សិល្បៈជាតិ​៖ សម្រាប់​អ្នក​គាំទ្រ​របស់​ ងួន ចាន់ដេវីត សុទ្ធ​តែ​ដឹង​គ្រប់ៗ​គ្នា​ថា​តារា​រូប​នេះ​គឺជា​បងប្រុស​ម្នាក់​​ដែល​ស្រលាញ់​ប្អូន​ស្រី​ជាទីបំផុត​ ព្រោះ​លោក​គឺជា​អ្នក​ដែល​ផ្ចុងផ្ដើម​ប្អូន​ស្រី​លើ​ការ​សិក្សា​ទាំង​ស្រុង​។ ទីបំផុត​ការ​ខិតខំ​របស់​លោក​មិន​​ចោល​ជា​អាសាបង់​នោះ​ឡើយ ព្រោះ​ប្អូន​ស្រី​លោក​បាន​បញ្ចប់​ការ​សិក្សា​យក​បរិញ្ញាបត្រ​ជូន​គ្រួសារ​ ជំនួស​លោក​ ដែល​ត្រូវ​បោះបង់​ចោល​ទាំង​កណ្ដាល​ទី​ដោយ​សារ​បញ្ហា​ជីវភាព​។

សូមអាន៖ G-Devith ប៉ាវ​ឱ្យ​មហាជន​ទៅ​ទស្សនា​ភាពយន្ត​ «​ទេព​ហត្ថា​» ឥត​គិត​ថ្លៃ​មួយ​ Hall​ ពេញ​នៅ​ថ្ងៃ​នេះ​!

ថ្មីៗ​នេះ​ ប្អូន​ស្រី​របស់​ ជី ដេវីត គឺ​​កញ្ញា ងួន ចាន់ដារីយ៉ា បាន​បង្ហោះ​ចែក​រំលែក​ដំណឹង​ល្អ​របស់​ខ្លួន​ ដោយ​កញ្ញា​ បាន​ឱ្យ​ដឹងថាកញ្ញា​​ទទួល​​​សញ្ញាបត្រ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ពី​សកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។

មិន​ត្រឹម​តែ​សាមី​ខ្លួន​នោះ​ទេ​ដែល​រីករាយ​ចំពោះ​លទ្ធផល​សម្រេច​បាន​របស់​ខ្លួន​ ប៉ុន្តែ​បងប្រុស​ដែល​ជា​អ្នក​នៅ​ពីក្រោយ​សមិទ្ធិផល​ដ៏​ជោគជ័យ​មួយ​ក្នុង​ជីវិត​ប្អូន​ស្រី​ក៏​បាន​បង្ហាញ​ពី​ទំហំទឹក​ចិត្ត​របស់​ខ្លួន​ក្នុង​នាម​ជា​បងប្រុស​ម្នាក់​ដែរ​ថា​៖ «ក្នុង​ថ្ងៃ​នេះ​ ប្អូន​ស្រី​របស់​ខ្ញុំ​បាន​ទទួល​សញ្ញាបត្រ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​មហាវិទ្យាល័យ​បុរាណ​វិទ្យា ឯកទេស​ បុរាណ​វិទ្យា​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​។ ក្ដី​ស្រមៃ​របស់​ខ្ញុំ​កាល​ពី​១២​ ឆ្នាំ​មុន​ ត្រូវ​បាន​សម្រេច​ជា​ច្រើន​នៅ​ក្នុង​ឆ្នាំ​នេះ​។ ខ្ញុំ​ត្រូវ​កំណត់​គោលដៅ​ថ្មី​ទៀត​សម្រាប់ជំនាន់​ក្រោយ។ ក្នុង​នាម​ខ្ញុំ​ ជា​បងប្រុស​ ជា​ឪពុកម្ដាយ​ផង​ I’m so Proud of you my Dariya»។

តាម​រយៈ​សំណេរ​រៀបរាប់​ខាង​លើ​​ធ្វើ​ឱ្យ​មនុស្ស​ដែល​ធ្លាប់​មាន​អគតិ​លើ​តារា​ចម្រៀង​រូប​នេះ​ចាប់​ផ្ដើម​បែរ​មក​គិត​ថា​បុរស​ដែល​មើល​ទៅ​ប្រៀបដូច​ជា​ Playboy ប៉ុន្តែ​តាម​ពិត​​លោក​គឺជា​បុរស​ម្នាក់​ដែល​មាន​បេះដូង​ទន់ភ្លន់​ និង​គួរ​ឱ្យ​គោរពស្រលាញ់​ជា​ទីបំផុត​ ព្រោះ​តាម​រយៈការ​រៀបរាប់​នា​ពេល​កន្លង​មក​ ពី​មនុស្ស​នៅជុំវិញ​ខ្លួន​លោក ​ដូច​ជា​ហ្វេន​របស់​លោក​បាន​ឱ្យ​ដឹង​ថា​ ជី ដេវីត​ បាន​លះបង់​ច្រើន​យ៉ាង​ណាស់​ដើម្បី​គ្រួសារ​ និង​ប្អូន​ស្រី​របស់​ខ្លួន​ ហើយ​លោក​ក៏​មិន​ដែល​រួញរា​ក្នុង​ការ​ជួយ​ដល់​អ្នក​ដែល​ត្រូវ​ការ​ឱ្យ​លោក​បោះ​ដៃ​ទៅជួយ​នោះ​ដែរ។

ម្ចាស់​បទ​ «មហានគរ» ដែល​កំពុង​តែ​ Viral ខ្លាំង​នៅលើ Youtube ពិត​ជា​​ទទួល​បាន​ជោគជ័យ​ច្រើន​យ៉ាង​ណាស់​នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ​ គ្រួសារ​ប្រពន្ធ​កូន មាន​សុភមង្គល​ ចំណែក​បទ​ចម្រៀង​ក៏​មាន​ការ​ពេញ​និយម​ខ្លាំង​ អាច​ចាត់​ទុក​ថា​ជោគជ័យ​ផ្ទួន​ៗ​សម្រាប់​តារា​រូប​នេះ​៕

Share.