


ក្លិប Jakarta Bhayangkara Presisi របស់ឥណ្ឌូណេស៊ី បានត្រឹមចំណាត់ថ្នាក់លេខ២ ក្រោយបរាជ័យវគ្គផ្ដាច់ព្រ័ត្រក្រោមថ្វីដៃក្លិប Suntory Sunbirds របស់ជប៉ុន ៣សិតទល់១ នៃពានរង្វាន់បាល់ទះជើងឯកក្លិបប្រចាំទ្វីបអាស៊ី (2023 Asian Men’s Club Volleyball Championship) កាលពីរាត្រីថ្ងៃទី២១ ខែឧសភា។
ស្របពេលដែលសមាជិកមួយចំនួននៃក្លិប Jakarta Bhayangkara Presisi ទើបតែជួយក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី ឈ្នះមេដាយមាសស៊ីហ្គេមលើកទី៣២ កាលពីពេលថ្មីៗលើទឹកដីនៃប្រទេសកម្ពុជា។
ទស្សនាវីដេអូក្លិបបាល់ទះឥណ្ឌូនេស៊ី ខកចិត្តវគ្គផ្តាច់ព្រ័ត្រជើងឯកប្រចាំទ្វីប៖
ពានរង្វាន់ 2023 Asian Men’s Club Volleyball Championship មានក្រុមខ្លាំងៗមកពីជុំវិញទ្វីបអាស៊ី ចំនួន១៦ក្រុម ប្រកួត៤៨ប្រកួត ដោយធ្វើឡើងពីថ្ងៃទី១៤ ដល់២១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុង ម៉ាណាម៉ា ប្រទេសបារ៉ែន។ ក្រុមPaykan Tehran របស់អ៊ីរ៉ង់ ឈ្នះជើងឯកពានរង្វាន់ Asian Men’s Club Volleyball Championshipច្រើនជាងគេបង្អស់រហូតដល់៨សម័យកាល បើគិតចាប់តាំងពីបង្កើតឡើងដំបូងឆ្នាំ ១៩៩០មក។
ក្រុមដែលមានឈ្មោះប្រកួតនៅឆ្នាំ២០២៣ នេះមាន Al-Ahli (បារ៉ែន), Shahdab Yazd (អ៊ីរ៉ង់), Suntory Sunbirds (ជប៉ុន), Atyrau (កាហ្សាក់ស្ថាន), Police SC(កាតារ),Diamond Food–Fine Chef (ថៃ), South Gas (អ៊ីរ៉ាក់), Kam Air (អាហ្វហ្គានីស្ថាន), Taichung Bank (តៃវ៉ាន់), Aspiring (ហុងកុង), Bayankhongor Crownd Geo (ម៉ុងហ្គោលី), Incheon Korean Air Jumbos (កូរ៉េខាងត្បូង), Canberra Heat (អូស្ត្រាលី), Jakarta Bhayangkara Presisi (ឥណ្ឌូណេស៊ី), Kuwait SC (គុយវ៉ែត), Khaypil (យេមែន)។
តាមកូតាក្រុមដែលមានសិទ្ធិប្រកួតក្នុងពានរង្វាន់ឆ្នាំ២០២៣ នេះមានក្រុមមកពីប្រទេសបារ៉ែន ១កៅអីក្នុងនាមជាម្ចាស់ផ្ទះ ហើយក្រុមដែលមានកូតា ពីឆ្នាំ២០២២ កន្លងទៅមានអ៊ីរ៉ង់, ជប៉ុន,កាហ្សាក់ស្ថាន,កាតារ,ថៃ,អ៊ីរ៉ាក់។ តំបន់អាស៊ីកណ្ដាល បានទៅអាហ្វហ្គានីស្ថាន។ តំបន់អាស៊ីខាងកើត មានតៃវ៉ាន់,ហុងកុង,ម៉ុងហ្គោលី, កូរ៉េខាងត្បូង។ តំបន់អូសេអានី បានទៅអូស្ត្រាលី។ អាស៊ីអាគ្នេយ៍ បានទៅឥណ្ឌូណេស៊ី និងអាស៊ីខាងលិច បានទៅគុយវ៉ែត និងយេមែន៕





