សិល្បៈជាតិ៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ (CIFF) ត្រៀមបញ្ចាំងភាពយន្តចំនួន ១៤៤ រឿង ដែលមកពី ៣៤ ប្រទេស រួមមានភាពយន្តដូចជា បូករួមជាមួយភាពយន្តខ្លីៗ និងខ្សែភាពយន្តខ្នាតវែង, ភាពយន្តឯកសារ និងគំនូរជីវចល ជាដើម។

មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ (CIFF) នឹងចាប់ពីថ្ងៃទី៣០ ខែឧសភា រហូតដល់ថ្ងៃទី០៤ ខែមិថុនា ដែលនឹងផ្តល់ជូននូវការចាក់បញ្ចាំងភាពយន្តជាង ១៤០ភាពយន្ត និងកម្មវិធីផ្សេងៗ ដោយឥតគិតថ្លៃ (លើកលែងតែភាពយន្តក្នុងរាត្រីរន្ធត់) នៅតាមបណ្តារោងភាពយន្តធំៗ និងទីកន្លែងពិសេសៗមួយចំនួនទៀត ក្នុងទីក្រុងភ្នំពេញដែលក្នុងនោះមានដូចជា រោងភាពយន្តលេជេន រោងភាពយន្តម៉េជ័ស៊ីនេភ្លិច វិទ្យាស្ថានបារាំង មជ្ឈមណ្ឌលបុប្ផាណា សណ្ឋាគាររ៉ូសវូដភ្នំពេញ និងស៊ីណេហាប់។

លើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១២ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ តារាហូលីវូដលោក Matt Dillon បានឱ្យដឹងថា នេះក្នុងនាមជា ប្រធានកិត្តិយសមួយរូប ដើម្បីភ្ជាប់ទំនាក់ទំនងសារជាថ្មីម្តងទៀតជាមួយប្រទេសកម្ពុជា លោកនឹងនាំយកភាពយន្តរន្ធត់ព្រឺព្រួចរបស់លោកមានចំណងជើងថា «ទីក្រុងខ្មោច» ដែលបានផលិត និងថតក្នុងឆ្នាំ២០០២ នៅប្រទេសកម្ពុជានេះ ឯងត្រលប់មកវិញ ហើយរឿងនេះនឹងដើរតួជាភាពយន្តបិទមហោស្រព (ចូលរួមដោយការអញ្ជើញប៉ុណ្ណោះ)។

ប្រធានកិត្តិយសលោក Matt Dillon បានមានប្រសាសន៍ថា CIFF ជាកម្មវិធីដ៏មានសារៈសំខាន់បំផុតសម្រាប់សមិទ្ធិករភាពយន្តកម្ពុជា និងសមិទ្ធិករភាពយន្តមកពីជុំវិញពិភពលោក ក៏ព្រោះតែនេះជាប្រភេទមហោស្រពដែលដើរតួយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍន៍វិស័យភាពយន្ត។ ខ្ញុំពិតជារំភើបដែលក្លាយជាចំណែកមួយនៃមហោស្រពដ៏អស្ចារ្យមួយនេះ។ ការថតរឿង «ទីក្រុងខ្មោច» នៅក្នុងប្រទេសកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងជីវិតលោក។ ប្រទេសកម្ពុជាគឺជាដែនដីដ៏មានជីជាតិសម្រាប់ភាពច្នៃប្រឌិត។ វាពិតជាអស្ចារ្យណាស់ដែលឃើញថា វិស័យភាពយន្តកម្ពុជាបាន វិវឌ្ឍទៅជាឧស្សាហកម្មមួយជឿនលឿន។

ស្នាដៃនៅក្នុងវិស័យភាពយន្តដ៏គួរឱ្យស្ងើចសរសើររបស់ Matt Dillon រួមមានការសម្តែង ដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងភាពយន្តហូលីវូដដូចជារឿង Something About Mary និង រឿង Wild Things ក៏ដូចជារឿង Crash ជាភាពយន្តឯករាជ្យ ដែលទទួលបាន ការកោតសរសើរខ្លាំង ហើយរឿងនេះ ធ្វើឱ្យលោកទទួលបានពានរង្វាន់ Independent Spirit Award និងត្រូវបានជ្រើសរើសជាភាពយន្តសម្រាប់ការប្រកួតយកពានរង្វាន់ Golden Globe និងពានរង្វាន់អូស្កា ក្នុងនាមជាតួរងល្អបំផុតទៀតផង។

ប្រធាន CIFF លោក Cedric Eloy បង្ហាញនូវសេចក្តីសោមនស្សរីករាយរបស់លោកក្នុងការមានវត្តមានតារាហូលីវូដលោក Matt Dillon ជាប្រធានកិត្តិយស បានឱ្យដឹងថា ការដែលលោក Matt Dillon ចូលរួមគាំទ្រ CIFF ជាការទទួលស្គាល់ទេពកោសល្យ ច្នៃប្រឌិតរបស់កម្ពុជា និងក៏ជាការជម្រុញឱ្យ CIFF មានភាពរីកលូតលាស់ក្នុងការផ្សព្វផ្សាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះភាពយន្តខ្មែរ និងដៃគូសហការអន្តរជាតិផងដែរ។ កម្មវិធីនេះនឹងរួមមានភាពយន្តចុងក្រោយបង្អស់មួយចំនួនដែលត្រូវបានផលិតនៅប្រទេសកម្ពុជា និងការសម្ភោធរឿង អ្នកការពារដៃឆៅ ដោយ ជីមី ហេនឌើសិន, អូណូដា ដោយ អរធើ ហារ៉ារី និងភាពយន្តខ្លីៗដ៏ល្អបំផុតក្នុង កម្ពុជាជាខ្លី។

លោកបានបន្ថែមថា កម្មវិធីពិសេសៗជារៀងរាល់ថ្ងៃដែលនឹងបង្ហាញពីប្រធានបទមួយចំនួនដែលនឹងត្រូវបានសិក្សាស៊ីជម្រៅនៅមហោស្រពលើកទី១២នេះ។ ការបង្ហាញនឹងមានដូចជា អ្នកជំនាញនៃភាពយន្តអាហ្រិក, ប្រវត្តិសាស្រ្តភាពយន្តកម្ពុជា, និងភាពយន្តមួយចំនួនទៀតដែលត្រូវបានផលិតអំពីឯករាជ្យកម្ពុជាបង្ហាញតាមរយៈទស្សនៈផ្សេងៗពីគ្នា ដូចជាភាពយន្តមួយដែលបានថតទាំងស្រុងនៅប្រទេសកម្ពុជានៅទស្សវត្សទី៦០ មានចំណងជើងថា កងអនុសេនាតូចទី ៣១៧ ដោយ Pierre Schoendoerffer តែពុំដែលបានចាក់បញ្ជាំងនៅកម្ពុជាឡើយ។

សូមបញ្ជាក់ថា ការសម្ពោធបើកកម្មវិធីនៃ CIFF លើកទី១២ នឹងប្រព្រឹត្តឡើងនៅរោងភាពយន្តលេជេនអូឡាំព្យានៅថ្ងៃទី៣០ ខែមិថុនា ចំណែកឯការបិទកម្មវិធីនឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា នៅរោងភាពយន្តលេជេន អូឡាំព្យាដូចគ្នា។ កម្មវិធីទាំងពីរនេះនឹងត្រូវបាន អនុញ្ញាតឲ្យចូលរួមដោយការអញ្ជើញតែប៉ុណ្ណោះ។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១២ អាចធ្វើឡើងបានដោយសាររាជរដ្ឋាភិបាល កម្ពុជា ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបាននឹងកំពុងធ្វើការ យ៉ាងសស្រាក់សស្រាំដើម្បីស្តារសុវត្ថិភាព និងកន្លែងសម្រាប់សិល្បៈ។

គួរដឹងបន្ថែមថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាមហោស្រពអន្តរជាតិនិងកម្មវិធីវប្បធម៌ធំជាងគេបំផុតនៅប្រទេសកម្ពុជា។ បង្កើតឡើងនៅឆ្នាំ២០១០ កម្មវិធីនេះដើរតួជាអ្នកជម្រុញគំនិតផ្តួចផ្តើមក្នុងវិស័យភាពយន្តដែលប្រមូលផ្តុំអ្នកចូលរួមជាង ៣០,០០០នាក់ ក្នុងមួយឆ្នាំ។ CIFF ក៏ដើរតួជាស្ពានរវាងកម្ពុជា និងពិភពលោក តាមរយៈភាសាភាពយន្ត និងវប្បធម៌, CIFF ព្រមទាំងជំរុញការចរាចរភាពយន្តក្នុងតំបន់ និងលើកកម្ពស់ផលិតកម្មកម្ពុជាផងដែរ៕

សម្រាប់ព៏ត៌មានបន្ថែម ទាក់ទងនឹងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ អញ្ជើញទស្សនាគេហទំព័រហ្វេសបុក https://www.facebook.com/cambodiaiff ៕

Share.