«…បវារណាព្រះករុណាគ្រប់ព្រះអង្គផងថា កុំឃើញខ្ញុំព្រះករុណាសឹកសប្បាយអ៊ីចឹង សឹកតាមណាទាន»។ លោកគ្រូ សាន សុជា ដែលទើបលាចាកសិក្ខាបទបាន២ថ្ងៃ បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលលោកគ្រូកំពុងជួបជុំយ៉ាងរីករាយជាមួយក្រុមញាតិដែលមានការគោរពរាប់អាន។

ប្រសាសន៍លោកគ្រូ សាន សុជា ស្ដាប់មួយភ្លែតហាក់ដូចជារៀងកំប្លែងបន្តិច ហើយក្រុមញាតិដែលនៅក្បែរក៏នាំគ្នាសើចដែរ។ ប៉ុន្តែលោកគ្រូបានផ្ដល់ការពន្យល់បែបទស្សនវិជ្ជាថា«វាមិនខុសពីថ្ងៃការទេ ថ្ងៃការគេអបអរសាទរច្រើន ប៉ុន្តែភាពគគ្រឹកគគ្រាក់មានតែបន្តិចទេ តទៅត្រូវដើរដោយខ្លួនឯង»។

បើតាមលោកគ្រូ សាន សុជា ប្រសិនបើព្រះគុណម្ចាស់អង្គណាមានបំណងចង់លាចាកសិក្ខាបទយូរហើយនោះ ក៏លោកគ្រូមិនទូលឃាត់ដែរ ដោយបានបន្ថែមថា«ជីវិតយើងគួរដើរតាមគម្រោង ប្រសិនបើព្រះករុណាលោកដល់ពេលវេលាត្រូវដាក់[សឹក]លោកដាក់ចុះ តែកុំផ្អើលតាមគ្នា ជីវិតផ្សេងគ្នា»។

ភ្ជាប់នឹងរឿងនេះ លោកគ្រូ សាន សុជា ក៏បានលើកយកគាថាព្រះពុទ្ធមួយមកពន្យល់បន្ថែមថានៅពេលត្រីចូលក្នុងទ្រូហែលទៅណាមិនរួច វានឹងត្រដរហែលចុះហែលឡើង ធ្វើឱ្យត្រីនៅខាងក្រៅមើលទៅឃើញដូចជាត្រីនៅខាងក្នុងទ្រូនោះសប្បាយណាស់ ទាំងដែលធាតុពិតត្រីនោះកំពុងជួបគ្រោះភ័យសោះ។

សូមបញ្ជាក់ថាបន្ទាប់ពីចូលសាងភ្នួស ក្នុងយុ១៥ឆ្នាំ កាលពីឆ្នាំ១៩៩២ ព្រះគ្រូ សាន សុជា ដែលក្លាយជាអង្គធម្មកធិកល្បីទាំងក្នុងនិងក្រៅប្រទេស បានលាចាកសិក្ខាបទកាលពីថ្ងៃអាទិត្យកន្លងទៅនៅ​ឯក្រៅប្រទេស។ ប៉ុន្មានថ្ងៃនេះ លោកគ្រូបានចំណាយពេលវេលាជួបជុំគ្រួសារ និងញាតិមិត្ត៕

Share.