ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសត្រៀមបើកកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម អ៊ឹម ឈុនលឹម នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ ដើម្បីពិនិត្យ និងសម្រេចលើបណ្ដឹងរបស់គណបក្សនយោបាយចំនួន២ ក្នុងនោះក៏មានគណបក្សភ្លើងទៀនមួយផងដែរ ដែលមិនសុខចិត្តនឹងការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចបដិសេធមិនចុះបញ្ជីបេក្ខជន និងបញ្ជីគណបក្សឱ្យគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរឡើយ ដោយសារគណបក្សទាំងពីរនេះ មិនមានឯកសារស្ដីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ និងបញ្ជាក់នៅការិយាល័យច្រកចេញចូលតែមួយ។

បើតាមក្រុមប្រឹក្សាធម្មនុញ្ញ គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ បានប្ដឹងតវ៉ានឹងសេចក្ដីសម្រេចរបស់ គ.ជ.ប ដោយទាមទារឱ្យស្ថាប័នរៀបចំការបោះឆ្នោតមួយនេះចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនតំណាងរាស្រ្តនៃគណបក្សខ្លួនសម្រាប់ការចូលរួមប្រកួតប្រជែងការបោះឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣។

យោងតាមច្បាប់ស្ដីពីការបោះឆ្នោត សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញលើករណីបណ្ដឹងពាក់ព័ន្ធនឹងការបោះឆ្នោតនេះគឺជាសេចក្ដីសម្រេចបិទផ្លូវតវ៉ា ពោលគឺដើមបណ្ដឹង ឬគណបក្សនយោបាយ គ្មានសិទ្ធិប្ដឹងទៅស្ថាប័នណាផ្សេងទៀត ក្រៅតែពីអនុវត្តតាមសេចក្ដីសម្រេចរបស់ស្ថាប័នកម្រិតកំពូលនេះឡើយ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ គិតមកដល់ពេលនេះ គ.ជ.ប បានបញ្ចប់នីតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ឋជនហើយ ដោយមានគណក្សចំនួន១៨ត្រូវបានទទួលស្គាល់ ខណៈនីតិកាលទី៦ មាន២០គណបក្សនយោបាយចូលរួមប្រជែង៕

Share.