ក្នុង​នាម​ជា​ម្ចាស់​គ្រាប់​បាល់​ក្នុង​ប្រកួត​ទល់​នឹង​ក្រុម​ឥណ្ឌូណេស៊ី ក្នុង​ប្រកួត​បិទ​ពូល A ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣២ ឆ្នាំ​២០២៣ នៅ​រាត្រី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣ កីឡាករ ស៊ិន សុវណ្ណមករា ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​១ម៉ឺន​ដុល្លារ​អាមេរិក​ ពី​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។

ក្រោយ​ទទួល​បាន​ប្រាក់​រង្វាន់​នេះ​កីឡាករ ស៊ិន សុវណ្ណមករា បាន​បញ្ជាក់​​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា៖«ខ្ញុំ​បាទ ស៊ិន សុវណ្ណមករា សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែល​បាន​ធ្វើការ​ឧបត្ថម្ភទឹកប្រាក់ចំនួន 10000$ (មួយម៉ឺនដុល្លា សហរដ្ថអាមេរិក) ជូន​ចំពោះ​ខ្ញុំ​បាទ​ ស៊ិន សុវណ្ណមករា ហើយ​ខ្ញុំ​បាទ​សុំ​យក​ទឹកប្រាក់ឧបត្ថម្ភ ចំនួន 10000$ (មួយម៉ឺនដុល្លា សហរដ្ថអាមេរិក) នេះ មក​ធ្វើ​ជា​ទឹកប្រាក់​ឧបត្ថម្ភជូន​ទៅ​ដល់​ក្រុម​ជំរើសជាតិ​កម្ពុជា ទាំងមូល។ ជា​ចុងក្រោយ​ខ្ញុំបាទ ស៊ិន សុវណ្ណមករា សូម​លំអោន​កាយ​គោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អោយ​ជួប​ប្រទះ​តែ​ពុទ្ធពរ​ទាំង​បួនប្រការ​ គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ»។

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ​លោក​ជំទាវ​ កែវ សួនសុភី ប្រធាន​ក្លិប​បាល់ទាត់​វិសាខា និង​ជា​​ក្លិប​ដែល​កីឡាករ ស៊ិន សុវណ្ណមករា កំពុង​ប្រកប​អាជីព បាន​ Share ពី អ្វី​ដែល ស៊ិន សុវណ្ណមករា បង្ហោះ​និង​បញ្ជាក់​ខ្លឹមសារ​ថា៖«​នេះ​ជា​ការសម្រេច​ចិត្ត នៃការ​​ចែករំលែក​ដ៏​ត្រឹមត្រូវ​ព្រោះ​ថា​បាល់ទាត់​យើង​លេង​ជា​ក្រុម ហើយ​ទទួល​សមិទ្ធផល​ក៏​ជា​ក្រុម​ដែរ»។

សូម​បញ្ជាក់​ថា​ក្រុម​បាល់ទាត់​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ​កម្ពុជា បាន​អស់​សិទ្ធិ​ត្រឹម​វគ្គ​ចែក​ពូលA ក្រោយ​​ប្រកួត​​ឈ្នះ​ទីម័រខាងកើត ៤-០ ហើយ​ស្មើ​គ្នា​ជាមួយ​ហ្វីលីពីន ១-១ និង​បន្ត​ចាញ់​មីយ៉ាន់ម៉ា ២-០ និង​ចុង​ក្រោយ​ចាញ់​ឥណ្ឌូណេស៊ី ២-១។ ចំណែក​ក្រុម​ដែល​ឡើង​តំណាង​ឱ្យ​ពូល A មាន​ឥណ្ឌូណេស៊ី និង​មីយ៉ាន់ម៉ា ទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

Share.