២៥ឧសភា១៩៣៤-២៥ឧសភា២០២៣ នៅថ្ងៃនេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានជន្មាយុ៩០ឆ្នាំហើយ។ ឥស្សរជនដែលត្រូវបានមហាជនស្គាល់រហស្សនាមថា«បុរសប្រជាជន»រូបនេះកើតនៅ​​ភូមិ​អន្លង់ក្រេះ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម។

យោង​តាម​ឯកសារ​ស្រាវជ្រាវ​របស់​លោក គាំម កុសល និង​សាស្ត្រាចារ្យ ដៀប សុផល សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បាន​សិក្សា​នៅ​សាលា​ពុទ្ធិកបឋមសិក្សា​ខេត្ត​កំពង់ចាម នា​អំឡុង​ឆ្នាំ​១៩៥៤ និង​ធ្លាប់​រៀន​វគ្គ​នយោបាយ​រយៈពេល​ខ្លី​នៅ​ក្នុង​ប្រទេស​វៀតណាម។

សម្ដេច ហេង សំរិន ជា​ថ្នាក់​ដឹកនាំ​ម្នាក់​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ចំនួន ១៤​រូប ដែលក្នុងនោះក៏មានសម្ដេចធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងជាអតីតប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

នៅ​ឆ្នាំ១៩៦៩ សម្ដេច មាន​តួនាទី​ជា​ប្រធាន​កងអនុសេនាតូច ចលនា​ប្រដាប់អាវុធ (ផ្នែក៦) តំបន់២០ ភូមិភាគ បូព៌ា (២០៣) ហើយ​ជា​បន្តបន្ទាប់​លោក​បានក្លាយ​ជា​ប្រធាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុ​ជានា​ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា ក្នុង​ឆ្នាំ១៩៧៩។

នៅ​ឆ្នាំ១៩៨១ ឥស្សរជនកូនកសិកររូបនេះ មានតួនាទី​ជា​អគ្គលេខាធិការ​មជ្ឈិមបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា (ក្រោយ​មកជា​រដ្ឋ​កម្ពុជា) ហើយ​ចាប់ពី​ឆ្នាំ១៩៩១ បានបន្តធ្វើជា​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា។

សម្ដេចបានឈរឈ្មោះជាអ្នកតំណាងរាស្រ្តតាំងតែពីការបោះឆ្នោតដំបូលឆ្នាំ១៩៩៣ ហើយនៅឆ្នាំ២០០៦ សម្ដេចបានឡើងកាន់​តំណែង​ជា​ប្រធានរដ្ឋសភា​ ហើយក៏បន្តទទួល​បាន​ងារ​ជា សម្ដេច​អគ្គ​មហា​ពញា​ចក្រី និងមានតួនាទីកិត្តិយជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥។

សម្ដេចមានភរិយាឈ្មោះ សៅ ទី ហើយនៅថ្ងៃទី​២៣ ​ខែមករា ​ឆ្នាំ​២០២០ លោកជំទាវក៏ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ផ្ដល់​គោរមងារ​ជាស​ម្ដេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង​សំរិន ដោយយើងលើស្នាដៃ​គាំទ្រ តស៊ូ​ក​ក្នុងការ​រំដោះជាតិ ជា​អ្នកស្នេហាជាតិ ការពារជាតិ​និង​សាសនា។

​ព្រះរាជក្រឹត្យព្រះមហាក្សត្រ ក៏បានលើកឡើងនូវស្នាដៃសម្ដេច សៅ ទី ក្នុងការគាំពារ​យ៉ាង​ខ្ជាប់ខ្ជួន​តាម​មាគ៌ា​នយោបាយ​បង្រួបបង្រួម​ជាតិ​ផ្សះផ្សារ​ជាតិ​របស់​ព្រះ​បរម​រតន​កោដ្ឋ​ បរិច្ចាគ​កម្លាំងកាយ​ចិត្ត និង​ទ្រព្យធន ជូន​សង្គមជាតិ និង​បាន​ជួយ​កសាង​សមិទ្ធផល​នានា​។

កន្លងមក សម្ដេចធ្លាប់បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថាសម្ដេច មានបំណងចង់នាំភរិយាដើរលេងកំសាន្តតាមផ្សារនានាក្នុងរាជធានីភ្នំពេញដូចមហាជនទូទៅដែរ។ នៅផ្ទះសម្ដេច មានសួនបន្លែប្រៀបបានផ្ទះអ្នកស្រែអ្នកចម្កា ហើយទំនេរពីការងារសម្ដេចតែងលេងប៊ូល និងទៅស្រុកកំណើត។

បច្ចុប្បន្ន សម្ដេច ហេង សំរិន មានកូនប្រសារកាន់មុខតំណែង ដូចជាជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងតីតយុទ្ធជន , អភិបាលខេត្តឧត្តរមានជ័យ, សមាជិករដ្ឋសភា និងជានាយកខុទ្ទកាល័យសម្ដេចផ្ទាល់ និងអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទួលបន្ទុកជាប្រធានយកដ្ឋានបុគ្គលិក៕

Share.