ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA និងអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា កំពុងសម្លឹងមើលជាវិជ្ជមានចំពោះផែនការវិមជ្ឈការមុខងារ៣ក្នុងវិស័យអប់រំពីថ្នាក់ជាតិ ទៅឱ្យស្ថិតក្រោមការគ្រប់គ្រងចាត់ចែងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌនៅថ្នាក់ក្រោមជាតិ។ នេះបើតាមលទ្ធផលនៃជំនួបដាច់ដោយឡែកពីគ្នារវាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាមួយប្រធាំនថ្មីនៃអង្គការJICA និងអង្គការយូនីសេហ្វប្រចាំកម្ពុជា នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

ក្នុងជំនួបនោះ សម្ដេចក្រឡាហោម ស ខេង បានរម្លឹកអំពីសវតានៃការជួយជ្រោមជ្រែងពីសំណាក់អង្គការទាំងពីរមកលើកម្ពុជានិយាយជារួម និងដោយឡែកការគាំទ្រផ្សេងៗមកលើក្រសួងមហាផ្ទៃ ក្នុងនោះក៏មានគម្រោងមួយចំនួនពាក់ព័ន្ធនឹងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។ សម្ដេចក៏បានយកឱកាសនោះ ថ្លែងបញ្ជាក់ច្បាស់ៗជូនម្ចាស់ជំនួយទាំងពីរ អំពីផែនការផ្ទេរមុខងារគ្រប់គ្រងបឋមសិក្សា មត្តេយសិក្សា និងការអប់រំក្រៅប្រព័ន្ធ ឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស បន្ទាប់ពីបានអនុវត្តសាកល្បងដោយជោគជ័យនៅក្រុង ស្រុក ចំនួន១៤ក្នុងខេត្តបាត់ដំបង។

គួរកត់សម្គាល់ថាដូចយន្តការច្រកចេញចូលតែមួយដែលចាប់ផ្ដើមពីដំបូងទីដែរ រដ្ឋបាលខេត្តបាត់ដំបងបានបន្តទទួលអនុវត្តសាកល្បងនូវការផ្ទេរមុខងារគ្រប់គ្រងវិស័យអប់រំមុនរដ្ឋបាល ក្រុង ស្រុកផ្សេងទៀតចាប់ពីដើមឆ្នាំ២០២០មក។ តាមរយៈវិមជ្ឈការនេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ទទួលបានអំណាចគ្រប់គ្រង ដឹកនាំ ចាត់ចែង ថវិកា ធនធានមនុស្ស ក្នុងវិស័យអប់រំទាំងបីខាងលើ ដែលពីមុនស្ថិតក្រោមការចាត់ចែងរបស់ថ្នាក់ជាតិ។ ធ្វើយ៉ាងដូច្នេះគឺដើម្បីឱ្យក្រុង ស្រុក ខណ្ឌ កាន់តែមានភាពជាម្ចាស់ និងបំពេញតម្រូវការបានលឿនរហ័សចំពោះការអភិវឌ្ឍវិស័យអប់រំក្នុងមូលដ្ឋានរបស់ខ្លួន ខណៈក្រសួងបន្តរក្សាអំណាចកម្រិតនយោបាយអប់រំ។

បន្ទាប់ពីបានស្ដាប់ប្រសាសន៍លើកឡើងរបស់សម្ដេចក្រឡាហោម លោក WILL Parks ប្រធានអង្គការយូនីសេហ្វ បានថ្លែងអំណរគុណសម្តេចក្រឡាហោមចំពោះការផ្តល់នូវព័ត៌មានបច្ចុប្បន្នភាពអំពីដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា និងបានបង្ហាញការកត់សម្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកក៏បានទទួលយកសំណូមពររបស់សម្ដេចក្នុងការបន្តជួយគាំទ្រដល់កិច្ចការពាក់ព័ន្ធទៅនឹងការលើកកម្ពស់ស្ត្រី និងការគាំពារដល់កុមារនៅថ្នាក់ក្រោមជាតិ ដោយផ្សារភ្ជាប់ទៅនឹងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកអះអាងតាមរយៈគម្រោង៤ឆ្នាំបន្តទៀតរបស់ខ្លួន យូនីសេហ្វនឹងបន្តរួមចំណែកជួយឱ្យក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបានគោលដៅវិមជ្ឈការ និងវិសហមជ្ឈការនេះ។

