ក្លិប Jakarta Bhayangkara Presisi របស់​ឥណ្ឌូណេស៊ី បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទះ​ជើង​ឯក​ក្លិប​ប្រចាំ​ទ្វីប​អាស៊ី (2023 Asian Men’s Club Volleyball Championship) ស្រប​ពេល​ដែល​សមាជិក​មួយ​ចំនួន​នៃ​ក្លិប​នេះ ទើប​តែ​ជួយ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​លើក​ទី៣២ កាល​ពី​ពេល​ថ្មីៗ​លើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា។

ក្លិប Jakarta Bhayangkara Presisi

កីឡាករ Henry, Rakha, Hernanda,Farhan, Mardi, Mardiansyah,Nizar,Hendra,Doni សុទ្ធសឹងតែ​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ថ្មីៗនេះ ខណៈ​ពួក​គេ​បាន​ជួយ​ក្រុម Jakarta Bhayangkara Presisi ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​ជើង​ឯក​ទ្វីប​អាស៊ី ក្រោយ​ឈ្នះ​ក្លិប​មក​ពី​ប្រទេស​កាតារ នៅ​យប់​ថ្ងៃ​សៅរ៍ ទី២០ ឧសភា សប្ដាហ៍​នេះ។

​លទ្ធផល​នៃ​វគ្គ​ជម្រុះ​តាម​ពូល​បឋម (Preliminary round) ក្រុម Jakarta Bhayangkara Presisi ​បាន​យក​ឈ្នះ​២​ប្រកួត និង​ចាញ់​១ប្រកួត។ ក្រោយ​មក​ចូល​ដល់​វគ្គ​ជម្រុះ​តាម​ពូល​ជុំ​បន្ត​ (Classification round) ក្រុម​ឥណ្ឌូណេស៊ី មួយ​នេះ​បាន​ឈ្នះ២​ប្រកួត​និង​ចាញ់១ប្រកួត​ទៀត។ តែ​ស្ថិត​លេខ២​ប្រចាំ​ពូល មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

Jakarta Bhayangkara Presisi ប្រកួត​ទល់ Police SC វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រុមJakarta Bhayangkara Presisi បាន​យក​ឈ្នះ​លើ​ក្រុម ​Police SC របស់​កាតារ ដោយ​លទ្ធផល ៣សិត​ទល់១សិត (១១-២៥,២៩-២៧,២៥-២៣,២៥-២៣)។ ដូច្នេះ​ក្នុង​នាម​ជា​ក្រុម​ទៅ​ពី​តំបន់​អាស៊ាន ក្រុម​មួយ​នេះ​​ត្រូវ​ប៉ះ ក្រុម​​ជើង​ឯក​លីគ​កំពូល​ជប៉ុន​៩សម័យកាល Suntory Sunbirds នៅ​ម៉ោង​៧យប់​ថ្ងៃ​អាទិត្យ ទី​២១ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ។

ក្រោយ​បង្កើត​បាន​តែ​១ឆ្នាំ​ក្រុម Jakarta Bhayangkara Presisi ជា​ម្ចាស់​ជើង​ឯក​រង​លីគ​បាល់ទះ​ឥណ្ឌូណេស៊ី ខណៈ​ក្រុម Jakarta LavAni Allo Bank ជា​ម្ចាស់​ជើង​ឯក។ ក្រុម​នេះ​មាន​លោក Reidel Toiran ​ជនជាតិ​គុយបា ​ជា​គ្រូ​បង្វឹក។ កៅអី​ជា​ម្ចាស់​ជើង​ឯក​រង​នេះ​បាន​ជួយ​ឱ្យ​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​​ទីក្រុង​ហ្សាកាតា មួយ​នេះ​កក់កៅអី​ក្លិប​ជើង​ឯក​ទ្វីប​អាស៊ី តែ​ម្តង។

ក្រុម Jakarta Bhayangkara Presisi

ពានរង្វាន់ 2023 Asian Men’s Club Volleyball Championship មាន​ក្រុម​ខ្លាំង​ៗ​មក​ពី​ជុំ​វិញ​ទ្វីប​អាស៊ី ចំនួន​​១៦ក្រុម ប្រកួត​៤៨​ប្រកួត ដោយ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១៤ ដល់​២១ ខែ​ឧសភា ឆ្នាំ​២០២៣ នៅ​ទីក្រុង ម៉ាណាម៉ា ប្រទេស​បារ៉ែន។ ក្រុម​Paykan Tehran របស់​អ៊ីរ៉ង់ ឈ្នះ​ជើង​ឯក​ពានរង្វាន់ Asian Men’s Club Volleyball Championshipច្រើន​ជាង​គេ​បង្អស់​រហូត​ដល់​៨សម័យកាល បើ​គិត​ចាប់​តាំង​ពី​បង្កើត​ឡើង​ដំបូង​​ឆ្នាំ​ ១៩៩០​មក។

ក្រុម​ដែល​មាន​ឈ្មោះ​ប្រកួត​នៅ​ឆ្នាំ​២០២៣ នេះ​មាន Al-Ahli (បារ៉ែន), Shahdab Yazd (អ៊ីរ៉ង់), Suntory Sunbirds (ជប៉ុន), Atyrau (កាហ្សាក់ស្ថាន), Police SC(កាតារ),Diamond Food–Fine Chef (ថៃ), South Gas (អ៊ីរ៉ាក់), Kam Air (អាហ្វហ្គានីស្ថាន), Taichung Bank (តៃវ៉ាន់), Aspiring (ហុងកុង), Bayankhongor Crownd Geo (ម៉ុងហ្គោលី), Incheon Korean Air Jumbos (កូរ៉េខាងត្បូង), Canberra Heat (អូស្ត្រាលី), Jakarta Bhayangkara Presisi (ឥណ្ឌូណេស៊ី), Kuwait SC (គុយវ៉ែត), Khaypil (យេមែន)។

ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក្នុង​ប្រកួតផ្ដាច់ព្រ័ត្រទល់​ម្ចាស់ផ្ទះកម្ពុជា

តាម​កូតា​ក្រុម​ដែល​មាន​សិទ្ធិ​ប្រកួត​ក្នុង​ពានរង្វាន់​ឆ្នាំ​២០២៣ នេះ​​មាន​ក្រុម​មក​ពី​ប្រទេស​បារ៉ែន ១កៅអី​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ហើយ​ក្រុម​ដែល​មាន​កូតា ពី​ឆ្នាំ​២០២២ កន្លង​ទៅ​មាន​អ៊ីរ៉ង់, ជប៉ុន,​កាហ្សាក់ស្ថាន,​កាតារ,​ថៃ,​អ៊ីរ៉ាក់។ តំបន់​អាស៊ីកណ្ដាល បាន​ទៅ​អាហ្វហ្គានីស្ថាន។ តំបន់​អាស៊ីខាង​កើត មាន​តៃវ៉ាន់,ហុងកុង,​ម៉ុងហ្គោលី, កូរ៉េខាងត្បូង។ តំបន់​អូសេអានី បាន​ទៅ​អូស្ត្រាលី។ អាស៊ីអាគ្នេយ៍ បាន​ទៅ​ឥណ្ឌូណេស៊ី និង​អាស៊ីខាងលិច បាន​ទៅ​គុយវ៉ែត និង​យេមែន៕

Share.