ក្រុមបាល់ទាត់​នារី​របស់​វៀតណាម បាន​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស​ ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​ឆ្នាំ​២០២៣ លើ​ទឹកដី​កម្ពុជា ស្រប​ពេល​នេះ​ជា​កំណត់ត្រា​ឈ្នះ​មេដាយ​មាស​៤សម័យកាលជាប់ៗ​គ្នា​របស់​​ប្រទេស​មួយ​នេះ​ ក្រោម​ការ​ដឹកនាំ​របស់​លោក Mai Đức Chung ជា​គ្រូ​បង្វឹក។

ក្រុម​បាល់ទាត់​នារី វៀតណាម​ បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​បាន​ចំនួន​១១លើក គិត​ចាប់តាំង​ពី​ឆ្នាំ​១៩៩៧ មក​ស្រប​ពេល​ដែល​ក្រុម​មួយ​នេះ​ដណ្តើម​បាន​មេដាយ​​ស្ទើរ​តែ​រាល់​ឆ្នាំ ពោល​គឺ​មាស​រហូត​ដល់​ទៅ​៨ដង ហើយ​ក្នុង​នោះ​ឈ្នះ​មេដាយ​ប្រាក់​២លើក និង​មេដាយ​សំរឹទ្ធ​១លើក។

ដោយ​ឡែក​ក្រោម​ការ​ដឹកនាំ​របស់​លោក Mai Đức Chung ជា​គ្រូ​បង្វឹក​ពី​ឆ្នាំ​​២០១៦ មក​ក្រុម​វៀតណាម ឈ្នះ​មេដាយ​មាស​រាល់​លើក ពោល​គឺ​មេដាយ​មាស​ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន ឆ្នាំ​២០២១ នៅ​វៀតណាម និង​២០២៣ នៅ​កម្ពុជា។

ក្រុមនារីវៀតណាម ឈ្នះមេដាយមាសស៊ីហ្គេមឆ្នាំ២០២៣ (រូបថត៖ VFF)

អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ​ក្រោយ​ឈ្នះ​មេដាយ​មាស​៤សម័យកាល​ជាប់ៗគ្នា​នេះ ក្រុម​វៀតណាម​នារី នៅ​សល់​អម្រែក​៣​ក្នុង​ដៃ​ទៀត ពោល​គឺ​​​ទី១) ចូលរួម​ប្រកួត​ World Cup ដែល​មាន​អូស្រ្តាលី និង​ណូវែលហ្សេឡង់ ជា​ម្ចាស់​ផ្ទះ​​ចន្លោះ​ខែ​កក្កដា និង​សីហា ខាង​មុខ ដោយ​ស្ថិត​ក្នុង​ពូល E ជាមួយ​​អាមេរិក ហុល្លង់ និង​ព័រទុយហ្គាល់។ ទី២) ចូល​​​រួម​ប្រកួត​កីឡា​អាស៊ី Asian Games ឆ្នាំ​២០២៣ នៅ​ប្រទេស​អ៊ូបេគីស្ថាន ជា​ម្ចាស់​ផ្ទះ។ ទី៣ ចូលរួម​ប្រកួត​ជម្រុះ​អូឡាំពិក​ឆ្នាំ​២០២៤ ប្រចាំ​ទ្វីប​អាស៊ី​ជុំ​ទី២ (2024 AFC Women’s Olympic Qualifying Tournament) ដែល​ស្ថិត​ក្នុង​ពូល C ជាមួយ​ជប៉ុន ឥណ្ឌូណេស៊ី និង​ម្ចាស់​ផ្ទះ​អ៊ូបេគីស្ថាន។

បាល់ទាត់​​នារី​​វៀតណាម រីកចម្រើន គេ​សង្កេត​ឃើញ​បុរស​ម្នាក់​នៅ​ពីក្រោម​ខ្នង​យ៉ាង​សំខាន់​នោះ​គឺ​លោក Mai Đức Chung។ តើ​លោក​ជា​អ្នក​ណា?

Mai Đức Chung ជា​បុរស​មាន​វ័យ​​៧៤​ឆ្នាំ ធ្លាប់​ជា​សមាជិក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម នៅ​ទសវត្ស​ទី​៨០ ខណៈ​លោក​ធញលាប់​បាន​ដឹកនាំ​ក្រុម​នារី​វៀតណាម ដំបូង​តាំង​ពី​ឆ្នាំ​១៩៩៧ ហើយ​ដឹកនាំ​ម្តង​ទៀត​ចន្លោះ​ឆ្នាំ​២០០៣ ដល់​២០០៥ រហូត​ដល់​ឆ្នាំ​២០១៤ ទើប​ចូល​ដឹកនាំ​ម្តង​ទៀត និង​ចុង​ក្រោយ​ពី​ឆ្នាំ​២០១៦ ដល់​បច្ចុប្បន្ន​លោក​កាន់​តំណែង​មួយ​នេះ។

ក្រៅពី​នោះ​បុរស​ដែល​មាន​កំណើត​នៅ​រដ្ឋធានី​ហាណូយ រូប​នេះ​​ធ្លាប់​កាន់​តំណែង​ជា​គ្រូ​បង្វឹក​ក្លិប​អាជីព​បុរស​ក្នុង​ស្រុក​ជា​ច្រើន​ដូចជា​ Becamex Bình Dương, Navibank Sài Gòn,Thanh Hóa ខណៈ​លោក​ក៏​ធ្លាប់​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​វៀតណាម ដាក់​ឱ្យ​កាន់​​បាល់ទាត់​បុរស​វៀតណាម ទាំង​ឈុត U22 និង​ឈុត​ធំ ម្តងម្កាល​ផង​ដែរ៕

Share.