ទីបំផុត​ក្រុម​ជម្រើសជាតិ​អង់គ្លេស ដណ្តើម​បាន​កៅអី​ឡើង​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA EURO 2021 ក្រោយ​យក​ឈ្នះ​លើ​ក្រុម​ដាណឺម៉ាក នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយ​លទ្ធផល ២ទល់១ (ម៉ោង​បន្ថែម) នៅ​យប់​​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ នេះ។

«សារព័ត៌មាន​ត្រយង» សូម​លើក​​ពី​ចំណុច​៥​ជុំ​វិញ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ឆ្នាំ​នេះ៖

១) ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ជាលើក​ដំបូង​តាំង​ពី​ពាន​បង្កើត​ជាង​៦០​ឆ្នាំ​មក
ពានរង្វាន់ UEFA EURO បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​១៩៦០ ដោយ​រៀបចំ​រាល់​៤ឆ្នាំ​ម្ដង ខណៈ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ទទួល​បាន​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​ក្រុម​​​នេះ​ធ្លាប់​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ម្ដង​ក្នុង​ឆ្នាំ​១៩៩៦ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ តែ​ត្រូវ​ចាញ់​ក្រុម​អាល្លឺម៉ង់ ដោយ​បាល់​ប៉េណាំង​ទី​កាត់សេចក្តី​៦ទល់៥ ក្រោយ​ប្រកួត​ស្មើ​គ្នា១ទល់១ នៅ​ពេញម៉ោង។

២) ប្រកួត​ផ្ដាច់ព្រ័ត្រ​ធ្វើ​នៅ​ទឹកដី​របស់​ខ្លួន
វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ UEFA EURO 2021នឹង​ធ្វើ​ឡើង​នៅ​ទីលាន​កីឡដ្ឋាន Wembley Stadium ក្នុង​ទីក្រុង​ឡុងដុង របស់​ប្រទេស​អង់គ្លេស ផ្ទាល់​តាម​ការ​កំណត់​របស់ UEFA​តាំង​ពី​ដើម​ទី​មក។ ដូច្នេះ​ក្រុម​អ៊ីតាលី ជួប​អង់គ្លេស នៅ​វេលា​ម៉ោង​២រំលង​អាធ្រាត្រ ថ្ងៃ​អាទិត្យ ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១ នឹង​ធ្វើ​ឡើង​​នៅ​ទីក្រុង​ឡុងដុង។

៣) Harry Kane មាន​ឱកាស​ដណ្តើម​ស្បែក​ជើង​មាស
គិត​ត្រឹម​ពេល​នេះ​កីឡាករ Harry Kane ជា​កីឡាករ​ម្នាក់​រក​បាន​គ្រាប់​បាល់​៤គ្រាប់​ម្នាក់​ឯង បើ​ធៀប​នឹង​​កីឡាករ​ផ្សេង​ៗ​ក្នុង​ចំណោម​ក្រុម​ទាំង​២​ដែល​នៅ​សេសសល់ ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។ អ្នក​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​នាពេល​បច្ចុប្បន្ន​គឺ​កីឡាករ ​Patrik Schick របស់​សាធារណរដ្ឋ​ឆែក និង​កីឡាករ Cristiano Ronaldo របស់​ព័រទុយហ្គាល់ ដែល​បច្ចុប្បន្ន​រក​បាន​ម្នាក់៥គ្រាប់។

៤) ប្រាក់​រង្វាន់
ក្រៅ​ពី​ទទួល​បាន​ពាន​រង្វាន់​ តាម​ការ​កំណត់​ក្រុម​ដែល​ទទួល​បាន​ជើង​ឯក​​ពានរង្វាន់ UEFA EURO 2020 នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ១០​លាន​អឺរ៉ូ ឬ​ប្រមាណ​​ជាង​១១​លាន​ដុល្លារ​អាមេរិក។ ចំណែក​ក្រុម​ជើង​ឯក​រង​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​​៧លាន​អឺរ៉ុ ឬ​ ជាង​៨លាន​ដុល្លារ​អាមេរិក។

៥) ជំនួប​គ្នា​២៧​លើក​​រវាង​អ៊ីតាលី និង​អង់គ្លេស
ក្រុម​អ៊ីតាលី និង​អង់គ្លេស​ ធ្លាប់​បាន​ជួប​គ្នា​រហូត​ដល់​២៧​លើក​ហើយ​ទាំង​ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ​និង​ប្រកួត​ក្នុង​ពានរង្វាន់​នានា ខណៈ​ក្នុង​ចំណោម​នោះ​ក្រុម​អង់គ្លេស ធ្លាប់ឈ្នះ​រហូត​ដល់​ទៅ​១១ដង ហើយ​អ៊ីតាលី ធ្លាប់​ឈ្នះ​៨ដង និង​ស្មើ​គ្នា​៨ដង។

Telegram-Troryorng
Share.