេះ​​បញ្ជី​អ្នក​ទាត់​បាល់​បញ្ជូល​ទី​បាន​ច្រើន​គ្រាប់​ជាង​គេ​គឺ​កីឡាករ Cristiano Ronaldo របស់​ព័រទុយហ្គាល់ និង​កីឡាករ Patrik Schick របស់​សាធារណរដ្ឋ​ឆែក រក​បាន​ម្នាក់​​៥គ្រាប់ បើ​ទោះ​ជា​ក្រុម​បាន​អស់​ឱកាស​ឡើង​មក​វគ្គ​បន្ត​ហើយ​ក្ដី។

ពានរង្វាន់​នេះ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៦០ ស្រប​ពេល​ក្រុម​អេស្ប៉ាញ និង​អេស្ប៉ាញ ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​រហូត​៣ដង​ម្នាក់ ខណៈ​ក្រុម​ព័រទុយហ្គាល់ ជា​ក្រុម​​ជើង​ឯក​ឆ្នាំ​ចាស់៕

Telegram-Troryorng
Share.