ប៉ូលីសជប៉ុនបានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានសម្លាប់មនុស្ស ៤នាក់ ក្នុងការវាយប្រហារដោយកាំបិត និង កាំភ្លើងនៅកណ្ដាលប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ សុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។



ជនសង្ស័យនេះ បានចាក់សម្លាប់ស្រ្តីម្នាក់ រួចបាញ់សម្លាប់ប៉ូលីស ២នាក់ នៅក្នុងទីក្រុង Nakano នៃខេត្ត Nagano ក្រោយមកអ្នកស្លាប់ទី៤ ត្រូវបានបញ្ជាក់ចុងក្រោយគេ ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយថា ជនសង្ស័យ គឺជា កូនប្រុសរបស់ប្រធានសភាក្រុង។
ប៉ូលីសបានប្រាប់ AFP ថា ជនសង្ស័យមានអាយុ ៣១ឆ្នាំ បាននាំយកទៅឃុំខ្លួននៅម៉ោង ៤:៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) ក្រោយមកបានចោទប្រកាន់ជនសង្ស័យខាងលើពីបទ មនុស្សឃាតដោយប្រើកាំភ្លើងបាញ់ប្រហារ។



យ៉ាងណាម៉ិញ មិនទាន់មានហេតុផលណាមួយលេចឡើងក្នុងការសម្លាប់រង្គាលនេះទេ ហើយក៏មិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណជាផ្លូវការដែរ បើទោះជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានរាយការណ៍ថា គាត់ជាកូនប្រុសរបស់ប្រធានសភាក្រុង Nakano ក៏ដោយ។



អំពើហិង្សានៅតំបន់ជនបទ នៃភាគខាងលិច ប្រទេសជប៉ុន គឺជា ករណីឧក្រិដ្ឋកម្មហិង្សាដ៏កម្រនៅក្នុងប្រទេសជប៉ុន ដែលមានអត្រាឃាតកម្មទាប និង មានការរឹតបន្តឹងច្បាប់ប្រើប្រាស់កាំភ្លើងដ៏តឹងរ៉ឹងបំផុតមួយរបស់ពិភពលោក។
ពាក់ព័ន្ធនឹងច្បាប់កាំភ្លើងក្នុងប្រទេសជប៉ុនវិញ មានការរឹតបន្ដឹងណាស់ ដោយអ្នកដែលមានសិទ្ធិប្រើប្រាស់កាំភ្លើងត្រូវឆ្លងកាត់ការពិនិត្យយ៉ាងតឹងរ៉ឹង និង ត្រូវធ្វើតេស្ដសុខភាពផ្លូវចិត្ត មុននឹងអាចទិញកាំភ្លើងប្រើប្រាស់បាន ប៉ុន្ដែកាំភ្លើងខ្លី និង កាំភ្លើងខ្យល់ ត្រូវបានអនុញ្ញាតឲ្យទិញប្រើទៅវិញ៕


