ភ្នំពេញ ៖ ម៉ូតូម៉ាកនិចមួយគ្រឿង ត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចកាច់សោ ក បានសម្រេចកាលរំលងអធ្រាត្រចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅភូមិច័ន្ទនិម្មិត ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយជនសង្ស័យជិះរត់គេចចូលមករាជធានីភ្នំពេញ ត្រូវបានកម្លាំងស្នងការខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងខណ្ឌកំបូល តាមស្រាវជ្រាវ ទីបំផុតរកឃើញម៉ូតូ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ នៅផ្ទះទិញលក់ បញ្ចាំ ជួសជុលម៉ូតូមួយកន្លែង តាមផ្លូវជាតិលេខ៣ កែងផ្លូវបេតុងវត្តជន្លង់ម្លូ ចំណុចភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ម្នាក់ជាអ្នកលួច ២នាក់ទៀតជាម្ចាស់ផ្ទះ ទទួលទិញផលចោរកម្ម បញ្ចាំ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ម្នាក់ជាអ្នកធ្វើសកម្មភាពលួច មានឈ្មោះ ជឹម មករា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិដំណាក់ចារ ឃុំចិញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ចំណែកម្ចាស់ផ្ទះ ទទួលបញ្ចាំ ទទួលទិញផលចោរកម្ម ឈ្មោះ ម៉េង ស៊ា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ បញ្ចាំ ទទួលទិញផលចោរកម្ម និងជាងជួសជុលម៉ូតូម្នាក់ទៀត រស់នៅផ្ទះខាងលើ ។ ដោយឡែកម៉ូតូដែលជនសង្ស័យលួច ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1T-8627 តែត្រូវបានអ្នកទទួលទិញ ដោះដូរពណ៌ ស្លាកលេខ ជាកម្មសិទ្ធរបស់ជនរងគ្រោះឈ្មោះ ទឹម ទុយ ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិច័ន្ទនិម្មិត ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ជនសង្ស័យធ្វើសកម្មភាពកាច់សោ ក ម៉ូតូម៉ាកនិច នៅភូមិច័ន្ទនិម្មិត ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានសម្រេចហើយជិះរត់គេច ឆ្ពោះចូលមករាជធានីភ្នំពេញ សមត្ថកិច្ចទទួលបានបណ្តឹងពីជនរងគ្រោះ បើកការស្រាវជ្រាវ លុះនៅវេលាម៉ោង៤រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្រោយពីជនសង្ស័យលួចម៉ូតូយកទៅលក់បានលុយហើយ វិលចូលផ្ទះនៅឯខេត្តត្បូងឃ្មុំវិញ សមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន នាំទៅសាកសួរ ដឹងគោលដៅ ទីតាំងដែលជនសង្ស័យយកទៅលក់ លុះនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ កម្លាំងស្នងការខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងខណ្ឌកំបូល នាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំងទទួលផលចោរកម្មដ៏ធំសម្បើមមួយកន្លែង ត្រង់ចំណុចភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ រកឃើញម៉ូតូនិច និងពិនិត្យទីតាំងជាក់ស្តែង មានស្តុកម៉ូតូជាច្រើនគ្រឿង សុទ្ធតែបញ្ចាំ ទិញ អត់មានឯកសារត្រឹមត្រូវ សមត្ថកិច្ចឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ថែមទៀត ម្នាក់ជាម្ចាស់ទីតាំង ម្នាក់ជាជាង ។

ក្រោយពីបង្ក្រាបបានជនសង្ស័យនិងជនទទួលផលចោរកម្ម សរុប៣នាក់ រួមជាមួយម៉ូតូនិចមួយគ្រឿង សមត្ថកិច្ចនាំយកទៅសាកសួរបឋមនៅផ្នែកជំនាញខណ្ឌកំបូល រួចប្រគល់ឲ្យស្នងការខេត្តត្បូងឃ្មុំ នាំយកទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.