សិល្បៈជាតិ៖ អ្នកនាង ចាន់ សុផានី បាននិយាយនៅក្នុងវីដេអូ Live បកស្រាយដោយប្រាប់មហាជនថា អ្នកនាងសុំបញ្ចប់រឿងជាមួយ ហ្សូណូ ដោយមិនទាមទារអ្វីទាំងអស់ក្រៅពីឱ្យតារាចម្រៀងល្បីនៅផលិតកម្មហង្សមាសរូបនេះ ជួយចិញ្ចឹមទំនុកបម្រុងកូនស្រីតែប៉ុណ្ណោះ។

នៅក្នុងវីដេអូ Live បកស្រាយនោះ អ្នកនាង ចាន់ សុផានី បានឆ្លើយតបទៅលោក កៅ សីហា វិញ បន្ទាប់ពីលោកបានលូកមាត់ធ្វេីសក្សីរស់ឱ្យ ហ្សូណូ ចំពោះដែលលោក ហ្សូណូ បានយកលុយទៅជូនអ្នកនាងសម្រាប់ចិញ្ចឹមកូន និងមានពេលខ្លះខ្ចីម៉ូតូលោកជិះទៅជួបអ្នកនាង សុផានី ថែមទៀតផង។

អ្នកនាង ចាន់ សុផានី បានអះអាងថា អ្នកនាងទទួលស្គាល់ថា រឿងដែលលោក កៅ សីហា និយាយនោះគឺនៅក្នុងអំឡុងឆ្នាំ ២០១៣ ដែលជាឆ្នាំអ្នកនាងនិងអតីតគូស្នេហ៍ដែលជាលោក ហ្សូណូ នៅមិនទាន់បានចែកផ្លូវគ្នានៅ​ឡើយ​ទេ​។ អ្នកនាងបង្ហើបទាំងទឹកភ្នែកទៀតថា អ្នកដែលល្អនឹងលោក ហ្សូណូ ពិតប្រាកដគឺមានតែលោក សាន ផានិត ទេនៅឆ្នាំនោះ ដែលលោកបានជួយរកកម្មវិធីច្រៀងឱ្យលោក ហ្សូណូ បានចេញច្រៀង និងយកប្រាក់​មក​ជួយ​ទំនុកបម្រុងថ្លៃទឹកដោះគោកូន។ តែមិនមែនលោកសីហាឡើយ ដែលបានត្រឹមកំដរ ហ្សូណូ ពេលខូចចិត្ត។

អតីតពិធីការិនីល្បីឈ្មោះរូបនេះបានទម្លាយប្រាប់មហាជនឱ្យដឹងបន្ថែមថា អតីតកាលរបស់អ្នកនាងជាមួយលោក ហ្សូណូ គឺបានចាប់ផ្ដើមស្គាល់គ្នានៅអំឡុងឆ្នាំ ២០០៦ និងបានចំណាយពេលមើលចិត្តថ្លើមគ្នារយៈពេល ២​ឆ្នាំ។ លុះដល់ឆ្នាំ ២០០៨ ទើបអ្នកនាង និងលោក ហ្សូណូ ចាប់ដៃគ្នារួមរស់ជាគូស្នេហ៍ និងបានរស់ឆ្ងាយពីក្រុមគ្រួសារ។ អស់រយៈពេល ៥ ឆ្នាំដែលអ្នកទាំងពីរបានរួមរស់ជាមួយគ្នា ហើយក៏ទទួលបានមរតកគាប់ចិត្តជាចំណងដៃ នោះគឺ កូនស្រីដែលមានឈ្មោះ កែ ច័ន្ទមុន្នីផ្កា។ អ្នកនាងបន្តថា នៅឆ្នាំ ២០១៣ អ្នកនាងនិងលោកហ្សូណូ ចាប់ផ្ដើមមានរឿងមិនចុះសម្រុង ហើយបានចែកផ្លូវគ្នាដាច់ស្រេចនៅឆ្នាំ ២០១៤។

អ្នកនាង ចាន់ សុផានី លើកឡើងទៀតក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងនេះ អ្នកនាងត្រូវរាប់រងចិញ្ចឹមកូនស្រីតែម្នាក់ឯង ដឹកដៃកូនស្រីនៅលើវិថីមួយដែលមិនមានភាពងាយស្រួលនោះទេទាំង ជីវភាព និងការសិក្សារបស់កូនស្រី។ ទោះជាយ៉ាងណា អ្នកនាងនៅតែរឹងមាំចិញ្ចឹមកូនស្រីឱ្យមានវ័យធំធាត់មកទល់អាយុ ១៥ ឆ្នាំនេះ។

អ្នកនាង ចាន់ សុផានី ទទួលស្គាល់ថា លោក ហ្សូណូ គឺពិតជាព្រងើយកន្តើយជាមួយកូនស្រី ហើយអ្នកនាងទទួលស្គាល់ទៀតថា កាលពី ១ ឆ្នាំមុន អ្នកនាងធ្លាប់មានជំងឺផ្លូវចិត្ត នោះក៏ដោយសារតែអ្នកនាងទ្រាំមិនបានចំពោះភាពផ្លាស់ប្ដូររបស់កូនស្រីដែលប្រែជារឹងរូសមិនស្ដាប់សម្ដី នៅពេលគេបាននិយាយទាក់ទងជាមួយឪពុក។ ប៉ុន្តែអ្នកនាងបានទទួលការព្យាបាលផ្លូវចិត្ត និងមានស្មារតីល្អដូចដើមវិញ។

ដោយឡែកអ្នកនាង ចាន់ សុផានី បានទទូចមហាជនកុំជេរបន្ទោសអ្នកនាង ដោយនាងអះអាងថា ការដែលអ្នកនាងចេញមុខមកនេះគឺមិនចង់បានអ្វីនោះទេ ពោលគឺធ្វើដើម្បីតែកូនស្រីតែប៉ុណ្ណោះ។ អ្នកនាងបានដង្ហើយសុំបញ្ចប់រឿងជាមួយ ហ្សូណូ ព្រោះទំនាក់ទំនងរវាងអ្នកទាំងពីរបានបញ្ចប់ហើយ និងបានបន្សល់តែការឈឺចាប់តែប៉ុណ្ណោះ។ អ្នកនាងបន្តថា អ្នកនាងមានលក្ខខណ្ឌតែមួយគត់ គឺសុំឱ្យឱ្យលោក ហ្សូណូ ចិញ្ចឹមនិងទំនុកបម្រុងកូនស្រី ព្រោះអីជីវភាពរបស់អ្នកនាងនៅពេលនេះបានធ្លាក់ដល់ចំណុចសូន្យហើយ៕

ដើម្បីលម្អិតបន្ថែម សូមទស្សនាវីដេអូបកស្រាយរបស់អ្នកនាង ចាន់ សុផានី

Share.