មន្រ្តីប៉ូលីសនៅប្រទេសហ្គីយ៉ាន បានឲ្យដឹងថា អគ្គីភ័យដែលឆាបឆេះអន្តេវាសិកដ្ឋានមួយកន្លែងនៅទីក្រុង Mahdia កណ្ដាល ប្រទេសហ្គីយ៉ាន កាលពីពាក់កណ្ដាលអធ្រាត្រឈានចូលថ្ងៃទី២៣ ដែលសម្លាប់មនុស្សអស់ ១៩នាក់នោះ គឺបង្កឡើងដោយសិស្សស្រីម្នាក់ បន្ទាប់ពីអ្នកមើលការខុសត្រូវក្នុងសាលាបានរឹបអូសទូរស័ព្ទដៃរបស់នាង។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃ ពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។

មន្រ្តីសុខាភិបាលហ្គីយ៉ានបានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យក៏ជាក្មេងរងគ្រោះម្នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដែរ ហើយត្រូវបានរាយការណ៍ថា បានចូលខ្លួនទៅបំភ្លឺក្នុងករណីដុតបំផ្លាញអគារស្នាក់នៅរបស់សិស្សនៃសាលាវិទ្យាល័យ​ ម៉ាឌីយ៉ា (Mahdia)។ ខណៈមនុស្ស ៩នាក់ទៀតកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ហើយក្នុងចំណោមពួកគេជាច្រើននាក់បានរងរបួសធ្ងន់។

Two women in tears cover their mouths

អាជ្ញាធរកំពុងសម្រេចថា តើត្រូវចោទប្រកាន់នាងឬយ៉ាងណា នេះបើយោងតាមប្រភពរដ្ឋាភិបាល ដែលបាននិយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP។

A burnt-out school building in Guyana

ដោយឡែកទីប្រឹក្សាសន្ដិសុខជាតិនៃប្រទេស ហ្គីយ៉ាន លោក Gerald Gouveia បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ក្មេងស្រីជាជនសង្ស័យខាងលើមានការខឹងសម្បារដោយសារតែទូរស័ព្ទដៃរបស់នាងត្រូវបានគេរឹបអូស ក្រោយខាងសាលារកឃើញថា នាងមានទំនាក់ទំនងផ្លូវភេទជាមួយបុរសចំណាស់ម្នាក់។

លោក Gouveia បន្ថែមថា ក្មេងស្រីរូបនេះមានអាយុ ១៦ឆ្នាំ បានដុតភ្លើងនៅក្នុងបន្ទប់ទឹកនៃកន្លែងស្នាក់នៅរបស់សិស្សស្រីៗ។

Guyana girls dorm fire that killed 19 was deliberately set by student:  official

យ៉ាងណាម៉ិញ ក្មេងស្រីនេះត្រូវបានចោទប្រកាន់ពីបទគំរាមវាយប្រហារ បន្ទាប់ពីត្រូវបានពិន័យចំពោះការមានទំនាក់ទំនងជាមួយបុរសចំណាស់ម្នាក់ នេះបើយោងតាមរបាយការណ៍របស់ Associated Press ។

ចំណែកបុរសចំណាស់ម្នាក់នោះអាចនឹងប្រឈមមុខនឹងការចោទប្រកាន់ពីបទ រួមភេទជាមួយអនីតិជនផងដែរ។

សូមជម្រាបថា អគ្គីភ័យដែលឆេះនៅអគារស្នាក់នៅរបស់សិស្សសាលានៅហ្គីយ៉ាន កាលពីយប់ថ្ងៃអាទិត្យ ឈានចូលថ្ងៃច័ន្ទ បានក្លាយជាគ្រោះមហន្ដរាយសម្លាប់ជីវិតមនុស្សច្រើនបំផុតមួយសម្រាប់ប្រទេសក្នុងតំបន់អាមេរិកខាងត្បូង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ប្រភព៖ BBC

ចុចអាន៖ ឆេះអន្តេវាសិកដ្ឋាននៅសាលារៀនក្នុងប្រទេស ហ្គីយ៉ាន សម្លា.ប់ក្មេងៗសិស្សសាលា ១៩នាក់

Share.