ទីបំផុតទៅរាជរដ្ឋាភិបាលបានម័តអនុញ្ញាតឱ្យអនុវត្តគម្រោងជីកព្រែកដ៏មហិមារភ្ជាប់ពីទន្លេបាសាក់ទៅកាន់សមុទ្រដើម្បីបើកច្រកដឹកជញ្ជូនតាមផ្លូវទឹកជាប្រវត្តិសាស្រ្តហើយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងឱ្យដឹងថា គម្រោងនេះ ត្រូវបានដាក់ឈ្មោះថា «គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារ​កម្ម​ទន្លេ​បាសាក់» ដែលមានតួនាទីផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដើម្បីពង្រីក​នូវវិសាល​ភាពប្រើប្រាស់សក្ដានុពលលើការ​ដឹកជញ្ជូន​តាម​ផ្លូវទឹក សំដៅចូលរួមលើក​កម្ពស់​សកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានការរីក​ចម្រើន​ឈានទៅមួយ​កម្រិត​ថែមទៀត។

បើតាមឯកឧត្តម ផៃ ស៊ីផាន គម្រោងនេះ នឹងបង្កើនអធិប​តេយ្យ​ភាពការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា កាត់បន្ថយពេលវេលា ចម្ងាយ និង​ថវិកា កាត់បន្ថយនីតិវិធីសម្រាប់នាវា និងទំនិញចូល-ចេញ ធ្វើឱ្យចំណេញ និងបង្កើន​ល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធ្វើសមាហរណកម្មដឹកជញ្ជូនតាមផ្លូវទឹក តាម​រយៈ​ការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន កាត់បន្ថយការខូចខាតផ្លូវថ្នល់ និងការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវថ្នល់។

ប្រធាន​អង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបានបន្ថែមថា គម្រោងនេះជាគម្រោងប្រវត្តិសាស្រ្ត​លើក​​ទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក​របស់​កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និង​ផ្លូវសមុទ្រ និងបានបែងចែកជាពីរ​ដំណាក់កាល ប្រើប្រាស់​រយៈពេល​សរុប២៦ខែ ក្នុងនោះដំណាក់កាលទី១គឺដំណាក់កាលសិក្សាបឋមប្រើរយៈពេល១៤ខែ និង​ដំណាក់កាលទី២ ដំណាក់កាលសិក្សាសមិទ្ធិ​លទ្ធ​ភាពប្រើរយៈពេល១២ខែ។

សូមបញ្ជាក់ថាកាលពីខែមេសា ឆ្នាំ២០២៣ ក្រសួង​សាធារណការ និងដឹកជញ្ជូន​ បាន​បញ្ចេញ​រូបគំរូ​​នៃ​គម្រោង​​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារកម្ម​ទន្លេបាសាក់ក្នុងកិច្ចប្រជុំ​មួយ​ដឹកនាំដោយ ​ឯកឧត្តម​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន ដោយ​មានការ​ចូលរួម​ពី​សមាជិក​គណៈកម្មការ​អន្តរ​ក្រសួង និង​ក្រុមហ៊ុន CRBC ក្រុមហ៊ុន CCCC Water Transport Consultant ដែល​ជាក្រុមហ៊ុន​អនុវត្ត​ការសិក្សា​ និងមន្រ្តី​ជំនាញ​បច្ចេកទេស​របស់​អន្តរ​ក្រសួង​ជាច្រើនរូប។

សូមជម្រាប​ថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មនេះ មានប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់ពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត៕

Share.