អ្នកលក់គុយទាវម្នាក់នៅប្រទេសវៀតណាម ដែលល្បីខាងធ្វើត្រាប់តាមមេចុងភៅល្បីឈ្មោះ «Salt Bae» បានមើលងាយមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប ដោយត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំកន្លះ កាលពីថ្ងៃ ព្រហស្បតិ៍ បន្ទាប់ពីតុលាការបានរកឃើញថា បុរសម្នាក់នោះមានទោសពីបទឃោសនាប្រឆាំងរដ្ឋអំណាច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នាថ្ងៃ សុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។



វីដេអូរបស់បុរសឈ្មោះ Bui Tuan Lam អាយុ ៣៩ឆ្នាំ បានល្បីរីករាលដាលកាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលដែលវាត្រូវបានបង្ហោះប៉ុន្មានថ្ងៃ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់វៀតណាមម្នាក់ ត្រូវបានគេថតបានដោយកាមេរ៉ា ពេលកំពុងញ៉ាំសាច់គោស្ទេក មានកម្ទេចមាសរោយពីលើ នៅភោជនីយដ្ឋានរបស់មេចុងភៅតួកគីដ៏ល្បីឈ្មោះ គឺលោក Nusret Gökçe ឬ ឈ្មោះក្រៅគេស្គាល់ថា «Salt Bae» មួយកន្លែងក្នុងទីក្រុងឡុងដ៍។
លោក Lam មានឈ្មោះ «Green Onion Bae» នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានចាប់ខ្លួនកាលពីចុងឆ្នាំមុន។



នាយកដ្ឋានប៉ូលីសទីក្រុង Danang បាននិយាយបន្ទាប់ពីការកាត់ក្តីរយៈពេលមួយថ្ងៃថា កាលពីថ្ងៃព្រហស្បតិ៍ លោក Lam ត្រូវបានកាត់ទោសពីបទ «បង្កើត រក្សាទុក ចែកចាយ ឬផ្សព្វផ្សាយព័ត៌មាន ឯកសារ និង វត្ថុតាងផ្សេងៗដែលប្រឆាំងនឹងរដ្ឋអំណាច»។
នាយកដ្ឋានប៉ូលីសនៅ Danang បានឲ្យដឹងថា លោក Lam ត្រូវបានគេរកឃើញថា បានបង្ហោះអត្ថបទចំនួន១៩ និង វីដេអូចំនួន២៥ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីបំភ្លៃ និង បង្ខូចមុខមាត់រដ្ឋអំណាចវៀតណាមផងដែរ។ទាក់ទិននឹងបញ្ហានេះ មេធាវីរបស់លោក Lam មិនអាចទាក់ទងបានភ្លាមៗដើម្បីសុំការអត្ថាធិប្បាយបានទេ។
លោក Phil Robertson នាយករងអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបានអំពាវនាវឲ្យរដ្ឋាភិបាលវៀតណាម បញ្ឈប់ការកាត់ទោស លោក Lam និង អ្នកផ្សេងទៀតសម្រាប់ការរិះគន់បក្សកុម្មុយនិស្តវៀតណាម។ ស
សូមជម្រាបថា ក្រៅពីការបើកតូបលក់គុយទាវនៅក្នុងទីក្រុង Danag លោក Lam ធ្លាប់បាននិយាយគាំទ្រជាសាធារណៈដើម្បីលទ្ធិប្រជាធិបតេយ្យនៅវៀតណាម និង បានចូលរួមក្នុងការតវ៉ាជាច្រើនដោយមានទាំងការប្រឆាំងចិន និង គាំពារបរិស្ថាន៕


