សិល្បៈជាតិ៖ ក្រោយចេញមកវែកញែនៅលើបណ្ដាញសង្គមកាលពីប៉ុន្មានថ្ងៃមុននេះ ទាក់ទិននឹងរឿងលាចាកសិក្ខាបទរបស់ព្រះសង្ឃមួយអង្គ អតីតតារាចម្រៀង សាពូន មីដាដា ត្រូវបានអ្នកលេងបណ្ដាញសង្គមប្រតិកម្មតបវិញយ៉ាងចាស់ដៃ។ បើទោះលោកមិនបាននិយាយចំឈ្មោះក្តី តែត្រូវអ្នកលេងបណ្តាញសង្គមសន្មត់ថា លោក សាពូន មីដាដា កំពុងបាញ់ការវាយប្រហារតាមពាក្យសម្ដីទៅលើ ព្រះគ្រូ សាន សុជា។

លោក សាពូន មីដាដា បានបង្ហោះឡើងថា ៖ « បុគ្គលណាដែលបួសយូរឆ្នាំ( 20>30ឆ្នាំ) ហើយសឹកវិញ ភាគច្រើនមិនយូរទេនឹងប្រទូសប្រាសចាកសីល 5 ដោយអំណាចស្តេចមារសន្ធប់ចិត្តបុគ្គលនោះឲ្យក្លាយជាបុគ្គលពាល ដូចឃើញមានកន្លងមកស្រាប់ ….»។ ការបង្ហោះរបស់លោកបានធ្វើឱ្យអ្នកលេងបណ្ដាសង្គមមិនពេញចិត្តសោះឡើយ ពួកគេបានចូល Comment តបតទៅកាន់លោកវិញដោយពាក្យជេរប្រមាថធ្ងន់ៗ និងចម្អេះចំអាស សឹងតែទទួលយកមកមិនបាន។

យ៉ាងណាមិញ អតីតតារាចម្រៀងរូបនេនៅតែបន្តបោះពាក្យសម្ដីឱ្យអ្នកលេងបណ្ដាញសង្គមវិញថា ៖ «ឃើញអ្នកចូលមកcomment ជេរខ្ញុំហូរហែដែរ ព្រោះតែខ្ញុំបានបង្ហោះនូវcaption ដែលថា បុគ្គលបានបួសពី20>30 ឆ្នាំ ហើយពេលសឹកវិញនឹងត្រូវស្តេចមារសន្ធប់ចិត្តបុគ្គលនោះឲ្យក្លាយជាបុគ្គលពាល ( ទើបតែសឹកប៉ុន្មានថ្ងៃសោះ លៀនកន្ទុយបណ្តើរៗហើយ បន្តិចទៀតនឹងក្លាយជាគ្រូទាយ ស្រោចទឹក ធ្វើខ្សែរកថា មន្តអាគមអូមអាម ដែលជា តិរច្ឆានវិជ្ជា ដែលព្រះពុទ្ធបានហាម) ចូរម្នាលទាំងឡាយជេរខ្ញុំចុះ ខ្ញុំមិនប្រកាន់ខឹងអីទេ ព្រោះពួកអ្នកទាំងឡាយមិនមានឧបនិស័្សយអាចយល់ដល់ជម្រៅនៃព្រះធម៌ឡើយ ព្រះត្រៃបិដក84000 ព្រះធម្មក្ខន្ធ មានស្រាប់ សូមឆ្លៀតស្រាវជ្រាវរៀនសូត្រណា ព្រះធម៌របស់ព្រះពុទ្ធនឹងបង្ហាញផ្លូវទំលុះសច្ចធម៌ដោយខ្លួនឯង»។

ការបង្ហោះរបស់ម្ចាស់បទ «និយមន័យស្នេហ៍» ខាងលើនេះ គឺពិតមិនបានចាក់ទឹកពន្លត់ភ្លើងនោះទេ បែរជាបង្កើនកំដៅឱ្យតែងំថែមទៀតនៅលើបណ្ដាញសង្គម។ គេសង្កេតឃើញមានមហាជនជាច្រើនណាស់ មិនពេញចិត្តចំពោះមតិរបស់លោក និងទទូចឱ្យលោកឈប់បញ្ចេញទ្រឹស្តីនៅលើបណ្ដាញសង្គមបន្តទៅទៀត។

គួររំលឹកដែរថា លោក សាពូន មីដាដា គឺជាអតីតតារាចម្រៀងដែលមានឈ្មោះបោះសំឡេងនិងទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់អ្នកគាំទ្រកាលពីជាង ១០ឆ្នាំមុន ប៉ុន្តែលោកបានធ្លាក់ប្រជាប្រិយភាពវិញក្រោយពេលដែលលោកបានលែងលះជាមួយអ្នកនាង សឿ សុធារ៉ា និងផ្ទុះអាស្រូវមិនទទួលខុសត្រូវក្នុងការចិញ្ចឹមកូន រហូតមានអ្នកខ្លះទៀតលើកឡើងថា លោកដើរចោលបំណុលទុកឱ្យអ្នកនាង សឿ សុធារ៉ា រាប់រងម្នាក់ឯង៕

Share.