ភ្នំពេញ ៖ មនុស្ស២នាក់រងរបួសធ្ងន់ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តPriusបើកបុកម៉ូតូកង់បី ត្រង់ផ្លូវបែកជាបួន បណ្តាលឲ្យខ្ទាតប៉ើងទៅបោកផ្ទប់បង្គោលភ្លើងបំភ្លឺផ្លូវ ខ្ទេចទាំងកង់បី បាក់ទាំងបង្គោលភ្លើង។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវ១០០៧ កែងផ្លូវ១៩៨០ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តPrius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-7923 បើកលឿនតាមផ្លូវ១៩៨០ ពីលិចទៅកើត ដល់ផ្លូវបំបែកជាបួន បានបុកជាមួយម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IG-7097 បើកដោយបុរសម្នាក់ រួមដំណើរជាមួយបុរសម្នាក់ទៀត ល្បឿនលឿនពីជើងទៅត្បូង ខ្ទាតប៉ើងទៅបោកផ្ទប់បង្គោលភ្លើងបំភ្លឺផ្លូវ របួសធ្ងន់២នាក់ ខ្ទេចម៉ូតូកង់បី បាក់ទាំងបង្គោលភ្លើង ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទតាតុងសែនជ័យ

Share.