យុវជនម្នាក់ដែល​បាន​រើសបាន​មេដាយ​ប្រាក់ របស់​កីឡាករថៃ Jonathan Khemdee ដែល​បាន​គប់​ចោល​ទៅកាន់​អ្នកគាំទ្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បាន​រៀបរាប់​ថា ខ្លួន​ស្រឡាញ់​មេដាយ​នេះ​ណាស់ ទោះបីគេគប់ចោល តែមិនឲ្យវាធ្លាក់ដល់ដីបានឡើយ ហើយវាមានតម្លៃសម្រាប់​រូបគេ។

តាម​រយ:​គណនីហ្វេសបុកឈ្មោះថា Chhay Sathya បាន​សរសេររៀបរាប់​កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា យ៉ាង​ដូច្នេះថា៖ «មេដាយ​ប្រាក់ Sea Gameដែលកីឡាករថៃឈ្មោះ Jonathan Khemdee បាន​គប់​ចោល​នោះ​នៅ​ពេល​នេះ​វាស្ថិតនៅជាមួយខ្ញុំ។ ខ្ញុំ​ស្រឡាញ់​មេដាយ​នេះ​ណាស់​ព្រោះ​វា​បាន​រំលេច​នូវ​រូប​អង្គរវត្តនិង​រូបតំ​ណាង​ជាតិ​ផ្សេងៗទោះបី​គេគប់​ចោល​មិនឲ្យ​តម្លៃ​មេដាយ​នេះ​ក៏ដោយ​ក៏ខ្ញុំ​មិន​ឲ្យវា​ធ្លាក់​ដល់​ដីបាន​ដែរ​ព្រោះ​មេដាយ​នេះតំណាងឲ្យដួងព្រលឹងជាតិខ្មែររបស់ខ្ញុំទាំងមូល»។

ភ្លាមៗនោះអតីតកីឡាករជម្រើសជាតិកម្ពុជា ឃួន ឡាបូរ៉ាវី បានថ្លែងថា៖«រក្សាវាឲ្យគង់ប្អូនប្រុស វាពិតជាមានតម្លៃណាស់សម្រាប់អ្នកកីឡាដូចពួកបង។ បងប្រឹងប្រែងជិត 20ឆ្នាំហើយ ក្នុងការហាត់លេងបាល់ទាត់ ត្រឹមមេដាយសំរឹទ្ធិក្នុង Seagame ក៏គ្មានវាសនាបានប៉ះវាផង»។

គួរបញ្ជាក់ថា ការ​ប្រកួត​ដណ្តើម​មេដាយមាស លើ​វិញ្ញាសា​បាល់ទាត់​បុរស​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ ឥណ្ឌូ​ណេ​ស៊ី នឹង​ថៃ បាន​បញ្ចប់​នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ ដោយ​ឥណ្ឌូ​ណេ​ស៊ី​ជា​ម្ចាស់មេដាយមាស ក្រោយ​ជ័យជម្នះក្នុងលទ្ធផល ៥-២ ជាមួយនឹង​ការ​ប្រកួត​ដ៏​ចម្រូងចម្រាស និង​មាន​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​រវាង​ក្រុម​គ្រូបង្វឹក និង​កីឡាករ​នៃ​ក្រុម​ទាំង​សងខាង​៕

Share.