លោក WILL Parks ប្រធានអង្គការយូនីសេហ្

ចំណែកលោក SANUI Kazumasa ប្រធានតំណាង JICA ក៏បានស្ដាប់ដោយយកចិត្តទុកដាក់ចំពោះការផ្ដល់ព័ត៌មានស្ដីអំពីបច្ចុប្បន្នភាពកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការផ្ទេរមុខងារអប់រំឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនោះផងដែរ។ លោកបានជម្រាបសម្ដេចអំពីវិស័យបីធំៗដែល JICA បានចូលរួមផ្តល់កិច្ចសហការគាំទ្រនៅកម្ពុជា ទីមួយ ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍឧស្សាហកម្ម ទីពីរ ពាក់ព័ន្ធទៅនឹង គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន និងទីបីពាក់ព័ន្ធទៅនឹងការងារអភិបាលកិច្ច។ ការងារអភិបាលកិច្ចដែលសំដៅដល់ការពង្រឹងសមត្ថភាពមន្រ្តីក្នុងការអនុវត្តការងារនៅថ្នាក់ក្រោមជាតិ ជាពិសេសក្នុងបរិបទដែលថ្នាក់ជាតិបានវិមជ្ឈការសិទ្ធិអំណាចឱ្យជាបន្តបន្ទាប់។

SANUI Kazumasa ប្រធានតំណាង JICA

លោកប្រធានបានជម្រាបជូនសម្ដេចបន្ថែមថាកិច្ចការពាក់ព័ន្ធទៅនឹងការងារក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ថវិកាភាគច្រើនផ្ដោតលើការងារអភិបាលកិច្ច ការងារបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពមន្ត្រីរដ្ឋបាលមូលដ្ឋានក្នុងការជួយរៀបចំកសាងនូវគោលនយោបាយផ្សេងៗសម្រាប់ថ្នាក់ក្រោមជាតិ។ លោកក៏បានជម្រាបជូនសម្ដេចផងដែរថាដើម្បីបន្តជំរុញគាំទ្រដល់ការងារនេះ JICA ក៏បានចាប់បញ្ជូនអ្នកប្រឹក្សាយោបល់គោលនយោបាយមកជួយគាំទ្រដល់ក្រសួងមហាផ្ទៃទៅលើការងារពាក់ព័ន្ធនៅក្នុងក្របខ័ណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ។

សូមបញ្ជាក់ថាបើគ្មានការប្រែប្រួលទេ រាជរដ្ឋាភិបាលនឹងផ្ទេរមុខងារគ្រប់គ្រងវិស័យអប់រំទាំង៣នេះទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅដើមឆ្នាំ២០២៤។ ការបន្ថែមចំនួនគណៈអភិបាលនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ គឺជាផ្នែកមួយនៃការត្រៀមលក្ខណៈបង្កើន និងពង្រឹងធនធានមនុស្សធានាអនុវត្តមុខងារដែលថ្នាក់ជាតិបានផ្ទេរមកឱ្យមានប្រសិទ្ធិភាព។ តាមរយៈកំណែទម្រង់នេះ រាល់សំណើរ សំណូមពរ និងតម្រូវការ និងការសម្រេចចិត្តនានា ដូចជាផ្លាស់ប្ដូរគ្រូ និងបុគ្គលិកអប់រំ ប្ដូរនាយក ប្រធានការិយាល័យ ឬមន្រ្តី និងសិទ្ធិអំណាចផ្សេងដូចមានចែងក្នុងច្បាប់ នឹងធ្វើឡើងត្រឹមកម្រិតរដ្ឋបាលក្រុង ស្រុក ខណ្ឌតែប៉ុណ្ណោះ៕

Share.