បាត់ដំបង÷ អាគារសាលារៀន និងលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ៥ស្រុកក្នុងខេត្តបាត់ដំបង រងការបំផ្លាញជិត ១០០ខ្នងក្រោមឥទ្ធិពលខ្យល់កន្ត្រាក់ក្នុងសភាពខ្លាំងក្លា។

ឧបទ្ទវហេតុបង្កឡើងដោយគ្រោះធម្មជាតិនេះបានកើតឡើងនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានប៉ះពាល់ដល់សាលារៀន, លំនៅឋានរបស់ប្រជាពលរដ្ឋសរុបចំនួន ៧៨ខ្នង រួមទាំងបង្កជារន្ទះបានបាញ់ត្រូវសត្វគោរបស់កសិករបណ្តាលឲ្យងាប់ ១ក្បាលផងដែរ។

អាជ្ញាធរនិយាយថា÷ គ្រោះថ្នាក់ដោយធម្មជាតិលើកនេះហាក់បីដូចមានសភាពខ្លាំងក្លា ក្រោយផ្ទៃមេឃប្រែប្រួលពពកឡើងខ្មៅឆាប់រហ័សក៏ស្រាប់តែធ្លាក់ខ្យល់បោកបក់កន្ត្រាក់មួយលើកៗខ្លាំងៗ ថែមទាំងធ្លាក់ភ្លៀងដំណក់ទឹកធំៗថែមទៀត។

ភូមិសាស្ត្រដែលរងការប៉ះពាល់ខ្លាំងជាងគេរួមមាន ស្រុកសង្កែ ប៉ះពាល់ខូចខាតផ្ទះចំនួន ៦៣ខ្នង របើកដំបូលសាលារៀន ២ខ្នង, បន្ទាប់មកមានស្រុកមោងឬស្សី ប៉ះពាល់ផ្ទះចំនួន ១០ខ្នង, ស្រុកថ្មគោលចំនួន ២ខ្នង និងស្រុកកំរៀង ខេត្តបាត់ដំបង រន្ទះបាញ់បានបាញ់ត្រូវសត្វគោពលរដ្ឋ ងាប់ ១ក្បាល៕

អត្ថបទ៖ ដំបងក្រញូង

Share.