ជនសង្ស័យម្នាក់ត្រូវក្រុមជាងព័ទ្ធចាប់ប្រគល់ឲ្យពេលលួចម៉ូតូសមត្ថកិច្ចក្រោយលួចម៉ូតូរបស់ជាងគ្រឿងចាក់រួចជិះគេ ប៉ុន្តែគេចមិនរួច។

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៣ នៅចំណុចផ្ទះជនរងគ្រោះ ភូមិត្រពាំងទៃ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ យូ កុកឃី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅភូមិត្រពាំងទៃ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ចំណែកជនសង្ស័យនៅក្នុងសំណុំរឿងនេះមាន២នាក់រួមមាន៖

១.ឈ្មោះ សុខ សំណាង ហៅណាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិប្រាសាទ សង្កាត់ស្នោរ ខណ្ឌកំបូល ភ្នំពេញ (អ្នកធ្វើសកម្មភាពលួច ឃាត់ខ្លួន)។

២.ឈ្មោះ ប្រូ ភេទប្រុស អាយុប្រហែល២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិឈូកវ៉ា២ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ភ្នំពេញ (គេចខ្លួន) ។

វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន ម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ2022 ពាក់ផ្លាកលេខ កំពង់ស្ពឺ 1U-4650 លេខតួ ND125M6180193 (ជារបស់ជនរងគ្រោះ យកបានមកវិញ)។

យោងតាមរបាយការណ៍សមត្ថកិច្ចបង្ហាញថា  នៅមុនពេលកើតហេតុ ជនរងគ្រោះទុកម៉ូតូ របស់ខ្លួននៅមុខផ្ទះ ហើយក៏ដើរទៅជួសជុលរថយន្ត អេះស្កា (អាអ៊ិច) នៅលិចផ្ទះចម្ងាយ ប្រហែល៧-៨ម៉ែត្រ ជាមួយកូនជាង។ នៅពេលដែលកំពុងជួសជុលបានមួយសន្ទុះ ក៏ឮ សំលេងបញ្ឆេះម៉ូតូ ភ្លាមនោះជនរងគ្រោះក៏រត់ទៅមើលម៉ូតូរបស់ខ្លួន ស្រាប់តែឃើញជន សង្ស័យលួចយកម៉ូតូបំណងជិះគេចខ្លួន តែត្រូវបានជនរងគ្រោះ និងកូនជាងរត់ស្ទាក់ពីមុខ ហើយ ជនសង្ស័យបានផ្អឹបលេខរោទ៍បង្ហោះសំដៅបុកជនរងគ្រោះ តែមិនត្រូវបណ្តាលឲ្យ អស់ជំហរក៏បានផ្តួលម៉ូតូចោល រួមរត់គេចខ្លួនចូលទៅពួនក្នុងព្រៃតូច ជិតផ្ទះជនរងគ្រោះ បន្ទាប់មកជនរងគ្រោះបានស្រែកឆោឡោផ្អើលអ្នកភូមិ ក៏នាំគ្នាដើររក ស្រាប់តែឃើញជន សង្ស័យពួននៅក្នុងគម្ពោតព្រៃ ហើយក៏នាំគ្នាឃាត់ខ្លួនជនសង្ស័យ ក្រោយមកអ្នកភូមិបាន រាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ម្កាក់ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ កម្លាំង សមត្ថកិច្ចប៉ុស្តិ៍ម្កាក់ បានធ្វើការនាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ ទទួល ពាក្យបណ្ដឹងពីជនរងគ្រោះ។

ក្រោយចាប់ខ្លួនបាន ជនសង្ស័យត្រូវបាននាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ បន្តតាមនីតិវិធីច្បាប់។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សុខ សំណាង ថាខ្លួននិងបក្ខពួកឈ្មោះ ប្រូ ពិតជាបានចូលធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

ក្រោយមកសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី ខណៈដែលជនសង្ស័យម្នាក់ទៀតដែលកំពុងគេចខ្លួននោះ សមត្ថកិច្ចកំពុងស្វែងរកផងដែរ៕

អត្ថបទ៖តាខ្មៅ

Share.