សិល្បៈជាតិ៖ លោកអ្នកបានដឹងហើយថា តារាចម្រៀង ប៊ុន ស័ក្ដិ គឺជាម្ចាស់បទល្បីៗជាច្រើនដូចជាបទ «ជិះក្របី» បទ«ទឹកភ្នែកអ្នកស្រែ» និងបទ«ភ្នំពេញនឹកកំពង់ចាម» ជាដើម។ លោកបានឃ្លាតឆ្ងាយពីសិល្បៈអស់មួយរយៈមកហើយ បន្ទាប់ពីលោកសម្រេចចិត្តសាងគ្រួសារ។

​ប៉ុន្តែនាពេលថ្មីៗនេះ លោកបានវិលមកបង្ហាញវត្តមានក្នុងវិស័យសិល្បៈវិញយ៉ាងភ្ញាក់ផ្អើល ដោយលោកបានចូលរួមច្រៀងនៅក្នុងកម្មវិធី The Wall Song Cambodia កាលពីសប្ដាហ៍មុននេះ។ លោក ប៊ុន ស័ក្ដិ គឺជាតារាអាថ៌កំបាំងក្រោយជញ្ជាំងដែលច្រៀងរួមគ្នាជាមួយតារាកិត្តិយសគឺលោក សេម ដែលអ្នកទាំងពីច្រៀងបទ «ត្រឹមបារម្ភពីអូនក៏បងអស់ចិត្ត»។

យ៉ាងណាមិញ នៅពេលឃើញ ប៊ុន ស័ក្ដិ បង្ហាញវត្តមានចេញពីជញ្ជាំងអាថ៌កំបាំងហើយនោះ តារាកិត្តិយសនៅ​លើ​ឆាក​ដូចជា លោក ឆឹម ស័ក្ដដា កញ្ញា ហ្វាហ្វា លោក ព្រីន កញ្ញា នី មុន្នីនាថ និងលោក ប៉ែន ចំរុង ហាក់ដូចរំជួលចិត្ត រំភើប ស្រាប់តែស្ទុះនាំគ្នាលើកដៃសំពះលោក ប៊ុន ស័ក្ដិ គ្រប់ៗគ្នា។

វត្តមានរបស់លោក ប៊ុន ស័ក្ដិ ត្រឡប់មកកម្មវិធីសិល្បៈម្ដងនេះ គឺពិតជាធ្វើឱ្យមហាជនរំភើបចិត្តជាខ្លាំង និងរំពឹងថាលោកវិលមកចេញបទចម្រៀងពីរោះៗដូចមុនទៀត។

គួររំលឹកដែរថា លោក ប៊ុន សក្តិ​ ចាប់​ផ្ដើម​​ស្ងប់​ស្ងាត់​ពី​សិល្បៈ​បន្ទាប់​ពី​លោក​ចូល​រោង​ការ​​​អំឡុង​ឆ្នាំ ២០១៦ ជាមួយ​​នារី​ម្នាក់​មាន​មុខ​របរ​ជា​អ្នក​ជំនួញ​នៅ​ភ្នំ​ពេញ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Share.