ឯកឧត្តម Edwin Tong រដ្ឋមន្ត្រី​ក្រសួង​ក្រសួង​វប្បធម៌ សហគមន៍ និង​យុវជន របស់​ប្រទេស​សិង្ហបុរី បាន​បង្ហាញ​ផែនការ​មួយ​​កាល​ពី​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ​ឈ្មោះ​ថា «Unleash the Roar» ដើម្បី​ជា​ផ្នែក​មួយ​អភិវឌ្ឍន៍​កីឡាជាតិ សម្រាប់​ឆ្ពោះ​ទៅ​ប្រកួត​ប្រជែង​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពិភពលោក 2034 FIFA World Cup ខាង​មុខ៖

​សារព័ត៌មាន TNP បាន​បញ្ជាក់​ថា​«Unleash the Roar» មាន​ចំណុច​សំខាន់​ស្នូល​ចំនួន​៨ ដើម្បី​រុញ​ផែនការ​នេះ​ឱ្យ​ជោគជ័យ​គឺ៖
១) កម្មវិធី​សិក្សា​បាល់ទាត់​ជាតិ
២) សាលា​បាល់ទាត់​យុវជន​ថ្នាល
៣) ផ្ដល់​អាហារូបករណ៍​ថ្នាក់​ជាតិ​និង​អន្តរជាតិ
៤) ចូលរួម​សម្បទាន​ក្នុង​សេវា​នានា​របស់​ជាតិ
៥) ពង្រឹង​សមត្ថភាព​និង​បច្ចេកទេស
៦) វិទ្យាសាស្ត្រ​កីឡា​និង​ទិន្នន័យ
៧) ហេដ្ឋារចនាសម្ព័ន្ធ
៨) ធ្វើ​ជា​ដៃគូ​ក្នុង​សង្គម

សូម​បញ្ជាក់​ថា​ពានរង្វាន់​បាល់ទាត់​កម្រិត​ពិភពលោក FIFA World Cup រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) រៀងរាល់​៤ឆ្នាំ​ម្តង ហើយ​នៅ​ឆ្នាំ​២០២២ ខាង​មុខ​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​កាតារ ខណៈ​ឆ្នាំ​២០២៦ មាន​កាណាដា ម៉ិចស៊ីកូ និង​សហរដ្ឋអាមេរិក ធ្វើ​សហ​ម្ចាស់​ផ្ទះ​ ហើយ​ឆ្នាំ​២០៣០ និង​២០៣៤ មិន​ទាន់​មាន​ការ​បោះឆ្នោត​ពី​ប្រទេស​ជា​សមាជិក​នៅ​ឡើយ​នោះ។​ទេ។

យ៉ាងណាក្តី​រដ្ឋ​ជា​សមាជិក​អាស៊ាន ធ្លាប់​បាន​បបួល​គ្នា​ចូលរួម​សហការ​ធ្វើ​ជា​បេក្ខភាព​ដណ្តើម​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ពានរង្វាន់​បាល់ទាត់ FIFA World Cup 2034 ខាង​មុខ ដោយ​មាន​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ វៀតណាម និង​សិង្ហបុរី បាន​ចេញ​មុខ​មុន​គេ៕

Share.