កាលពីពេលថ្មីៗនេះក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសតែងតាំងលោក Juliao Monteiro ជនជាតិទីម័រខាងកើត ជាគ្រូបង្វឹកអ្នកចាំទីថ្មី ត្រៀមសម្រាប់ពានរង្វាន់ Cambodian Premier League រដូវកាល ២០២៣-២៤ និងពានរង្វាន់នាៗ។

ខណ:លោក Alistair Heath គ្រូបង្វឹករបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក៏បានផ្ញើជាសារទាក់ទងនឹង Juliao ថា៖«ខ្ញុំរីករាយដែលមាន Juliao Monteiro ជាផ្នែកមួយនៃក្រុម របស់ខ្ញុំសម្រាប់លីគកំពូលនាពេលខាងមុខ។ វាមិនមែនជារឿងអាថ៌កំបាំងនោះទេ ដែលខ្ញុំចង់បានគ្រូបង្វឹកអ្នកចាំទីម្នាក់មកចូលរួមជាមួយយើងតាំងពីដើមរដូវកាលមុន»។

«Juliao Monteiro នាំមកនូវបទពិសោធន៍យ៉ាងច្រើនជាមួយគាត់ ទាំងជាតិ និងអន្តរជាតិ ហើយខ្ញុំជឿជាក់លើសពីអ្នកចាំទីរបស់យើង ប៉ុន្តែក្រុមទាំងមូលនិងទទួលបានអត្ថប្រយោជន៍ពីចំណេះដឹង និងបទពិសោធន៍របស់គាត់។ Juliao គឺជាអ្នកវាយតម្លៃយ៉ាងខ្លាំង ចំពោះក្លឹប និងបុគ្គលិកបង្វឹករបស់ខ្ញុំ។ ខ្ញុំកំពុងទន្ទឹងរង់ចាំគាត់ចាប់ផ្តើម»។

លោក Juliao គឺជាអ្នកចាំទីដំបូងគេនៅទីម័រខាងកើត ដែលលេងឱ្យក្រុមផ្សេងៗគ្នានៅកម្រិតអន្តរជាតិ តាំងពី U19 រហូតដល់ U23 ។ ហើយក៏ធ្លាប់លេងឲ្យក្រុមជម្រើសជាតិទីម័រខាងកើត ប្រកួតជាមួយអារ៉ាប៊ីសាអូឌីតផងដែរ។ ខណ:កាលនោះនៅប្រទេសទីម័រ កម្រិតនៃការបង្វឹកអ្នកចាំទីគឺនៅមានកម្រិតទាប ហើយលោកដែលជាអ្នកចាំទីនោះក៏នៅមានការអប់រំក្នុងការហ្វឹកហាត់មិនទាន់មានភាពល្អប្រសើរដែរ។

ជាមួយគ្នានោះលោក Juliao Monteiro ក៏បានថ្លែងថា៖«ខ្ញុំនឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីធ្វើការតបស្នងទៅកាន់អ្នកគាំទ្រ។ ខ្ញុំបានដឹងពីភ្នាក់ងារ Rookbook Sports កីឡាករ Mouzinho និង គ្រូបង្វឹក Alistair ថា ក្លិបអង្គរថាយហ្គឺរ មានអ្នកគាំទ្រជាច្រើន។ ជាចុងក្រោយខ្ញុំសូមអរគុណសម្រាប់ការផ្ដល់ឱកាសដើម្បីចូលរួមចំណែកនៃក្លិមមួយនេះ។ អ្នកទំាងអស់គ្នានឹងមិនខកចិត្តនោះទេ»៕

Share.