នៅព្រឹកមិញនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទឹកដីខេត្តបាត់ដំបង ដើម្បីប្រារព្ធពិធីចែកប្លង់រឹងជូនអតិថិជន។ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន អ្នកជំនួញល្បីវ័យក្មេងដែលមានប្រភពចេញពីពលករ និងជាកូនកសិករខេត្តព្រៃវែងរូបនេះ បានរៀបចំពិធីចែកប្លង់រឹងជូនអថិជនយ៉ាងរីករាយ។

ពិធីចែកប្លឹង់រឹងប្រព្រឹត្តទៅប្រៀបដូចជាពិធីជប់លៀងអ៊ីចឹងដែរ។ តន្រ្តីសម័យបានប្រគុំលាន់កងរំពងអមដោយការច្រៀងពីតារាល្បីៗ ក្នុងនោះក៏មានទាំងលោក ខាន់ ជេមស៍ ផងដែរ។ ចំណែកពលរដ្ឋជាអតិថិជនវិញ ខ្លះក៏ស្កាត់ប្រជ្រៀតគ្នាសុំថតរូប ហើយខ្លះទៀតក៏រាំកំសាន្តបែកញើសជោកជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

តាមគម្រោង ក្រោយបញ្ចប់ពិធីចែកប្លង់រឹងជូនអតិថិជននៅខេត្តបាត់ដំបងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានធ្វើដំណើរតាមឧទ្ធម្ភាចក្រចេញពីទីនោះឆ្ពោះមកកាន់គម្រោងអចលនទ្រព្យរបស់ខ្លួននៅភូមិសាស្រ្តផ្លូវ៦ ដើម្បីជួបជុំអតិថិជនធ្វើពិធីចែកប្លង់រឹងនេះបន្តទៀត។

សូមបញ្ជាក់ថានាប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានជួបព្យុះភ្លៀងជាមួយក្រុមអតិថិជនមួយចំនួនអះអាងតាមបណ្ដាញសង្គមថាក្រុមហ៊ុនអចលនទ្រព្យដែលរកស៊ីជាមួយអតិថិជនមានចំណូលមធ្យម និងក្រោមមធ្យមមួយនេះមិនគោរពកិច្ចសន្យាសាងសង់លំនៅដ្ឋាន៕

Share.