ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានថយចុះច្រើន ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ តួលេខជាវិជ្ជមាននេះត្រូវបានសម្ដេច ស ខេង ប្រកាសក្នុងកម្មវិធីទិវាសុវត្ថិភាពចរាចរណ៍ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ បើតាមសម្ដេចប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍៤ខែនេះ មាន១ ០១១លើក ថយចុះ១៥៤លើក ស្មើនឹង១៣ភាគរយ ខណៈ៤ខែដើមឆ្នាំមុនមាន១១៦៥លើក។

ក្រៅពីតួលេខក្របខណ្ឌទូទាំងប្រទេស នៅខេត្តកណ្ដាលក៏ស្ថានភាពចរាចរណ៍មានការធ្លាក់ចុះអត្រាគ្រោះថ្នាក់ផងដែរ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថាក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កើតមាន៣៣លើក ខណៈឆ្នាំមុនមាន៥៩លើក ថយចុះ២៦លើក ស្មើ៤៤ភាគរយ។ ឯកឧត្តមបន្ថែមថាគ្រោះថ្នាក់នេះបណ្ដាលឱ្យស្លាប់និងរបួសសរុប៥៧នាក់ ខណៈ៣ខែឆ្នាំទៅមាន១១២នាក់ ក្នុងនោះស្លាប់១៩នាក់ ថយចុះ២៣នាក់។

បើតាមឯកឧត្តម គង់ សោភ័ណ្ឌ សម្រាប់គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកណ្ដាល ក្នុងចំណោមអ្នកស្លាប់១៩នាក់នោះ មានអ្នកបើកបរម៉ូតូ១៤នាក់ មិនពាក់មួកសុវត្ថិភាព ៩នាក់ អ្នករួមដំណើរម៉ូតូ២នាក់មិនពាក់មួកសុវត្ថិភាព អ្នកបើកបររថយន្ត២នាក់ និងអ្នកថ្មើជើងម្នាក់ ខណៈមូលហេតុនៃគ្រោះថ្នាក់គឺបើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្ដាំ មិនគោរពសិទ្ធិអាទិភាពជាដើម។ គ្រោះថ្នាក់នេះបណ្ដាលឱ្យខូចថយន្ត៣៨គ្រឿង ម៉ូតូ៣២គ្រឿង ព្រមទាំងបន្សល់ទុកនូវវិបត្តិសង្គមដូចជាជនមានពិការភាព កុមារកំព្រា ស្ត្រីមេម៉ាយ ចាស់ជរាឥតទីពឹង។

ក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីសាធារណការនិងដឹកជញ្ជូន កងរាជអាវុធហត្ថ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបានបំពេញតួនាទីភារកិច្ចរក្សា សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់។

សម្ដេច បានបន្តលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែកក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ ការផ្សព្វផ្សាយអប់រំច្បាប់ ការសង្គ្រោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងកិច្ចការសំខាន់ៗជាច្រើនទៀតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ក្នុងស្ថានភាពមានកំណើនយានយន្ត បញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏នៅតែកើតមានជារៀងរាល់ថ្ងៃ បើទោះបីមានកម្រិតមួយទាប។ សម្ដេចបានអំពាវនាវពលរដ្ឋទាំងអស់ប្រើប្រាស់ផ្លូវ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់អនុវត្តវិធានការសំខាន់ៗដូចជា មិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងញៀន ឬគ្រឿងស្រវឹង និងប្រើប្រាស់យាន្តជំនិះអោយបានត្រឹមត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេស ពោលគឺរួមគ្នាគោរពអនុវត្តច្បាប់ចរាចរណ៍ មិនមែនខ្លាចមន្ត្រីនគរបាលចរាចរណ៍នោះទេ។

សម្ដេចក៏បានណែនាំមន្ត្រីនគរបាលចរាចរណ៍ទាំងអស់បន្តការពន្យល់ អប់រំ ណែនាំប្រជាពលរដ្ឋមុននឹងធ្វើការផាកពិន័យបទល្មើសចរាចរណ៍ និងត្រូវគោរពសិទ្ធិប្រជាពលរដ្ឋ។ សម្ដេចបន្ថែមថា ការផាកពិន័យបទល្មើសចរាចរណ៍ត្រូវផ្អែកលើគោលការណ៍ច្បាប់ដែលមានជាធរមាន និងអនុវត្តឱ្យបានស្មើភាពគ្នា ដោយមិនប្រកាន់ ឬបែងចែកបក្ខពួកនោះទេ ហើយរាល់ការផាកពិន័យត្រូវចេញវិក័យបត្រ និងយោងមាត្រាច្បាប់ឱ្យបានត្រឹមត្រូវ ចៀសវាងការយកច្បាប់ចរាចរណ៍ធ្វើជាអាជីវកម្ម ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន។

ដូចគ្នាដែរ អាជ្ញាធរមូលដ្ឋាននៅទូទាំងរាជធានី-ខេត្តទាំងអស់ ក៏ត្រូវបានសម្ដេចណែនាំឱ្យខិតខំធ្វើការផ្សព្វផ្សាយ អប់រំច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា ត្រូវយកចិត្ត ទុកដាក់ និងពិនិត្យឡើងវិញចំពោះអាជីវកម្មមួយចំនួនដែលបង្ករផលរំខាន ឬផលប៉ះពាល់ ដល់សុវត្ថិភាពចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈរបស់ប្រជាពលរដ្ឋ និងពិនិត្យមើល ចំពោះ ការផ្សព្វផ្សាយផលិតផលទាំងឡាយណាដែលមានឥទ្ធិពលអវិជ្ជមាន ឬហានិភ័យ ដល់សុវត្ថិភាពចរាចរណ៍៕

Share.