ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ក្រោយដឹកបញ្ជូនទៅដល់គ្លីនិកឯកជន ចំណែកបុរសស្ត្រី២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាស្កុបពី ជិះបុកគ្នាជាមួយម៉ូតូហុងដាឌ្រីម ក្នុងដំណើរច្រាសទិសគ្នា កាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ២ ខាងត្បូងផ្សាររង្វល់មូលកួរស្រូវ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះម្នាក់បានស្លាប់ មានឈ្មោះ ផល្លី សំភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានស្លាប់នៅគ្លីនិកណាត្រា ជិះម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JW-8582 ជាមធ្យោបាយ ។ ចំណែកភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1D-0877 បើកបរឈ្មោះ ឆន សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិព្រះម្លប់ ឃុំព្រះម្លប់ ស្រុកបាទី ខេត្តតាកែវ របួសធ្ងន់ រួមដំណើរជាមួយឈ្មោះ សុខ ចន្ថា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅជាមួយគ្នា ត្រូវជាប្រពន្ធ រងរបួសធ្ងន់ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូជិះល្បឿនលឿន ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ជ្រុលបុកជាមួយភាគី ម៉ូតូហុងដាឌ្រីម ជិះច្រាសទិស បណ្តាលឲ្យរងរបួស ត្រូវបានរថយន្តគ្លីនិកឯកជនចំនួន៣គ្រឿងចេញទៅដណ្តើមគ្នាដឹកយកជនរងគ្រោះ ជាអកុសលជនរងគ្រោះម្នាក់បានស្លាប់នៅគ្លីនិកណាត្រា បឹងទំពុន ចំណែកជនរងគ្រោះ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ នៅគ្លីនិកផ្សេងទៀត ។

This image has an empty alt attribute; its file name is image-488-1024x461.png

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យវាស់វែងរួចយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

This image has an empty alt attribute; its file name is image-486-1024x768.png

អត្ថបទ៖តាតុងសែនជ័យ

Share.