


កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានប្រគលប្រាក់លើកទឹកចិត្តដល់កីឡាគុនខ្មែរ ៣រូប រួមជាមួយកីឡាករ ឡៅ ស៊ីណាត (គ្រូបង្វឹក) ដែលបានខិតខំប្រឹងប្រែងដណ្ដើមមេដាយមាស ក្នុងកីឡាស៊ីហ្គេម ជូនជាតិមាតុភូមិ។
ក្នុងពិធីចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្រុងឧត្តុង ម៉ែជ័យ និង ស្រុកសាមគ្គីមុនីជ័យ
តាមរយ:ទំព័រហ្វេសបុករបស់ឯកឧត្តម បានសរសេររៀបរាប់ថា៖ «ឆ្លៀតឱកាសនេះ ខ្ញុំក៏សូមថ្លែងនូវការកោតសរសើរដោយស្មោះចំពោះកីឡាករ ឡៅ ស៊ីណាត (គ្រូបង្វឹក) ឡៅ ចន្ទ្រា ឡៅ ចិត្រា ឡៅ សៃណេត ដែលបានខិតខំប្រឹងប្រែងដណ្ដើមមេដាយមាស ក្នុងកីឡាស៊ីហ្គេម ជូនជាតិមាតុភូមិរបស់យើងកន្លងម»។
កីឡាករ ឡៅ ចន្រ្តា ដណ្ដើមបានមេដាយមាស ប្រភេទកីឡាគុនខ្មែរ វិញ្ញាសា ៧៥គីឡូ ផ្នែកបុរស
កីឡាករ ឡៅ ចិត្រា ដណ្ដើមបានមេដាយមាស ប្រភេទកីឡាគុនខ្មែរ វិញ្ញាសា ៦៧គីឡូ ផ្នែកបុរស
កីឡាករ ឡៅ សៃណេត ដណ្ដើមបានមេដាយមាស ប្រភេទកីឡា Kickboxing – Men’s K1 -51kg ផ្នែកបុរស
គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅសាលដំរី ក្នុងពហុកីឡដ្ឋានជាតិមរតតេជោ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ កម្ពុជា ដណ្តើមបានមេដាយមាស ១៤គ្រឿង ក្នុងការប្រកួត កីឡាប្រដាល់គុនខ្មែរប្រចាំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣៕








