នាង Keomany Phengmeuangkhoun ត្រូវបានសារព័ត៌មាន Lao Economic Daily ចេញផ្សាយថាជាប់ឈ្មោះក្នុងបញ្ជីអាជ្ញាកណ្ដាលបាល់ទាត់នារីកម្រិតអន្តរជាតិ (FIFA) ខណៈនេះជាលើកដំបូងរបស់ឡាវ ហើយដែលមានអាជ្ញាកណ្តាលបាល់ទាត់នារីស្តង់ដារអន្តរជាតិបែបនេះ។



ប្រភពបានបញ្ជាក់ថានារីវ័យ២៦ឆ្នាំរូបនេះបានជាប់ការធ្វើតេស្តនៅក្នុងប្រទេសហើយជាប់ឈ្មោះក្នុងបញ្ជី FIFA តែម្តង ខណៈ FIFA បានសម្រេចជ្រើសរើសបេក្ខភាព១១នាក់ពីប្រទេស ហើយនាង Keomany Phengmeuangkhoun ជាអាជ្ញាកណ្ដាលលើទីលានហើយអ្នកផ្សេងទៀតជាជំនួយការអាជ្ញាកណ្ដាល។
យ៉ាងណាក្តីមុនឈានដល់កម្រិតនេះនាង Keomany បានចាយពេល៤ឆ្នាំក្នុងអាជីពជាអាជ្ញាកណ្តាលបាល់ទាត់ ដោយនៅឆ្នាំ២០១៧ ចាប់ផ្ដើមហ្វឹកហាត់ ហើយឈានជើងដឹកនាំការប្រកួតក្នុងបាល់ទាត់លីគនារី មុនបន្តចូលរួមដឹកនាំក្នុងលីគបាល់ទាត់បុរស។ «បន្ទាប់ពីចំណាយពេលហ្វឹកហាត់យ៉ាងច្រើននិងធ្វើលំហាត់កម្រិតខ្ពស់នានា ទើបអាចធ្វើឱ្យខ្ញុំជាប់ជាអាជ្ញាកណ្តាល FIFA នេះ»។ នារីដែលមានកំណើតក្នុងរដ្ឋធានីវៀងច័ន្ទន៍ បញ្ជាក់៕