ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ ទំនងក្លាយជាការបោះឆ្នោតដែលនឹងបន្សល់អនុស្សាវរិយ៍ជីវិតនយោបាយចុងក្រោយមួយសម្រាប់ឯកឧត្តម ញឹក ប៊ុនឆៃ។ នៅអាណត្តិនេះ អ្នកនយោបាយដែលឆ្លងកាត់ព្យុះភ្លៀងច្រើនក្នុងវិថីនយោបាយនៅកម្ពុជារូបនេះ បានបន្តឈរជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យនៃគណបក្សខ្មែររួបរួមជាតិ។ គណបក្សខ្មែរួបរួមជាតិ ជាគណបក្សដែលឯកឧត្តម ញឹក ប៊ុនឆៃ បានបង្កើតឡើង ក្រោយមានការប្រេះឆាលើកចុងក្រោយថ្មីមួយទៀតជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច។

តាមរយៈវីដេអូខ្លីមួយដែលត្រូវបានចេញផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ឯកឧត្តម ញឹក ប៊ុនឆៃ បានថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលនយោបាយផ្ទៃក្នុងមួយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ អំពីការប្ដេជ្ញាចិត្តប្រជែងការបោះឆ្នោតខាងមុខនក្នុងន័យដើមថា«ខ្ញុំប្ដេជ្ញាចិត្តខ្ពស់ជាងគេ! ព្រោះមានឱកាសតែមួយអាណត្តិនេះទេ កើតឬមិនកើត តែមួយអាណត្តិនេះទេ បើថាមិនកើតទេ សម្រាក! ឱ្យអ្នកដឹកនាំថ្មីមកដឹកនាំបន្ត ព្រោះប្ដេជ្ញាចិត្តលើកនេះប្ដេជ្ញាខ្លាំង យ៉ាងម៉េចក៏ដោយ ប្រឹងប្រែងរកមធ្យោបាយដោះស្រាយ ហើយឱកាសល្អមានតែមួយពេលនេះទេ»។

ឯកឧត្តម ញឹក ប៊ុ​ន​ឆៃ កើត​នៅ​ថ្ងៃ​ទី​៧ ខែ​កម្ភៈ ឆ្នាំ​១៩៥៨ នៅ​ភូមិ​តា​អុង​ខាងលិច ឃុំ​ស្វាយចេក ស្រុក​ថ្មពួក ខេត្តបាតដំបងដែលបច្ចុប្បន្នក្លាយជាដែនដីនៃខេត្តបន្ទាយមានជ័យ។ ឥស្សរជនរូបនេះ មានឪពុក​ឈ្មោះ​ញឹក ឆេ​ន និងម្ដាយ​ឈ្មោះ​អួន សា​ម៉េ​ត។ បើ​តាម​សៀវភៅ​សំណាង​មួយ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់ដែលឯកឧត្តមសរសេរផ្ទាល់ នៅ​ឆ្នាំ​១៩៧៩ ឯកឧត្តមបានរៀបការជាមួយអ្នកស្រី​ សំ សុភាព និងទទួលបានកូន​ស្រី​ពីរ​នាក់​។ ឯកឧត្តមមានប្រវត្តនតយោបាយគ្រប់រស់ជាតិ ទាំងជាមេទ័ព ជាឧបនាយករដ្ឋមន្រ្តី ជាប្រធានគណបក្ស និងធ្លាប់ជាប់ពន្ធនាគារទៀតផង។

បច្ចុប្បន្ន ឯកឧត្តម មានអាយុមិនទាន់៧០ឆ្នាំនៅឡើយទេ។ ក៏ប៉ុន្តែឯកឧត្តម ហាក់មានសុខភាព ពុំសូវមាំទាំឡើយ។ ក្នុងអំឡុងពេលជាប់ពន្ធនាគារកាលពីឆ្នាំ២០១៧ ឯកឧត្តម ញឹក ប៊ុនឆៃ ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដោយសារមានបញ្ហាសុខភាព។ យ៉ាងណាក័ដោយ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្តម ញឹក ប៊ុនឆៃ នៅតែបង្ហាញសកម្មភាពដឹកនាំកិច្ចប្រជុំ ដឹកនាំការជួបជុំសកម្មជន និងអញ្ជើញទៅស្រុកកំណើតឯខេត្តបន្ទាយមានជ័យដើម្បីជួបសំណេះសំណាលជាមួយអតីតសហការី និងមិត្តភក្ដិ។

តើនរណានឹងក្លាយជាអ្នកដឹកនាំគណបក្សនេះ ប្រសិនបើទីបំផុតឯកឧត្តម ញឹក ប៊ុនឆៃ នឹងត្រូវសំរាកពីឆាកនយោបាយ? ចម្លើយនៅមិនទាន់ច្បាស់នៅឡើយទេ។ ទាញចេញពីភាពស្រពេចស្រពិលនេះ អ្នកតាមដានស្ថានការណ៍នយោបាយ អាចសាកល្បងនឹកឃើញដល់ឯកឧត្តម យ៉ែម បុញ្ញឬទ្ធិ អតីតមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ និងចុងក្រោយបានបង្កើតគណបក្សកម្ពុជានិយម ហើយបានមកចូលរួមជាមួយគណបក្សខ្មែររួមជាតិនៅក្រោយការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២។ បច្ចុប្បន្ន ឯកឧត្តម យ៉ែម បុញ្ញឬទ្ធិ មានតួនាទីជាអនុប្រធានគណបក្សខ្មែរួបរួមជាតិ៕

Share.