​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ប្រចាំ​តំបន់អាស៊ាន ក្នុង​ពានរង្វាន់ AFC Cup 2021 រវាង​ក្រុម​វិសាខា ជាមួយ​ក្រុម Lalenok United របស់​ទីម័រខាងកើត នឹង​​ប្រកួត​ក្នុង​ទឹកដី​កណ្តាល​គឺ​ប្រទេស​សិង្ហបុរី ព្រោះ​តែ​ស្ថានភាព​កូវីដ-១៩ មិន​ថមថយ។ នេះ​បើ​​យោង​តាម​​ការ​ចេញ​ផ្សាយ​​របស់​សារព័ត៌មាន Tatoli ជា​ភាសា Tetum បាន​ស្រង់​សម្តី​របស់​លោក Frederico Martins អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​ប្រទេស​ទីម័រខាងកើត។

ក្បាលម៉ាស៊ីន​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ទីម័រខាងកើត បាន​​បន្ថែម​ថា៖«ក្រុម Lalenok United FC ដែល​តំណាង​ឱ្យ​​ទីម័រខាងកើត នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​វិសាខា របស់​កម្ពុជា ក្នុង​ខែ​មេសា ខាង​មុខ នៅ​កីឡដ្ឋាន​ជាតិ​របស់​សិង្ហបុរី។ ចំពោះ​ក្រុម Lalenok United FC នឹង​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) ជា​ច្រើន​បូក​ទាំង​ការ​ធ្វើដំណើរ ស្នាក់នៅ ហូបចុក ចំណែក​ការ​ហោះហើរ​ពី​ទីម័រខាងកើត ទៅ​សិង្ហបុរី គឺ​ត្រូវ​ពិភាក្សា​គ្នា​ជាមួយ​ក្លិប​ផ្សេងៗ​សិន»។

ប្រភព​បន្ត​ថា​ក្រុម Lalenok United FC និង​ក្រុម​៥​ផ្សេង​ទៀត នឹង​ទទួល​បាន​ថវិកា​ប្រមាណ​៤ម៉ឺន​ដុល្លារ​អាមេរិក ពី AFC ដូចគ្នា ក្រោយ​ទទួល​បាន​សិទ្ធិ​ចូលរួម​ប្រកួត​ក្នុង​ពាន​រង្វាន់​នេះ ខណៈ​ក្រុម​៥ផ្សេង​ទៀត​មាន​ដូចជា វិសាខា របស់​កម្ពុជា, Chanthabouly របស់​ឡាវ, Kasuka របស់​ប្រ៊ុយណេ, Hanthawady United របស់​មីយ៉ាន់ម៉ា និង Persipura Jayapura របស់​ឥណ្ឌូណេស៊ី។

​ក្រុម Lalenok United FC ជា​ក្រុម​តែមួយ​គត់​ក្នុង​ប្រទេស​ទីម័រខាងកើត ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ AFC Club Licensing ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី។

អ្នក​ឈ្នះ​រវាង​ក្រុម វិសាខា ជាមួយ​ក្រុម Lalenok United FC នឹង​ត្រូវ​ឡើង​ទៅ​ជួប​ក្រុមPersipura Jayapura របស់​ឥណ្ឌូណេស៊ី ដើម្បី​បន្ត​ស្វែង​រក​អ្នក​ឈ្នះ​ដណ្តើម​កៅអី​ឡើង​ទៅ​លេង​វគ្គ​ចែក​ពូល​​ក្នុង​ពូល H ដែល​មាន​ក្រុម Kedah Darul Aman របស់​ម៉ាឡេស៊ី, ក្រុម Lion City Sailors របស់​សិង្ហបុរី និង​ក្រុម Saigon របស់វៀតណាម។ ពូល​នេះ​ត្រូវ​ប្រកួត​នៅ​សិង្ហបុរី។ ​

អរគុណ ដល់​លោក Hortencio Sanchez ដែល​បាន​ប្រែសម្រួល​អត្ថបទ​នេះ​ពី​ភាសា Tetum ទៅ​ជា​ភាសា​អង់គ្លេស ដល់​ក្រុម​ការងារ«ត្រយង» យើង៕

Share.