សារព័ត៌មាន​រដ្ឋ​Kyodo របស់​ជប៉ុន បាន​បញ្ជាក់​ថា​នៅ​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ​ថា​រាជរដ្ឋាភិបាល​ប្រទេស​ខ្លួន​បាន​ពិភាក្សា​ជាមួយ​ស្ថាប័ន​កីឡា​ ពី​ការ​មិន​អនុញ្ញាត​ឱ្យ​ទស្សនិកជន​មក​ពី​ក្រៅ​ប្រទេស​ចូលរួម​ទស្សនា​ប្រកួត​កីឡា​អូឡាំពិក​និង​ប៉ារ៉ាឡាំពិក ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​តូក្យូ ក្នុង​ឆ្នាំ​២០២១ នេះ​ដើម្បី​ទប់ស្កាត់​ពី​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩។

រាជរដ្ឋាភិបាល​ជប៉ុន និង​ស្ថាប័ន​កីឡា​ជាតិ នឹង​ធ្វើការ​លើក​សំណើ​នេះ​ទៅ​ក្នុង​កិច្ច​ប្រជុំ​ជា​គណៈកម្មការ​អូឡាំពិក​អន្តរជាតិ​ និង​អ្នក​ពាក់ព័ន្ធ​នៅ​សប្ដាហ៍​ក្រោយ​ដើម្បី​សម្រេច​ចិត្ត​ផ្លូវការ​​ពី​រឿង​ទស្សនិកជន​ពី​ខាង​ក្រៅ​ប្រទេស​នេះ។

ជប៉ុន បាន​វាយ​តម្លៃ​ថា​​ប្រទេស​ខ្លួន​មិន​អាច​ស្វាគមន៍​ភ្ញៀវ​មក​ពី​ក្រៅ​ប្រទេស​បាន​នោះ​ទេ ព្រោះ​តែ​ទីសាធារណៈ​​កំពុង​រងការ​អុកឡុក​ពី​កូវីដ-១៩ ហើយ​ម្យ៉ាង​ទៀត កាល​ពី​ពេល​ថ្មី​មាន​​ប្រទេស/តំបន់​ ៨៨ ផ្សេង​គ្នា​ត្រូវ​បាន​ជប៉ុន​ ដាក់​ជា​ប្រទេស​ដែល​មាន​ជំងឺកូវីដ-១៩ទម្រង់ថ្មី មិន​អាច​ធ្វើ​ដំណើរ​ចូល​ប្រទេស​ខ្លួន​បាន។

ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​រដូវក្តៅ​ ដែល​ធ្វើ​នៅ​រាជធានី​តូក្យូ នេះ​​គ្រោង​មាន​​ការ​ចូលរួម​ពី​កីឡាករ​កីឡា​ការិនី ពី​ប្រទេស​/តំបន់​ចំនួន​២០៦ផ្សេង​គ្នា សរុប​ប្រមាណ​១១០៩១​នាក់ លើ​ប្រភេទ​៣៣​កីឡា​និង​៣៣៩​វិញ្ញាសា។ ការ​ប្រកួត​គ្រោង​ចាប់​ធ្វើ​ពី​ថ្ងៃ​ទី២៣ ខែ​​កក្កដា ដល់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១៕

Share.