ទីបំផុតទៅ គណបក្សភ្លើងទៀន ត្រូវបាត់វត្តមានពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ជាស្ថាពរ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានប្រជុំ និងពិនិត្យឃើញថាបណ្ដឹងដែលគណបក្សមួយនេះប្ដឹងទាស់នឹងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខុសនឹងគតិច្បាប់។

ខុសនឹងគតិច្បាប់ មានន័យស្មើនឹងក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យឃើញថាសេចក្ដីសម្រេចរបស់ គ.ជ.ប ដែលបដិសេធមិនចុះបញ្ជីឱ្យគណបក្សជំទាស់មួយនេះមានភាពត្រឹមត្រូវតាមច្បាប់។ ទន្ទឹមគ្នានឹងគណបក្សភ្លើងទៀននោះ គណបក្សមហាសាមគ្គីជាតិខ្មែរដែលទើបលេចមុខក៏ត្រូវក្រុមប្រឹក្សាធម្មនុញ្ញបដិសេធដូចគ្នាដែរ។

នៅថ្ងៃតែមួយដែលក្រុមប្រឹក្សាធម្មនុញ្ញចេញសេចក្ដីសម្រេចដែលមានអំណាចបិទផ្លូវតវ៉ានេះដែរ គ.ជ.ប ក៏បានបើកកិច្ចប្រជុំសម្រេចលើរបៀបវារៈមួយចំនួន ក្នុងនោះស្ថាប័នរៀបចំការបោះឆ្នោតមួយនេះ ក៏បានសម្រេចកំណត់យកថ្ងៃទី២៩ ខែឧសភា ជាថ្ងៃចាប់លេខរៀងគណបក្សនយោបាយដែលត្រូវស្ថិតលើសន្លឹកឆ្នោតដែរ។

សេចក្ដីប្រកាសព័ត៌មានដែល គ.ជ.ប បានចេញផ្សាយនៅរសៀលថ្ងៃទី២៥ ខែសភានេះ បានលម្អិតឱ្យដឹងថាពិធីចាប់លេខរៀងគណបក្សនយោបាយនឹងត្រូវធ្វើឡើងក្រោមវត្តមានឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងសម្ដេចព្រះសង្ឃរាជទាំងពីរគណ នាវេលាម៉ោង៨ព្រឹក នៅទីស្នាក់ការ គ.ជ.ប។

សូមបញ្ជាក់ថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតកាលទី៧នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដាខាងមុខ។ ដោយផាត់ចេញគណបក្សភ្លៀងទៀន និងគណបក្សមហាសាមគ្គីខ្មែរ មានគណបក្សចំនួន១៨ត្រូវ គ.ជ.ប ទទួលចុះបញ្ជី ខណៈការបោះឆ្នោតនីតិកាលទី៦ ឆ្នាំ២០១៨ មានគណបក្សនយោបាយចំនួន២០ចូលរួម៕

Share.