យុវជនម្នាក់ដែល​បាន​រើសបាន​មេដាយ​ប្រាក់ របស់​កីឡាករថៃ Jonathan Khemdee ដែល​បាន​គប់​ចោល​ទៅកាន់​អ្នកគាំទ្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បាន​រៀបរាប់​ថា ខ្លួន​ស្រឡាញ់​មេដាយ​នេះ​ណាស់ ទោះបីគេគប់ចោល តែមិនឲ្យវាធ្លាក់ដល់ដីបានឡើយ ហើយវាមានតម្លៃសម្រាប់​រូបគេ។

តាម​រយ:​គណនីហ្វេសបុកឈ្មោះថា Chhay Sathya បាន​សរសេររៀបរាប់​កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា យ៉ាង​ដូច្នេះថា៖ «មេដាយ​ប្រាក់ Sea Gameដែលកីឡាករថៃឈ្មោះ Jonathan Khemdee បាន​គប់​ចោល​នោះ​នៅ​ពេល​នេះ​វាស្ថិតនៅជាមួយខ្ញុំ។ ខ្ញុំ​ស្រឡាញ់​មេដាយ​នេះ​ណាស់​ព្រោះ​វា​បាន​រំលេច​នូវ​រូប​អង្គរវត្តនិង​រូបតំ​ណាង​ជាតិ​ផ្សេងៗទោះបី​គេគប់​ចោល​មិនឲ្យ​តម្លៃ​មេដាយ​នេះ​ក៏ដោយ​ក៏ខ្ញុំ​មិន​ឲ្យវា​ធ្លាក់​ដល់​ដីបាន​ដែរ​ព្រោះ​មេដាយ​នេះតំណាងឲ្យដួងព្រលឹងជាតិខ្មែររបស់ខ្ញុំទាំងមូល»។

រំលឹកថា កីឡាករថៃ Jonathan Khemdee ដែលបានគប់មេដាយប្រាក់ និងតុក្កតា តំណាងចោល ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្រោយ U-22 ថៃ បានចាញ់ឥណ្ឌូនេស៊ី ៥-២ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្រោមមានប្រតិកម្មលើរឿងនេះ សហព័ន្ធបាល់ទាត់ថៃ ចេញ​សេចក្ដីប្រកាស​ថា៖ «ខ្លួនពិតជាខកចិត្ត និងការ​សូមអភ័យ​ទោស​ជំនួស​មុខ​ឱ្យ​ក្រុមកីឡាករដែលបង្ករឿង ដែល​មាន​ហេតុការណ៍​បែប​នេះ​បាន​កើត​ឡើង​ក្រោយ​ការ​ប្រកួត​ដែល​ជា​ផល​ប៉ះពាល់មួយដែលប៉ះទង្គិច នូវកិត្តិយសនិង​ភាពថ្លៃ​ថ្នូរ​របស់​ប្រជាជន​ខ្លួន។ លើកពីនេះ ខ្លួនពិតជាខកចិត្ត និង​ការ​សូម​អភ័យ​ទោស​ជំនួស​មុខ​ឱ្យ​ក្រុម​កីឡា​ករ ដែលបង្ករឿង ដែល​មាន​ហេតុការណ៍​បែប​នេះបានកើតឡើងក្រោយ​ការប្រកួត​ដែលជាផល​ប៉ះពាល់​មួយ​ដែល​ប៉ះ​ទង្គិច​នូវ​កិត្តិយស​និង​ភាពថ្លៃថ្នូររបស់ប្រជាជនខ្លួន»។

ជុំវិញកមរណីនេះ កីឡាករថៃ Jonathan Khemdee បានបកស្រាយនៅលើគណនី Instagram ថា៖«សួស្តីអ្នកទាំងអស់គ្នា ! ចំពោះរឿងដែលខ្ញុំបានគប់មេដាយ និងតុក្កតាគឺដើម្បីជូនដល់អ្នកគាំទ្រ ដែលបានជួយគាំទ្រខ្ញុំកន្លងមក។ ខ្ញុំគ្មានចេតនា មើលងាយព្រឹត្តិការណ៍ ឬមេដាយនោះឡើយ»។

គួរបញ្ជាក់ថា ការ​ប្រកួត​ដណ្តើម​មេដាយមាស លើ​វិញ្ញាសា​បាល់ទាត់​បុរស​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ ឥណ្ឌូ​ណេ​ស៊ី នឹង​ថៃ បាន​បញ្ចប់​នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ ដោយ​ឥណ្ឌូ​ណេ​ស៊ី​ជា​ម្ចាស់មេដាយមាស ក្រោយ​ជ័យជម្នះក្នុងលទ្ធផល ៥-២ ជាមួយនឹង​ការ​ប្រកួត​ដ៏​ចម្រូងចម្រាស និង​មាន​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​រវាង​ក្រុម​គ្រូបង្វឹក និង​កីឡាករ​នៃ​ក្រុម​ទាំង​សងខាង​៕

Share.